ភ្នំពេញៈ កម្មករ-កម្មការិនី​កាត់ដេរ​ដែល​កំពុង​បម្រើការ​នៅក្នុង​រោងចក្រ Green Meadow Development ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ប្រមាណ​ ៣៩ ​នាក់​ក្នុង​នោះ​មាន​ប្រុស​ ២ ​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​កាលពី​ម្សិលមិញ ខណៈ​ពួកគេ​កំពុង​បំពេញ​ការងារ​ដែល​មូលហេតុ​សង្ស័យ​បណ្ដាល​មកពី​ការ​ភ័យ​ខ្លាំងពេក​នៅ​ពេល​ជនរងគ្រោះ​បាន​ឮ​សម្រែក​សំឡេង​ខ្លាំងៗ​របស់​បុគ្គលិក​អ្នក​បកប្រែ​ភាសា​ចិន​ម្នាក់​។

លោក វ៉ន សារឿន នាយប៉ុស្តិ៍​នគរបាល​សង្កាត់​ពងទឹក​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កម្មករ​ត្រូវ​បាន​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍ចិនតុង និង​មណ្ឌល​សុខភាព​ពងទឹក​។

បើ​តាម​លោក វ៉ន សារឿន កម្មករ-កម្មការិនី មាន​ការ​ភ័យខ្លាច​ខ្លាំង​​ដោយសារ​តែ​បុគ្គលិក​អ្នក​បកប្រែ​ភាសា​ចិន​ម្នាក់​ស្រែក​ឡូឡា​នៅក្នុង​​រោងចក្រ​ដែល​មាន​កម្មករ-កម្មការិនី​ធ្វើការ​ចំនួន​ ១ ២២៨ នាក់​។

លោក​បាន​បញ្ជាក់​ថា​៖ «​អ្នកបកប្រែ​ត្រូវ​បាន​គេ​ហៅ​សួរ​ដោយសារ​គាត់​បកប្រែ​លើស​ពាក្យ ហើយ​គាត់​បាន​​យក​ដៃ​ទៅ​កៀកក និង​ដាក់​លើ​ស្មា​កម្មការិនី​ម្នាក់​...​ដល់​ពេល​អ៊ីចឹង​ទៅ​គេ​ក៏​បាន​ប្រាប់​ទៅ​កាន់​ខាង​រដ្ឋបាល​ហើយ​ក៏​មាន​ការ​ហៅ​អ្នក​ស្រែក​នោះ​​ទៅ​ណែនាំ​។ ប៉ុន្តែ​បុគ្គល​ហ្នឹង​អត់​ព្រម​ចូល​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ដើរ​អុកឡុក​ និង​ស្រែក​ឡូឡា​ក្នុង​រោងចក្រ​បង្ក​ឱ្យ​ក្រុម​កម្មករ-កម្មការិនី​ភ័យ​ក៏​សន្លប់​បន្ដបន្ទាប់​តែ​ម្ដង​។ ​គាត់​ភ័យ​តគ្នា​សូម្បី​តែ​អ្នក​នៅ​ក្រៅ​ក៏​ដួលសន្លប់​ដែរ​»​។

លោក អ៊ុក ណារិទ្ធ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ពោធិ៍ចិនតុង​បាន​ថ្លែង​ថា​កម្មករ-កម្មការិនី ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​លោក​ចំនួន​ ១៣ ​នាក់ ហើយ​នៅពេល​គ្រូពេទ្យ​សួរ​ព័ត៌មាន ពួកគេ​ប្រាប់​ថា​ការ​សន្លប់​នេះ​ដោយសារ​​ភ័យ​នឹង​សំឡេង​ស្រែក​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគាត់​ប្រាប់​យើង​ថា គាត់​ឮ​សំឡេង​ស្រែក​អ៊ីចឹង​ទើប​ធ្វើឱ្យ​គាត់​ភ័យ ហើយ​គាត់​ក៏​មាន​ការ​ភ័យ​តគ្នា​អ៊ីចឹង​ទៅ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ពួកគាត់​មាន​អាការ​ប្រហាក់​ប្រហែល​គ្នា​ដោយ​ភ័យ​ថប់​ដង្ហើម ណែន​ទ្រូង ហើយ​យើង​បាន​ផ្តល់​សេរ៉ូម​ឱ្យ​គាត់​។ គាត់​អាច​ត្រឡប់​ទៅ​ធ្វើការ​ថ្ងៃ​ស្អែក​បាន ប៉ុន្តែ​បើ​មាន​អាការ​ប្រែប្រួល​យ៉ាង​ដូចម្តេច ខ្ញុំ​អត់​ដឹង​ទេ​»៕