កំពង់ចាមៈ កម្មករនៅរោងចក្រ Angkor Flywood ក្នុងស្រុកកំពង់សៀម នឹងវិលចូលធ្វើការវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីនិយោជករបស់ពួកគេព្រមទទួលយកលក្ខខណ្ឌ ៨ ចំណុច ក្នុងចំណោម៩ចំណុចដែលពួកគេបានទាមទារ។
លោក សុខ គីន អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានថ្លែងកាលពីម្សិលមិញថា កម្មករជាង ៣០០ នាក់បានធ្វើការតវ៉ាទាមទារ ៩ ចំណុចពីនិយោជក តាំងពីថ្ងៃពុធសប្តាហ៍មុនមក ហើយការចរចារវាងសហជីព តំណាងកម្មករ និងតំណាងរោងចក្រ បានឈានដល់ការព្រមព្រៀងលើ ៨ ចំណុចកាលពីម្សិលមិញ។ លោកបន្តថា៖«កម្មករនឹងវិលត្រឡប់ចូលធ្វើការវិញ នៅថ្ងៃស្អែក ប៉ុន្តែយើងនឹងចរចាបន្តលើចំណុចដែលនៅសល់ដែលផ្តោតលើការដំឡើង ប្រាក់ឈ្នួល។
ចំណុចទាមទារ ដែលកម្មករទទួលបាន គឺកម្មករមានផ្ទៃពោះអាចចេញមុន ១០នាទី ឈប់សម្រាក ២ ថ្ងៃ ដោយមិនកាត់ប្រាក់ឈ្នួល និងប្រាក់ធ្វើការទៀងទាត់ មិនកាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ចំពោះកម្មករ ដែលឈឺ ឬសាច់ញាតិឈឺ ឬស្លាប់។
លោកបន្តថា៖«ចំណុចដែលនៅសល់ គឺការដំឡើងប្រាក់ឈ្នួល ហើយយើងនឹងចរចានៅថ្ងៃទី ២៩ ខែកញ្ញា។ កម្មករត្រូវការ ១០០០ រៀលទៀត សម្រាប់ប្រាក់ឈ្នួល ដែលមួយថ្ងៃគឺ ៨៥០០ រៀល»។
លោកឆាយ អៅ តំណាងកម្មករ បានថ្លែងកាលពីម្សិលមិញថា នេះជាកូដកម្មលើកទី ២ ចាប់តាំងពីឆ្នាំ២០០៩ មក ព្រោះកម្មករមិនអាចទ្រាំទ្រនឹងការរំលោភសិទិ្ធដោយរោងចក្រ ដូចជា បង្ខំកម្មករឲ្យធ្វើការធ្ងន់ៗនិងបន្ថែមម៉ោងបានទេ។ លោកបន្តថា៖ «ការងាររបស់យើងពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៤ រសៀល ប៉ុន្តែកម្មករត្រូវធ្វើការថែមម៉ោង រហូតដល់ម៉ោង ៧ យប់ លើកលែងតែកម្មករឈឺខ្លាំង ឬមានបញ្ហាសំខាន់ត្រូវធ្វើ ទើបពួកគេអាចសុំចេញបាន»។
លោក ឆាយ អៅ បានបន្ថែមថា រោងចក្របានដំឡើងប្រាក់ឈ្នួលកម្មករថ្មីដែលធ្វើការបាន ៣ ខែ នោះពួកគេនឹងទទួលបានប្រាក់ ៥០០ រៀលបន្ថែមទៀត។
លោកបានបន្តឲ្យ ដឹងបន្ថែមទៀតថា៖ «យើងចង់ឲ្យនិយោជកដំឡើងប្រាក់ឈ្នួលដល់កម្មករទាំងអស់ក្នុង ចំនួនស្មើគ្នា។ យើងនឹងដឹងលទ្ធផលនៅថ្ងៃទី ២៩ កញ្ញា»។
លោក ឈីវ កេង អ្នកគ្រប់គ្រងរដ្ឋបាលនៅរោងចក្រ Angkor Flywood មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕ TK