ភ្នំពេញៈ កម្មករនៅឯរោងចក្រតុកត្តា First & Main ដែលបានបិទទ្វារទៅហើយនោះ កាលពីថ្ងៃអង្គារម្សិលមិញបានអះអាងថា ថៅកែរបស់ពួកគេបានបង្ខំឲ្យពួកគេផ្តិតមេដៃក្នុងលិខិតលាលែងដែលពួកគេ មិនបានសរសេរ ជាផែនការមួយដែលពួកគេបារម្ភថា អាចធ្វើឲ្យពួកគេ មិនអាចទទួលបានប្រាក់អត្ថប្រយោជន៍ក្រោយឈប់ពីការងារ។
កញ្ញា ម៉ិច មុំ តំណាងឲ្យកម្មករ៣៥៧នាក់នៅឯរោងចក្រដែលកាន់កាប់ដោយជនជាតិ អាមេរិកស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយថា កម្មករប្រមាណ៣០នាក់ បានបដិសេធការទទួលយកប្រាក់ខែដែលនៅសេសសល់ដែលពួកគេបានធ្វើការ ទាមទារកន្លងមក។
កញ្ញាបានបញ្ជាក់ទៀតថា៖«តំណាងក្រុមហ៊ុនបាន បង្ខំឲ្យកម្មករផ្តិតមេដៃលើលិខិតលាលែង និងបានយកកាតសម្គាល់ខ្លួននៅក្នុងរោងចក្ររបស់ពួកគេជាថ្នូរ នឹងប្រាក់»។
កញ្ញា ម៉ិច មុំ បានអះអាងបន្ថែមថា មានតែកម្មករប្រមាណ២០នាក់ទេ ដែលបានសរសេរលិខិតលាលែងរបស់ខ្លួន ដោយផ្ទាល់ ពីព្រោះពួកគេជាកម្មករដេរស៊ីភាគរយ។
ប៉ុន្តែលោក Brad Holes ដែលជាម្ចាស់ និងជានាយកប្រតិបត្តិក្រុមហ៊ុនដែលមានមូលដ្ឋាននៅ ប្រទេសអាមេរិកដែលបានបិទទ្វាររោងចក្រ កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថា គណៈគ្រប់គ្រង មិនបានបង្ខំឲ្យនរណាម្នាក់លាលែងទេ ហើយបានបើកប្រាក់ឲ្យកម្មករដែលបានមកពីការលក់ឡាយឡុងទ្រព្យ សម្បត្តិនៅក្នុងរោងចក្រ។
លោក Brad Holes បានបញ្ជាក់ទៀតថា៖ «យើងបានស្នើដល់កម្មករដោយបញ្ជាក់ថា ពួកគេបានលាលែង ដែលពួកគេបានដឹងរួចហើយ ក្នុងរបាយការណ៍របស់កញ្ញា ម៉ិច មុំ ដែល(កាសែតភ្នំពេញប៉ុស្តិ៍) បានផ្សាយ និងយោងតាមសេចក្តីជូនដំណឹងផ្សេងទៀត»។
លោក Holes បានបញ្ជាក់ថា ក្រុមហ៊ុន ចាប់តាំងពីនោះមកបានបង្ខំចិត្តបិទទ្វារជារៀងរហូតដោយសារ តែមានអុ្នកលាលែងពីការងារច្រើន ដោយខ្លាចមានកូដកម្ម និងគ្មានទំនុកចិត្តពីវិនិយោគិន។
លោក Brad Holes បាន បញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ « ប្រាក់ខែ១០០ភាគរយ ប្រាក់ធ្វើការថែមម៉ោង ប្រាក់លើកទឹកចិត្ត ។ល។ ត្រូវបានគេបើកជូន លើកលែងតែកម្មករមួយចំនួនតូច ដែលមិនបានបង្ហាញមុខនៅពេលគេបើកប្រាក់ ហើយយើង នឹងបើក(នៅថ្ងៃនេះ)»។
លោកបានអះអាងបន្តថា៖ «តាមធម្មតា មួយផ្នែកនៃប្រាក់ដែលទទួលបានក្រោយឈប់ពីការងារ ត្រូវបានគេបើកជូន រហូតដល់គ្រប់ចំនួនដែលគេប្រមូលបានពីការលក់ទ្រព្យសម្បត្តិ»។
លោក Holes បានជំទាស់នឹងការលើកឡើងថា រោងចក្រស្ទើរតែនឹងមិនអាចក្ស័យធនទេ កាលពីចុងខែសីហា បន្ទាប់ពីកម្មករបានឈប់សម្រាកពីរសប្តាហ៍ ក្រោយពីការធ្លាក់ចុះនូវការបញ្ជាទិញ ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការនេះ។
លោកបាន មានប្រសាសន៍បន្តថា៖ «ការធ្លាក់ចុះទាំងនេះ មានលើសពីការរំពឹងរបស់រោងចក្រ ដូច្នេះហើយគណៈគ្រប់គ្រង បានសន្និដ្ឋានថា វា(បណ្តាល)មកពីការបំផ្លិចបំផ្លាញដោយចេតនា និងការផ្អាកដំណើរការដោយសារតែកូដកម្ម(មួយកាលពីលើកមុន) »។
ប្រធានមជ្ឈមណ្ឌលអាមេរិកសម្រាប់សាមគ្គីការងារអន្តរជាតិ ប្រចាំប្រទេសកម្ពុជាលោក Dave Welsh បាននិយាយថា អង្គការរបស់លោក កំពុងតែជួយកម្មករដែលបដិសេធសំណើកាលពីថ្ងៃចន្ទ។
លោកបានគូសបញ្ជាក់ថា៖ «វាធ្វើឲ្យខ្ញុំមានបញ្ហា ដែលពួកគេ កំពុងតែប្រើពាក្យថា« លាលែង»។ ហើយករណីនេះបានធ្វើឲ្យលោកបានចោទជាសំណួរថា៖«តើហេតុអ្វីបាន ជាអ្នកចាំបាច់លាលែងពីរោងចក្រមួយដែលលែងដំណើរការទៅហើយនោះ?» ៕ NR