
កម្មកររោងចក្រ W&D ប្រមាណ ១ ០០០ នាក់ នៅមិនទាន់ចូលធ្វើការវិញ ដោយបារម្ភខ្លាចមានការគាបសង្កត់ និងខ្លាចមានការបញ្ឈប់ពួកគេ។ ផា លីណា
ភ្នំពេញៈ កម្មកររោងចក្រ W&D ប្រមាណ ១ ០០០ នាក់ នៅមិនទាន់ចូលធ្វើការវិញនៅឡើយទេ ដោយបារម្ភខ្លាចមានការគាបសង្កត់ និងខ្លាចមានការបញ្ឈប់ពួកគេវិញ តាមតែអំពើចិត្ត ដូចដែលធ្លាប់បានធ្វើកន្លងមកខណៈដែលភាគីរោងចក្រ ក៏នៅតែមិនព្រមទទួលយកកម្មករមួយចំនួនតូចទៀត ឲ្យចូលធ្វើការវិញផងដែរ។
កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៩ កម្មករនិយោជិតប្រមាណ ១ ២០០ នាក់ក្នុងចំណោម ១ ៦០០ នាក់ ត្រូវបានក្រុមហ៊ុន W&D សម្រេចបញ្ឈប់ពីការងារ ទៅតាមសាលក្រមសម្រេចបណ្តោះអាសន្នរបស់តុលាការ ក្រោយពីពួកគេប្រមូលផ្តុំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យទូទាត់ប្រាក់អតីតភាពការងារ តាំងពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ មុននឹងអនុវត្តច្បាប់ថ្មី ដែលនឹងត្រូវទូទាត់រាល់ ៦ ខែម្ដង។ ប៉ុន្តែបន្ទាប់ពីមានការសម្របសម្រួលពីក្រសួងការងារ នៅថ្ងៃទី ១២ ខែមករា រោងចក្របានព្រមទទួលយកកម្មករស្ទើរតែទាំងអស់ឲ្យចូលធ្វើការវិញ លើកលែងតែកម្មករមួយចំនួនតូចប៉ុណ្ណោះដែលរោងចក្រមិនព្រមទទួលយកធ្វើការវិញ។
លោក ប៊ុន សំណាល់ ជាកម្មករម្នាក់ ដែលត្រូវបានក្រុមហ៊ុនបញ្ឃប់ និងមិនព្រមឲ្យចូលធ្វើការវិញ អះអាងថា ក្រោយពីមានកម្មករមួយចំនួន បានផ្តិតមេដៃចូលធ្វើការវិញ តែត្រូវបានភាគីរោងចក្រមិនទទួលពួកគេ។ លោកសំណាល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ខ្លួនបានចូលប្រជុំជាមួយភាគីរោងចក្រ និងក្រសួងជាច្រើនដងដើម្បីទាមទារប្រាក់អតីតភាពការងារតែចុងក្រោយ ខ្លួន និងកម្មករមួយចំនួនទៀត មានឈ្មោះក្នុងបញ្ជីត្រូវបញ្ឈប់ពីការងារ ក្រោមហេតុផលថា បានញុះញង់កម្មករ ខណៈក្រុមហ៊ុនបានយល់ព្រមទទួលយកកម្មករទាំងអស់ចូលធ្វើការវិញ។
លោកបញ្ជាក់ថា៖ «កាលពីមុនគេឲ្យពួកខ្ញុំចូលផ្តិតមេដៃ តែគេចម្រាញ់ចេញ គេយកតែអ្នកណាក្មេងៗ ក្រៅពីហ្នឹងដូចខ្ញុំប្រុសៗ ហើយអ្នកណាស្រីៗ ដែលមានពោះធំ ឬគាត់មានអាយុច្រើន គេអត់យកទេ។ ថ្ងៃនេះ (១៥ មករា) គេចេញឈ្មោះ បញ្ឈប់ពួកខ្ញុំប្រហែលជាជិត ១០០ នាក់ មានឈ្មោះខ្ញុំដែរ ឥឡូវខ្ញុំអត់ព្រមទេ គេឲ្យកម្មករចូលធ្វើការទាំងអស់ គេទុកតែពួកខ្ញុំ ប៉ុន្មាននាក់ហ្នឹងទេ សុំឲ្យសម្តេចជួយផង»។
អ្នកស្រី សំ ស្រីមុំ កម្មករម្នាក់ ក្នុងចំណោមកម្មករផ្សេងទៀត ដែលមិនព្រមចូលធ្វើការ បានលើកឡើងដែរថា បើខាងក្រុមហ៊ុន មិនព្រមទទួលយកកម្មករទាំងអស់ឲ្យចូលធ្វើវិញទេនោះ ពួកគេក៏នឹងមិនព្រមចូលធ្វើការដែរ ហើយនឹងបន្តការតវ៉ាបន្តទៀត។ កម្មកររូបនេះបន្ថែមថា ការបញ្ឈប់កម្មករនេះហាក់មានការរើសអើងនិងមានលក្ខណៈគំរាមកំហែងបំបែកបំបាក់កម្មករដោយសារតែកម្មករបានធ្វើការតវ៉ាទាំងអស់គ្នា ប៉ុន្តែក្រុមហ៊ុនបែរជាបដិសេធទទួលយកកម្មករមួយចំនួនឲ្យចូលធ្វើការវិញ។
