ភ្នំពេញៈ កម្មករចំនួន ៩៨ នាក់ដែលកំពុងតស៊ូសមរភូមិផ្លូវច្បាប់ ដើម្បីប្រាក់ឈ្នួលដែលជំពាក់ពួកគេ បន្ទាប់ពីនិយោជករបស់ពួកគេរត់គេចចេញពីប្រទេស បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ចៅក្រមដែលសម្រេចផ្តល់ ប្រាក់មួយភាគធំនៃប្រាក់ដែលទទួលបានពីការលក់ឡាយឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទៅម្ចាស់ដីរោងចក្រកាលពីថ្ងៃពុធ។
ការប្តឹងឧទ្ធរណ៍នេះគឺជាដំណើរវិវត្តន៍ថ្មីៗបំផុតនៅក្នុងដំណើររឿងជិត ២ ឆ្នាំរបស់រោងចក្រ Co-Seek Garment Co, Ltd, ជារបស់ជនជាតិចិនដែលអតីតកម្មកររោងចក្រនេះនិយាយថា ពួកគេម្នាក់នៅត្រូវបានជំពាក់ប្រាក់ខែពី ២០០ ទៅ ៣០០ ដុល្លារព្រមទាំងប្រាក់បំណាច់ប្រមាណ ៨០០ ដុល្លារទៀត។
តាមការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង កាលពីខែមុនកម្មករនឹងទទួលបានប្រាក់ ៧០០០ ដុល្លារនៃចំនួនប្រាក់ ៣៥០០០ ដុល្លារពីការលក់សម្ភារ និងទ្រព្យសម្បត្តិរោងចក្រ ហើយចំនួនដែលនៅសល់បានទៅម្ចាស់ដីរោងចក្រលោក សួរ សារិទ្ធិ បើទោះបីជាមាត្រា ១២១ រហូតដល់មាត្រា ១២៥ នៃច្បាប់ស្តីពីការងារនិយាយថា សំណងកម្មករត្រូវដោះស្រាយមុនម្ចាស់បំណុលផ្សេងៗទៀតក្នុងករណីរោងចក្រមួយត្រូវជម្រះបញ្ជី។
អតីតកម្មការិនីនៃរោងចក្រ Co-Seek ម្នាក់ឈ្មោះ ហន សេងហន បានថ្លែងថា សំណុំរឿងតុលាការដែលអូសបន្លាយជាយូរមកហើយនេះបានបណ្តាលឲ្យមានបញ្ហាហិរញ្ញវត្ថុសម្រាប់កម្មករ នៅពេលពួកគេបានដឹងថារោងចក្រនេះបានបិទទ្វារកាលពីខែសីហាឆ្នាំ ២០១៦។
អ្នកនាងថ្លែងថា៖ «ពួកគេមិនទាន់បើកប្រាក់ខែឲ្យកម្មករនៅឡើយដោយសារពួកគេនិយាយថា ម្ចាស់ដី សុំបំបែកលុយ។ តុលាការនៅមិនទាន់ធ្វើសេចក្តីសម្រេចផ្លូវការនៅឡើយទេ»។
លោក លាង ដែលជាចៅក្រមនៅក្នុងសំណុំរឿងនេះបានបដិសេធធ្វើអត្ថាធិប្បាយចំពោះសេចក្តីសម្រេចរបស់លោក ឬហេតុអ្វីសំណុំរឿងនេះចំណាយពេលយូរក្នុងការដោះស្រាយ។ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ។
ទោះយ៉ាងណាក្តី ជា ភារ៉ា មេធាវីរបស់លោក សារិទ្ធិ បានការពារសេចក្តីសម្រេចរបស់ចៅក្រមដោយអះអាងថាលោក សារិទ្ធិ បានចំណាយប្រាក់ជាង ៥០០០០ ដុល្លារសងសំណងដល់អតីតកម្មកររោងចក្រ Co-Seek ប្រមាណ ៣០០ នាក់ដែលជាកម្ចីទៅឲ្យរោងចក្រដែលនឹងត្រូវសងវិញនៅពេលក្រោយ។
