សៀមរាបៈ កម្មករ​រោងចក្រ ផេកធីក នៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ចំនួន​ ៣៨៥ ​នាក់​បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​សុំ​កិច្ចអន្តរាគមន៍​ដែល​ពួកគេ​ទាមទារ​ឱ្យ​ភាគី​ថៅកែ​រោងចក្រ​ទទួល​យក​តំណាង​សហជីព​ចំនួន​ ២ ​នាក់​ចូល​ធ្វើការ​វិញ​។

ក្រុមកម្មករ​រោងចក្រ​ផេកធីក (​ខេមបូឌា​) ​ខូអិលធីឌី​ចំនួន​ ៣៨៥ ​នាក់ ​ក្នុង​ចំណោម​កម្មករ​ប្រមាណ​ ៤០០ ​នាក់ ​បាននាំគ្នា​ចេញ​តវ៉ា​តាំងពី​ថ្ងៃទី​ ២៨ ​ខែសីហា ដើម្បី​ទាមទារ​ឱ្យ​រោងចក្រ​ទទួល​យក​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​ម្នាក់​ឈ្មោះ ម៉េត រ៉ាត និង​សកម្មជន​សហជីព​រោងចក្រ​ម្នាក់ទៀត​ឈ្មោះ ពឹង ទាវ ឱ្យ​ចូល​ធ្វើការ​វិញ ព្រមទាំង​សង​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ឱ្យ​ពួកគេ​ចាប់ពី​ថ្ងៃ​បញ្ឈប់​ដល់​ថ្ងៃ​ចូលធ្វើការ​វិញ​។

លោក​ ម៉េត រ៉ាត ប្រធាន​សហជីព​ឯករាជ្យ សាមគ្គី​និយោជិត​នៃ​រោងចក្រ​ផេកធីក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ការតវ៉ា​នៅខាងមុខ​រោងចក្រ​នេះ​នៅតែ​បន្តធ្វើ​ឡើង​ថ្វី​ដ្បិត​មានការ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ក្ដី​។ លោក​ថា​៖ «​ចំពោះ​កូដកម្ម​យើង​នៅតែ​បន្ត​ធ្វើ​ហើយ​ការដាក់​ញត្តិ​ហ្នឹង គឺ​ដើម្បី​ឱ្យ​មាន​ការជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ឱ្យបាន​កាន់តែ​ឆាប់​»​។

លោក​បន្តថា មូលហេតុ​ដែល​លោក និង​សកម្មជន​សហជីព​ម្នាក់​ត្រូវបាន​បញ្ឈប់​ពី​ការងារ​កាលពី​ថ្ងៃទី​ ៦ ​មិថុនា បន្ទាប់ពី​លោក​បាន​ចែករំលែក​បន្ត​នូវ​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​ ២៨ ​ខែ​ឧសភា ​ដែល​ខាង​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បង្ហោះ​នៅលើ​ផេកហ្វេសប៊ុក​អំពី​ការព្យួរការងារ​របស់​បុគ្គលិក​នៅក្នុង​រោងចក្រ​។

លោក​បន្តថា ខាង​ក្រុមហ៊ុន​បាន​បញ្ឈប់​ការងារ​បុគ្គលិក​ជាង​ ៨០ ​នាក់ ​ដែល​ជា​បុគ្គលិក​បំពេញ​ការងារ​នៅ​វេន​យប់​ហើយ​បុគ្គលិក​ទាំងនោះ​បានមក​ពឹងពាក់​រូបលោក ដែល​ជា​ប្រធាន​សហជីព ដើម្បី​តវ៉ា​ទៅ​ក្រុមហ៊ុន​ឱ្យ​ព្យួរការងារ​ជំនួស​វិញ​។

លោក​ថា​៖ «​ដើមហេតុ​ហ្នឹង​នៅក្នុង​អំឡុង​កូវីដ​១៩​ហ្នឹង​ពួកខ្ញុំ​ទាមទារ​កុំឱ្យ​បញ្ឈប់​កម្មករ ហើយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ព្យួរការងារ​កម្មករ​ទៅ ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុន​សម្រេច​យ៉ាង​ដាច់អហង្ការ​តែម្ដង​»​។

ទោះជា​យ៉ាងណា​លោកស្រី ធឹម ថាវី ​ប្រធាន​រដ្ឋបាល​រោងចក្រ​បានលើកឡើង​ថា ការបញ្ឈប់​ការងារ​តំណាង​សហជីព​ទាំង​ ២ ​នាក់​នេះ ដោយសារ​ពួកគេ​ប្រព្រឹត្ត​ខុស​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​។ លោកស្រី​បន្តថា លោក ម៉េត រ៉ាត ធ្លាប់បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​នៅក្នុង​ក្រុមហ៊ុន​អំឡុង​ម៉ោង​ការងារ​ដោយបាន​បំពាន​ទៅលើ​រាងកាយ​កម្មករ​ស្ដ្រី​។

