ស្វាយរៀងៈ យ៉ាងហោច​ណាស់​កម្មករកម្ម​ការិនី​ ២ នាក់​បាន​ស្លាប់ ​និង​ចំនួន​ជាង ​៣០ នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល​ពី​ម្សិល​មិញ ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ ដោយសារ​ក្រឡាប់​រថយន្ត ​នៅ​ភូមិ​កំពង់​រទេះ ​ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ​ខេត្ត​ស្វាយ​រៀង ​ដោយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ ខណៈដែល​អាជ្ញាធរ​បាន​បញ្ជូន​អ្នករងរបួស​ទាំងនោះ​ទៅ​មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ​បន្ទាន់។

លោក ហាស់ ប៊ុន​ធី ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ស្វាយរៀង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីម្សិលមិញថា ​កម្មករ​កម្ម​ការិនី​រោងចក្រ​យូ​លី ​ចំនួន ២ នាក់​បាន​ស្លាប់​ ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីតាំង​ខាងលើ ​នៅ​ម៉ោង​ប្រហែល ​៧:១០​ នាទី​ព្រឹក​ថ្ងៃទី ៣០ ​ខែ កក្កដា ​នេះ។ ​ទី១ ឈ្មោះ​ រ៉ន ស្រីអូន ​ភេទ​ស្រី ​បម្រើ​ការងារ​នៅ​រោងចក្រ​ យូ​លី ​និង​ទី២ ឈ្មោះ​ គង់ ចន្ធី ​ភេទ​ប្រុស ​បម្រើ​ការងារ​នៅ​រោងចក្រ​ យូ​លី​ជាមួយ​គ្នា។ ចំណែក​កម្មករកម្ម​ការិនី​ចំនួន​ ៣១ នាក់​ផ្សេង​ទៀត​ បាន​រងរបួស​ធ្ងន់​ និង​ស្រាល។

លោក​ប្រាប់ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​ដោយសារ​រថយន្ត​កូរ៉េ​ ១ គ្រឿង ​ដឹក​កម្មករ​និយោជិត​បើកបរ​ក្នុង​ល្បឿន​លឿន ​ហើយ​ជាន់​ ហ្រ្វាំង​ខ្លាំងពេក ​មិន​បាន​ប្រយ័ត្ន​ក៏​បោក​ក្រឡាប់​ទៅ​ម្ខាង​ថ្នល់​ទៀត។ ជន​រងគ្រោះ​របួស​ធ្ងន់​ចំនួន​ ១៥ នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ និង​​ ១៦ នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង។

លោក ​ប៊ុន​ធី ​បញ្ជាក់ថា​៖ «ឥឡូវនេះ​ យើង​មាន​ភ្នាក់ងារ​ប្រចាំការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ទាំង ២ ​និង​មន្ត្រី​បុគ្គលិក​ ប.ស.ស.​ ខេត្ត​ស្វាយរៀង​យើង​កំពុង​ជួយ​សម្របសម្រួល​បន្ត ​ដើម្បី​ឲ្យ​ពួកគាត់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ទាំង ២ ​ហ្នឹង។ ចំណែក​អ្នកបើកបរ​បាន​រត់ គេច​ខ្លួន ​ហើយ​សមត្ថកិច្ច​ក៏​កំពុង​តាម​ចាប់​ខ្លួន​ដែរ»។

លោក​ កែវ សុ​ភ័ណ្ឌ ​អធិការ​នគរបាល​ស្រុក​ស្វាយ​ទាប ​និង​លោក​ ឡឹក នាង ​អធិការរង​នគរបាល​ស្រុក​ស្វាយទាប​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ ខេត្ត​ស្វាយ​រៀង ​កាលពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​នៅ​ឡើយ​ទេ។

លោក ​ពុំ សុគន្ធី​ តំណាង​កម្មករ​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ប្រចាំ​នៅ​រោងចក្រ ​យូ​លី ​នៅ​ខេត្ត​ស្វាយរៀង ​បាន​ថ្លែង​ថា​ មុនពេល​កើតហេតុ ​ក្រុម​កម្មករ​កម្មការិនី​ធ្វើ​ដំណើរ​ទៅធ្វើ​ការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ សាន តុង ​ដោយ​ជិះ​រថយន្ត​ដូច​សព្វ​មួយ​ដង។ ពេល​មក​ដល់​ចំណុច​កើតហេតុ ​អ្នកបើកបរ​រថយន្ត​បាន​បើក​វ៉ា​ម៉ូតូ​ ១ គ្រឿង​ ក្នុង​ល្បឿន​លឿន​ ហើយ​គ្រប់គ្រង​ល្បឿន​មិនបាន​ក៏​រេ​ចង្កូត​ទៅ​ផ្លូវ​ម្ខាង​​បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង។