ប្រធានរដ្ឋបាលនៃរោងចក្រ W&D លោកស្រី មាស សារ៉េត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រហូតមកដល់ពេលនេះ មានកម្មករប្រមាណ ៦០០ នាក់ ក្នុងចំណោមកម្មករ ១ ៦០០ នាក់បានចូលធ្វើការវិញចំណែកកម្មករដទៃទៀត ដែលមិនព្រមចូលធ្វើការ លោកស្រីថ្លែងថា គឺជាសិទ្ធិរបស់ពួកគេ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់ដឹងថា កម្មករផ្តិតមេដៃនៅណាផង ព្រោះពួកខ្ញុំអត់មានទទួលបានផង វាគឺជាពាក្យមិនពិតដែលចោទថា រោងចក្រគាបសង្កត់កម្មករ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញដែរថា តាមរយៈការសម្របសម្រួលរបស់មន្ត្រីផ្សះផ្សាវិវាទ របស់ក្រសួងនិងតំណាងកម្មករក្នុងរោងចក្រនោះ គឺជាគោលការណ៍ រោងចក្របានទទួលយកកម្មករចូលធ្វើការវិញ តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោកបន្តថា លើកលែងតែបុគ្គលប្រហែលជា ១០ រូប ដែលមានភ័ស្តុតាងច្បាស់ ក្នុងការញុះញង់កម្មករ ដែលក្រុមហ៊ុន មិនទាន់ទទួលយកវិញ។ តែយ៉ាងណា លោកថា ក្រសួងនឹងបន្តសម្របសម្រួលបន្តទៀត។
លោកបញ្ជាក់ថា៖ «បុគ្គលដែលគោរពច្បាប់គឺមានច្បាប់ការពារ បុគ្គលដែលមានចេតនាបំពានច្បាប់ គឺអាចមានការបារម្ភ។ ប៉ុន្តែតាមភ័ស្តុតាងរូបភាព វីដេអូ គឺមានអ្នកដែលប្រព្រឹត្តដោយចេតនាតិចតួចបំផុត។ អ្វីដែលខុសកន្លងហួស គឺក្រសួងបានសុំឲ្យក្រុមហ៊ុនកុំចាត់ទុកជាកំហុស ហើយសុំឲ្យមានការទទួលយកវិញជាអតិបរមាបំផុត ក្នុងចំណោមកម្មករនិយោជិត ដែលនៅសល់ជាង ១០ នាក់នេះ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានថ្លែងកាលពីម្សិលមិញថា ការតវ៉ារបស់កម្មកររោងចក្រ W&D រឿងអតីតភាពការងារនេះគឺដោយសារមានការញុះញង់ពីក្រុមសហជីពមួយចំនួន។ លោកបន្ថែមថា មិនមែនដោយសារកម្មករ មិនយល់ពីការអនុវត្តច្បាប់ថ្មី របស់ក្រសួងនោះទេ ព្រោះភាគីពាក់ព័ន្ធ បានផ្សព្វផ្សាយច្បាស់លាស់អស់ហើយ ដល់កម្មករនៅតាមរោងចក្រ អំពីប្រាក់អតីតភាពការងារនេះ។
លោកបញ្ជាក់៖ «ការពិតទៅភាគីពាក់ព័ន្ធទាំងអស់ រោងចក្រ ក្រសួង និងមានមេធាវីផង បានពន្យល់ក្បោះក្បាយលម្អិតជម្រាបជូនបងប្អូនកម្មករហើយ ហើយមុនហ្នឹងក្រសួងការងារ ក៏បានចេញសេចក្តីជូនដំណឹង មានការអនុវត្តប្រាក់អតីតភាពការងារ ដោយធានាថា ប្រាក់ហ្នឹង នឹងមិនត្រូវបានបាត់បង់ តែក្រុមមួយចំនួនតូច ក្រុមសហជីពមួយចំនួន ដែលញុះញង់បង្កឲ្យរឿងហ្នឹង ជារឿងច្របូកច្របល់ នៅក្នុងវិស័យរបស់យើង»។
កាលពីថ្ងៃទី ៩ មករា កម្មករទាំងនោះ បានស្វែងរកការជួយអន្តរាគមន៍ពីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ដើម្បីតស៊ូមតិផ្នែកផ្លូវច្បាប់ និងស្វែងរកដំណោះស្រាយដើម្បីធ្វើឲ្យពួកគេបានចូលធ្វើការវិញ។
លោក អាត់ ធន់ ប្រធាន CCAWDU បានលើកឡើងថា ការដែលកម្មករទាំងនោះមិនព្រមចូលធ្វើការវិញព្រោះតែពួកគេ មិនទុកចិត្ត និងបារម្ភចំពោះរដ្ឋបាលក្រុមហ៊ុនដែលមានការគាបសង្កត់មកលើកម្មករ។លោកថា ក្នុងនាមតំណាងកម្មករទាំងនោះ លោកនឹងព្យាយាមចរចាជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ ដែលកម្មករអាចទទួលយកបាន។
លោកបានបញ្ជាក់ថា៖ «អ្វីដែលកម្មកររង់ចាំនេះ គឺទី១ ចូលធ្វើការ គឺមានលក្ខណសម្បត្តិ ឬការងាររបស់ពួកគេដូចដើមវិញនិងចំណុចទាមទារផ្សេងៗទៀតឲ្យច្បាស់លាស់កុំឲ្យក្រុមហ៊ុនរករឿង និងបញ្ឈប់ស្រេចតែចិត្តអ៊ីចឹង។ នេះជាអ្វីដែលកម្មករចង់បាន»។
លោកព្រមានថា៖ «បើពុំដោះស្រាយឲ្យបានច្បាស់លាស់ទេកម្មករអាចនឹងរងគ្រោះ ហើយបើមិនបានដោះស្រាយទេ ជម្រើសចុងក្រោយនឹងដាក់ទៅអ្នកបញ្ជាទិញ ដែលយើងបានស្រាវជ្រាវរួចហើយ ដើម្បីឲ្យមានការជួយអន្តរាគមន៍»៕