កំពង់ស្ពឺ៖ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៨ ឧសភា​នេះ​ថា មាន​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ទទួល​មរណភាព​ទាំង​កំពុង​មាន​ផ្ទៃពោះ ៧ ខែ ដោយសារ​ជំងឺ​កូវីដ ១៩ កាល​ពី​យប់​ថ្ងៃទី ៧ ខែ​ឧសភា ក្រោយ​ពី​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាន​ប្រហែល ៣០ នាទី ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ក្នុង​ខេត្ដ​នេះ កើន​ដល់ ៥ នាក់​​គិត​ត្រឹម​ថ្ងៃ​នេះ។

លោក វ៉ី សំណាង បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ល្ងាច​ថ្ងៃ​នេះ​ថា កម្មការិនី​រោងចក្រ​ដែល​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ហើយ​ទទួល​មរណភាព​នេះ ឈ្មោះ សុត ម៉ៃ អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​គោកដង្កោ ឃុំ​ពេជ្រមុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ គាត់​ធ្វើ​ការ​នៅ​រោងចក្រ​ឈ្មោះ Master ស្ថិត​នៅ​ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល។ កម្មការិនី​រូប​នេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មុន​ពេល​ទទួល​មរណភាព​ប្រហែល ៣០ នាទី។

លោក​អភិបាល​ខេត្ដ​បញ្ជាក់​ថា៖ «មូលហេតុ​នៃ​ការ​ស្លាប់ ភាគ​ច្រើន​បងប្អូន​យើង​គាត់​ធ្វេស​ប្រហែស​នៅ​ពេល​មាន​អាការ​សង្ស័យ​ជំងឺ​កូវីដ ១៩ គឺ​ពួក​គាត់​មិន​ប្រញាប់​មក​រក​សេវា​ព្យាបាល​របស់​រដ្ឋ​ទេ តែ​នៅ​ពេល​គាត់​ឈឺ​ធ្ងន់​ទើប​មក​រក​សេវា​រដ្ឋ។ ដូច្នេះ​ភាគ​ច្រើន​ក្រោយ​ពេល​ឈឺ​ធ្ងន់​ពួក​គាត់​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ១ ម៉ោង​ ឬ​កន្លះ​ម៉ោង​មុន​ពេល​ស្លាប់​ ដែល​ករណី​នេះ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ស្ទាបស្ទង់​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​របស់​យើង»។

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី ៨ ខែ​ ឧសភា ឆ្នាំ ២០២១ នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ប្រកាស​ពី​ការ​រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​មនុស្ស​ចំនួន ១១ នាក់​បន្ថែម​ទៀត ដែល​ទើប​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ ១៩។ ពលរដ្ឋ​ដែល​ទើប​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ ១៩ នេះ គឺ​នៅ​ស្រុក​ឧដុង្គ ស្រុក​សំរោងទង និង​ស្រុក​ភ្នំស្រួច។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ​កូវីដ ១៩ ត្រូវ​រួសរាន់់​ទៅ​យក​សំណាក ឬ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​ផ្ទះ ព្រម​ទាំង​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈពេល ១៤ ថ្ងៃ។

បើ​តាម​លោក វ៉ី សំណាង គិត​ត្រឹមថ្ងៃ​ទី ៨ ខែ​ឧសភា​នេះ ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​វិជ្ជមាន​កូវីដ ១៩ សរុប​ចំនួន ១១៥ នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ៥ នាក់។ រី​ឯ​អ្នក​ផ្សេង​ទៀត​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ទេ ដោយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ជុំវិញ​ករណី​នេះ លោក​អភិបាល​ខេត្ដ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ពិសេស​កម្មករ-កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ​កូវីដ ១៩ ត្រូវ​ផ្ដល់​ព័ត៌មាន​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​មន្ដ្រី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​វិភាគ​ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ខ្លួន​ឯង​ធ្លាក់​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ៕