លោក​ថា​៖ «អ្នក​បើកបរ​រថយន្ត​កូរ៉េ​ខាងលើ​ហ្នឹង ​គាត់​ទើបតែ​ចេះ​បើក​បរ​បាន​ ១ ថ្ងៃ ​គឺ​មិនទាន់​ស្ទាត់​ជំនាញ​នៅ​ឡើយ​ ប៉ុន្ដែ​កន្លងមក​គាត់​ធ្លាប់បាន​បើក​បរ​ត្រាក់ទ័រ ​ហើយ​គាត់​ក៏​មក​ដឹក​ជញ្ជូន​កម្មករ​កម្មការិនី​នៅ​ព្រឹក​ថ្ងៃនេះ ​(ម្សិល​មិញ)។ អ៊ីចឹង​ គឺ​ទើបតែ​ជា​លើកដំបូង​ប៉ុណ្ណោះ។ ពេល​គ្រោះថ្នាក់​នោះ​ គាត់​បាន​រត់គេច​ខ្លួន​បាត់ ​ប៉ុន្ដែ​គាត់​ក៏មាន​របួស​តិចតួច​ដែរ ​គ្រាន់​តែ​អាច​រត់​គេច​បាន»។

លោក ​ចាន់ ដា​រ៉ា ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ​កាលពី​ម្សិលមិញ ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​កម្មករ​ទាំង​នោះ​បាន​ទេ។

​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ឧបទ្ទវ​ហេតុគ្រោះថ្នាក់​ចរាចរណ៍​របស់​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ ម្សិលមិញ​បង្ហាញ​ថា ​ក្រសួង​បាន​ទទួល​ដំណឹង​ថា ​មាន​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដោយ​រថយន្ត​ដឹក​កម្ម​ករ​និ​យោ​ជិ​ត​បើកបរ​ជាន់​ ហ្រ្វាំង​ខ្លាំងពេក​ បណ្ដាល​​​ឲ្យ​ក្រឡាប់​ទៅ​ម្ខាង​ថ្នល់នៅ​ទីតាំង ​និង​ពេលវេលា​ខាងលើ ​បណ្ដាល​ឲ្យ​កម្មករកម្ម​ការិនី​និយោជិត​រងរបួស​សរុប​ចំនួន ​៣៣ នាក់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ ២ នាក់​។

ក្រសួង​បន្តថា ​ជនរងគ្រោះ​ទាំងអស់ ​បានទទួល​ការ​ជួយ​សង្គ្រោះ​​យ៉ាង​យកចិត្ត​ទុកដាក់​ពី​សំណាក់​អាជ្ញាធរ ​និង​មន្ត្រី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម ​(ប.ស.ស)។

ក្រសួង​ការងារ​បញ្ជាក់ថា​៖ «ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ​នឹង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន​កម្មការិនី ​និង​ក្រុមគ្រួសារ​ទៅតាម​គោល​របប​សន្ដិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម»។

លោក ហ៊ឹម យ៉ាន ​អគ្គ​ស្នងការរង​នគរ​បាល​ជាតិ បាន​ថ្លែង​ក្រោយ​ចប់​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​សុវត្ថិ​ភាព​ចរាចរណ៍​លើ​មធ្យោ​បាយ​ដឹកជញ្ជូន​ប្រាប់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី​ ២៦​ កក្កដា ​ថា ​ក្នុង​ឆមាស​ទី១ ​នេះ​ ចំនួន​កម្មករ​​គ្រោះថ្នាក់​កើនឡើង​ដល់​ ៣១​ ភាគរយ ​នៃ​ចំនួន​គ្រោះថ្នាក់​សរុប​ដែល​ឆ្នាំ​មុនៗ​មានតែ ១៧ ភាគរយ​​ប៉ុណ្ណោះ។

លោក​បន្តថា កត្តាគ្រោះថ្នាក់​របស់​កម្មករ គឺជា​គោលដៅ​សំខាន់​មួយ ត្រូវតែ​យកចិត្តទុកដាក់​ខ្លាំង​បំផុត ព្រោះ​ពួក​គាត់​ភាគច្រើន​បាន​ងាក​មកប្រើប្រាស់​មធ្យោ​បាយ​ផ្ទាល់ខ្លួន។ ​មួយចំនួន​នៅ​បន្ត​ជិះ​រថយន្ត ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរា​ចរ​ណ៍ ឬ​ធ្វើ​ឲ្យ​ផ្លូវ​មាន​ភាព​មមាញឹក ​ហើយក៏​ធ្វើ​ឲ្យ​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​ដែរ។

លោក ​ហ៊ឹម យ៉ាន បានបញ្ជាក់ថា​៖​ «យើង​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ទៅកាន់​កម្មករ ​និង​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ ឲ្យ​បាន​យល់​ពី​ច្បាប់ និង​ការបើក​បរបាន​ត្រឹមត្រូវ។ អ៊ីចឹង​ យើង​ចង់​ឲ្យ​គាត់​យល់ថា​ ការ​បើកបរ ​គឺជា​ការទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ គឺ​ទទួល​ខុសត្រូវ​លើ​ជីវិត​មនុស្ស ​ទទួល​ខុសត្រូវ​ខ្លួនឯង ​និង​ចំពោះមុខ​ច្បាប់។ ក្រៅពីនេះ ​យើង​បន្ត​រឹតបន្ដឹង​ច្បាប់​ និង​បើក​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​នានា​បន្ថែម»៕