ស្វាយរៀងៈ កម្មការិនីរោងចក្រ ១ រូបដែលមានផ្ទៃពោះ ៦ខែ និងកម្មការិនី១០នាក់ផ្សេងទៀត បានត្រឡប់ចូលធ្វើការងារនៅរោងចក្រ យូលី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី វិញហើយ បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរ ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដស្វាយរៀង កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។ យោងតាម លោក ហ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដស្វាយរៀងប្រាប់ភ្នំពេញបុស្ដិ៍ម្សិលមិញ។
លោក អ៊ូ សុខឿន បានថ្លែងថា បន្ទាប់ពីបានទទួលព័ត៌មាន មានកម្មការិនីម្នាក់ មានផ្ទៃពោះ ៦ខែ ត្រូវបានថ្នាក់ដឹកនាំ ក្រុមហ៊ុន ឲ្យលាឈប់ពីការងារ។ លោកប្រធានមន្ទីរ បានចាត់តាំង ក្រុមអធិការកិច្ចការងារ ចុះទៅដល់ក្រុមហ៊ុន និងសម្របសម្រួល ហើយភាគីក្រុមហ៊ុនក៏បានយល់ព្រមទទួលកម្មការិនីមានផ្ទៃ ឈ្មោះ អុន សុម៉ាលី ឲ្យចូលធ្វើការវិញ ព្រមទាំងកម្មការិនី ១០នាក់ផ្សេងទៀតដែលត្រូវក្រុមហ៊ុនផ្តាច់កិច្ចសន្យាដូចគ្នាដែរ។
លោកបន្ដថា៖«រឿងដែលកម្មករ ដែលត្រូវក្រុមហ៊ុនបញ្ឈប់នេះ មិនមែនមានតែស្រ្ដីពោះធំម្នាក់ទេ មានកម្មការិនីផ្សេងទៀតប្រមាណជា ១០ នាក់ឯណោះ ហើយការបញ្ឈប់ពីការងារនេះ គឺព្រោះតែពួកគាត់ប្រើប្រាស់ឯកសារមិនពិត។ ពេលពួកគាត់ចូលធ្វើការងារដំបូងពួកគាត់ខ្ចីឯកសារគេមកប្រើ ដល់ពេលបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) គេចុះទៅពិនិត្យឃើញថា ឯកសារដែលពួកគាត់ប្រើនោះមិនពិត ទើបថៅកែគេផ្ដាច់កិច្ចសន្យា ឲ្យធ្វើកិច្ចសន្យាថ្មីម្ដងទៀត»។
លោក សុខឿន ថ្លែងថាទាំងកម្មការិនីមានផ្ទៃពោះ និង១០នាក់ផ្សេងទៀត សុទ្ធតែមិនទាន់គ្រប់អាយុធ្វើការងារ ជាក់ស្ដែងកម្មការិនី មានផ្ទៃពោះកើតឆ្នាំ២០០១ នៅមិនទាន់គ្រប់អាយុធ្វើការ។ អញ្ចឹងហើយក្រុមហ៊ុនខ្លាច ប.ស.ស ចុះពិនិត្យឃើញ រករឿងគាត់ៗ ក៏ហៅកម្មករទាំងនោះមកបញ្ចប់កិច្ចសន្យា ដោយសន្យាថា ពេលគ្រប់អាយុនឹងទទួលយកចូលធ្វើការងារវិញ។
លោកអះអាងថា៖«ខ្ញុំក៏បានទាក់ទង តាមទូរស័ព្ទទៅថា កុំទាន់បញ្ចប់អីកម្មករទាំងអស់ ដោយជួយសម្រួលកិច្ចសន្យាដល់ពួកគាត់ឲ្យបានធ្វើការងារបន្ដទៀត។ ដោយខ្ញុំបានឲ្យក្រុមហ៊ុននឹង ធ្វើសំណើទៅក្រសួងការងារ ដើម្បីស្នើសុំប្រើប្រាស់ពលកម្មវ័យក្មេង។ អញ្ចឹងទៅមិនមានខុសអីទៀតទេ ព្រោះច្បាប់ការងាររបស់យើង គេកំណត់ឲ្យធ្វើការងារបានចាប់តាំងពីអាយុ ១៥ឆ្នាំឡើងទៅម្លេ៉ះ ទៅតាមប្រភេទការងារ»។
លោកបន្ថែម៖«ពេលនេះ ក្រុមហ៊ុនគេយល់ស្រប និងព្រមឲ្យកម្មករចូលធ្វើការងារវិញអស់ហើយ ចំណែកឯកសារ យើងកំពុងឲ្យរៀបចំធ្វើដាក់ទៅក្រសួង»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បញ្ជាក់ឲ្យដឹងដែរថា ចំពោះកម្មករម្នាក់ ដែលមានផ្ទៃពោះនោះ គាត់បានចូលធ្វើការដោយមិនទាន់គ្រប់អាយុ ហើយខ្ចីឯកសារគេ ដើម្បីយកទៅដាក់ពាក្យធ្វើការងារ ដល់ពេលគេពិនិត្យឃើញ គេតម្រូវឲ្យកម្មករនោះ កែឯកសារឡើងវិញ។
លោកបន្ដ៖«ដល់ពេលទៅកែឯកសារឡើងវិញ គាត់នៅតែមិនទាន់គ្រប់អាយុដដែល។ អញ្ចឹងរោងចក្រគេមិនបានបណ្ដេញអីទេ គ្រាន់តែតម្រូវ ឲ្យពួកគាត់ទៅរៀបចំឯកសារយ៉ាងម៉េច ដើម្បីឲ្យត្រូវនឹងច្បាប់ការងារ»។
លោក ស៊ីណា បានអះអាងថា៖«ឥឡូវមកដល់ម៉ោងនេះ យើងបានការពារគាត់ មិនឲ្យក្រុមហ៊ុនបញ្ឈប់គាត់ទេ ហើយក្រុមហ៊ុនក៏មិនបញ្ឈប់គាត់ដែរ ពួកគាត់នៅធ្វើការងារធម្មតាទេ»។
កាលពីម្សិលមិញ ភ្នំពេញ បុស្ដិ៍ មិនអាចទាក់ទងទៅ កម្មការិនីមានផ្ទៃពោះ ដើម្បីសុំអត្ថាធិប្បាយ៕