ក្រោយមក​ទៀត​លោក ម៉េត រ៉ាត ​និង​សកម្មជន​សហជីព​លោក ពឹង ទាវ ​បាន​យក​រឿង​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន បញ្ចេញ​ទៅ​ឱ្យ​សហជីព​ខាងក្រៅ រហូត​ធ្វើឱ្យ​មាន​ការប្ដឹង​ក្រុមហ៊ុន​ទៅ​មន្ទីរ​ការងារ និង​យកមក​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​ក្រុមហ៊ុន​បាន​អនុវត្ត​ការព្យួរ​បុគ្គលិក​ខុស​នីតិវិធី​ច្បាប់​ទាំង​ដែល​មន្ទីរ​ការងារ​មិនទាន់​កោះ​ហៅ​ក្រុមហ៊ុន​ទៅ​ឆ្លើយ​បំភ្លឺ​នៅឡើយ​។

លោកស្រី​ថា​៖ «​វា​ជា​ចេតនា​មួយ​ធ្វើឱ្យ​ក្រុមហ៊ុន​ខូច​កេរ្តិ៍ឈ្មោះ ព្រោះ​ក្រុមហ៊ុន​របស់​យើង​មាន​អតិថិជន​នៅ​ខាងក្រៅ​ស្រុក ដែល​បង្ហោះ​ដាក់ឈ្មោះ​ក្រុមហ៊ុន​ចំៗ​ទាំង​អក្សរ​អង់គ្លេស​ និង​ខ្មែរ ថា​ក្រុមហ៊ុន​អនុវត្ត​ខុស​នីតិវិធី​ក្នុង​ការព្យួរ​បុគ្គលិក​។ កំហុស​របស់គាត់​គឺមាន​ ២ ​ហ្នឹង ហើយ​យើង​មិន​បាន​បញ្ឈប់​គាត់​ដោយសារ​ការរើសអើង​នោះទេ ក្រុមហ៊ុន​អនុវត្ត​វិន័យ​ដោយ​ស្មើភាព​គ្នា​ទាំងអស់​»​។

លោកស្រី ធឹម ថាវី បន្ថែមទៀត​ថា ចំពោះ​ក្រុមកម្មករ​ដែល​ចេញ​តវ៉ា​គឺ​ដោយសារ​ពួកគេ​មិនបាន​យល់​ឱ្យ​ច្បាស់​អំពី​មូលហេតុ និង​ជឿ​តាម​ការបញ្ចុះ​បញ្ចូល ខណៈ​ក្រុមហ៊ុន​នឹង​មិនអាច​ទទួលយក​តំណាង​សហជីព​ទាំង​ ២ ​នេះ​វិញ​ឡើយ ព្រោះ​វា​នឹង​ធ្វើឱ្យ​ច្បាប់​ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​លែងមាន​ប្រសិទ្ធភាព និង​មាន​ភាពអយុត្តិធម៌​ចំពោះ​បុគ្គលិក​ផ្សេងទៀត ដែល​ក្រុមហ៊ុន​ធ្លាប់​បញ្ឈប់​ដោយសារ​អនុវត្ត​ខុស​បទបញ្ជាផ្ទៃក្នុង​។

ក្រុមកម្មករ​បាន​ទាមទារ​ ៣ ​ចំណុច​ទៅខាង​ភាគី​រោងចក្រ គឺ​សូម​ឱ្យ​តំណាង​សហជីព​ចូលធ្វើ​ការងារ​វិញ ទាមទារ​ប្រាក់​ឈ្នួល​គោល​ ១៩០ ​ដុល្លារ ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ និង​ទាមទារ​ប្រាក់​រំឭក​អតីតភាព​ការងារ​មុន​ឆ្នាំ​ ២០១៩ ហើយ​ការទាមទារ​ ២ ​ចំណុច​ខាងក្រោម​ត្រូវ​បាន​ថៅកែ​រោងចក្រ​សម្រេច​ទទួលយក​ដើម្បី​អនុវត្ត​។

កាលពី​ថ្ងៃ​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​បានទេ ដោយសារ​ទូរស័ព្ទ​លោក​មិនមាន​អ្នកទទួល​។

កម្មការិនី​ម្នាក់​ឈ្មោះ​ ចាន់ វន្នី ដែល​ចូលរួម​តវ៉ា​បាន​លើកឡើង​ថា​ការតវ៉ា​សុំឱ្យ​តំណាង​សហជីព​ទាំង​ ២ ​នាក់​ចូលធ្វើការ​វិញ ពីព្រោះ​មូលហេតុ​ខាង​រោងចក្រ​បាន​បញ្ឈប់​ពួកគាត់ ហាក់​មិន​មាន​ភាពច្បាស់លាស់​ហើយ​ការលេងសើច​ប៉ះ​ដៃជើង​ជាមួយ​កម្មករ​ជា​នារី​របស់​លោក ម៉េត រ៉ាត ក៏​ភាគី​នារី​មិនបាន​ប្រកាន់​និង​បាន​ប្ដឹង​លោក​ឡើយ​៕