លោក ភារ៉ា បានថ្លែងថា៖ «វាមិនមែនជាទម្រង់នៃការជិះជាន់កម្មករទេ»។ «ម្ចាស់ដីគ្រាន់តែសុំយកប្រាក់វិញដែលគាត់បានបើកឲ្យកម្មករ ៣៣១ នាក់ដោយសារគាត់ភ័យខ្លាចថា កម្មករនឹងធ្វើបាតុកម្ម និងការតវ៉ានៅពេលនិយោជករត់ចោលរោងចក្រ ហើយវាអាចធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ»។
ការផ្តល់ឲ្យរបស់លោក សារិទ្ធិ ចំនួន ១៤០ ទៅ ១៦០ ដុល្លារត្រូវបានច្រានចោលដោយកម្មករ ៩៨ នាក់ដែលនៅកំពុងជាប់នៅក្នុងសំណុំរឿងតុលាការនៅឡើយ។ ឥឡូវនេះពួកគេប្រឈមមុខនឹងលទ្ធភាពនៃការទទួលបានជាង ៧០ ភាគរយក្នុងម្នាក់តាមការសម្រេចរបស់តុលាការ។
ប្រាក់ចំនួន ៣៥០០០ ដុល្លារឥឡូវនេះត្រូវបានតម្កល់នៅធនាគារជាតិ ខណៈតុលាការកំពុងបន្តដំណើរការក្តី។
លោក Bent Gehrt ប្រធានសមាគមសិទ្ធិកម្មករប្រចាំអាស៊ីអាគ្នេយ៍ថ្លែងថា ការទាមទាររបស់ម្ចាស់ដី គឺមិនមែនជាអាទិភាពទេ ដោយចង្អុលបង្ហាញថា ច្បាប់ចែងថា កម្មករនឹងត្រូវសងមុនអ្នកដទៃៗទៀត។
លោក Gehrt បានថ្លែងបញ្ជាក់ថា៖ «ការទាមទាររបស់កម្មករគឺនៅតែជាអាទិភាពមុនគេ»។
ក្រៅពីអ្នកបញ្ជាទិញម៉ាក Zara កម្មកររោងចក្រ Co-Seek ក៏ផលិតសម្លៀកបំពាក់ឲ្យអ្នកបញ្ជាទិញ GU ផងដែរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុនឈ្មោះ Fast Retailing។
ក្រុមហ៊ុន Inditex ដែលជាម្ចាស់ម៉ាក Zara និងជាក្រុមហ៊ុនម៉ូតធំបំផុតក្នុង ពិភពលោកមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយជាច្រើនដង។
លោក Gary Conway ដែលជាអ្នកនាំពាក្យរបស់ក្រុមហ៊ុន Fast Retailing ថ្លែងថា ក្រុមហ៊ុននេះទិញពីរោងចក្រ Co-Seek មិនដល់មួយឆ្នាំទេពីឆ្នាំ ២០១៤ ដល់ ២០១៥។
លោកបានថ្លែងតាមអ៊ីមែលថា៖ «ចាប់តាំងពីពេលនោះមក យើងមិនមានទំនាក់ទំនងអាជីវកម្មជាមួយរោងចក្រ Co-seek Garment ទៀតទេ»។ «ដោយសារបញ្ហានេះគឺកើតមានពីខែសីហាឆ្នាំ ២០១៦ វាយូរហើយចាប់តាំងពីយើងឈប់ធ្វើការជាមួយរោងចក្រ Co-seek»។
លោក Gehrt បានអំពាវនាវឲ្យអ្នកបញ្ជាទិញពីរោងចក្រនេះចូលរួមដោះស្រាយ។ «ម៉ាកជាច្រើនដទៃៗទៀតរួមមាន Nike, Adidas, Fruit of the Loom និង Gap នាប៉ុន្មានឆ្នាំថ្មីៗនេះបានផ្តល់សំណងប្រាក់បំណាច់ដល់កម្មករដែលជំពាក់ដោយអ្នកផ្គត់ផ្គង់របស់ពួកគេ»៕ PS