The Phnom Penh Post Search

Search form

កម្មការិនី​ម្នាក់​ស្លាប់ ​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត

Content image - Phnom Penh Post
រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នៅ​ខេត្ត​កំពង់ស្ពឺ​។ រូបថត នគរបាល

កម្មការិនី​ម្នាក់​ស្លាប់ ​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត

កំពង់ស្ពឺៈ យ៉ាង​ហោចណាស់​កម្មការិនី​ម្នាក់​បាន​ស្លាប់​ និង​ ១៣ ​នាក់​ទៀត​រងរបួស​នៅ​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​មួយ​កាលពី​ម្សិលមិញ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១២-១៣ ស្ថិតក្នុង​ភូមិ​ស្ដុកស្លាត ឃុំ​ភ្នំតូច ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

លោក ខឹម សាម៉ុន អធិការ​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ហេតុការណ៍​ក្រឡាប់​រថយន្ត​ដែល​បង្ក​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៥:៣០ ​នាទី​ព្រឹក​ថ្ងៃ​ទី​ ១២ ខែ​មីនា​ហើយ​ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​ រុំ សុខខឿន អាយុ​ ២៣ ​ឆ្នាំ​ជា​កម្មការិនី​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ និង​ស្នាក់នៅ​ភូមិ​ស្ដុកស្លាត ឃុំ​មានជ័យ ស្រុក​ឧដុង្គ​។

លោក​បាន​ថ្លែង​ថា​៖ «​រថយន្ត​ដឹក​កម្មករ​នោះ​បើក​លឿន​ និង​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​កិន​កង់​ឡាន​ដែល​គេ​ដាក់​ជា​សញ្ញា​សំគាល់​រថយន្ត​ខូច ក៏​ក្រឡាប់​ផ្ងារជើង ជះ​កម្មករ​ពេញ​ផ្លូវ​តែ​ម្ដង​ហើយ​ភ្លាមៗ​អ្នក​បើកបរ​រថយន្ត​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​»​។

ក្រោយ​កើតហេតុ ស្ត្រី​ជា​កម្មករ​ដែល​បាន​ស្លាប់​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ខណៈ​ស្ត្រី​ ១៣ ​នាក់​ទៀត​ដែល​រងរបួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​របួស​។ ចំណែក​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ឧដុង្គ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​។

លោក ​សាម៉ុន ​បន្ថែម​ថា​៖ «​សមត្ថកិច្ច​បាន​ដឹង​អំពី​អត្តសញ្ញាណ និង ផ្ទះ​របស់​អ្នក​បើកបរ​រថយន្ត​នោះ​ហើយ ប៉ុន្តែ​ការឃ្លាំមើល​ពេញ​មួយ​ថ្ងៃ​គឺ​ចាប់​តាំងពី​ពេល​កើត​ហេតុ​រហូត​មក​ដល់​ម៉ោង​ ៥:៣០ ​នាទី​ល្ងាច​ថ្ងៃ​ចន្ទ ​[​ម្សិលមិញ​] សមត្ថកិច្ច​យើង​នៅ​ពុំ​ទាន់​ឃើញ​អ្នក​បើកបរ​រថយន្ត​បង្ក​នោះ​នៅ​ឡើយ​ទេ​។ ​តែ​យើង​នឹង​ធ្វើការ​ស្វែងរក​ចាប់​ខ្លួន​គេ​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​ផ្លូវ​ច្បាប់​ឲ្យ​ខាង​តែ​បាន​»​។

គួរ​បញ្ជាក់​ថា​កាលពី​ដើម​សប្ដាហ៍​មុន​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​កម្មករ​ចំនួន​ ៣៥ ​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​ដែល​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បណ្ដាល​មកពី​ការបើក​លឿន និង​ជែង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។