ភ្នំពេញៈ ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពីថ្ងៃទី​ ២ ខែកុម្ភៈ បាន​​ដាក់​ឲ្យ​ដំណើរ​ការ​​ជាផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​ដែល​មាន​ឈ្មោះ​ថា​ «ទី​ចង​ចាំ​ ឬ Mapping Memories Cambodia (M​M​C)» ដើម្បី​ជួយឲ្យ​យុវជន​ និង​ប្រជាជន​យល់ដឹង​ពី​កន្លែង​និង​រឿងរ៉ាវ​ដែលកើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម។

ការប្រកាស​ដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​ទី​ចង​ចាំ​នេះ​ធ្វើឡើង​បន្ទាប់ពី​និស្សិត ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​ជំនាន់​ទី​ ១៥​ និង​ ១៦ បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈពេល​ ១ ​ឆ្នាំ​សិក្សា​កន្លង​ទៅ​នេះ​ ដោយ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​កន្លែង​និង​បាន​សម្ភាស​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។​

ក្នុង​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​មាន​មុខងារនាំ​ផ្លូវ​អ្នក​ប្រើ​ប្រាស់​ទៅ​កាន់​ទី​តាំង​ប្រវត្តិសាស្ត្រ​កើត​ហេតុ​ដោយ​ផ្ទាល់​ដើម្បី​ឲ្យ​គាត់​បាន​ដឹង​រឿងរ៉ាវ ​ក៏​ដូចជា​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ​តាម​រយៈ​បច្ចេកវិទ្យា​ជា​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ មាន​ដូច​ជា​ អត្ថបទ​ព័ត៌មាន​ ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី ​បទយកការណ៍​វិទ្យុ ​កម្រង​រូបភាព​ និង​ព័ត៌មាន​​ដែល​និយាយ​រឿងរ៉ាវ​ កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដូចជា​ ការ​រៀប​ការ​ដោយ​បង្ខំ​ ការ​​បង្ខំ​ធ្វើ​ការ​ហួស​កម្លាំង​ដើម្បី​សម្រេច​គម្រោង​ទំនប់ធំៗ​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​សាសនា​កិច្ច​ការ​ទូត​បរទេស​របស់​ខ្មែរ​ក្រហម។​

ថ្លែង​ក្នុង​ពិធី​សម្ពោធដាក់​ឲ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​ស្តី​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ថ្មី​មួយ​មាន​ឈ្មោះ​ថា​ «ទី​ចង​ចាំ​ ឬ Mapping Memories Cambodia (MMC)​» ​នា​ល្ងាច​ថ្ងៃ​ទី ​២​ ខែ​កុម្ភៈ​ កញ្ញា​ចាន់ មុយហុង​ ប្រធាន​គម្រោង​ទី​ចងចាំ ​បញ្ជាក់​ថា​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​ ទី​ចង​ចាំ​ និយាយ​អំពី​ទី​តាំង​សំខាន់​ៗ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ ដោយបង្ហាញ​ទី​កន្លែង​សំខាន់ៗ​នៅ​លើ​ផែន​ទី​ប្រទេស​កម្ពុជា។ រហូត​មកទល់​ពេលនេះ ​គម្រោងបាន​ដៅ​ខេត្ត​ក្រុង​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​ប្រមាណ​ជា ​១៨ ​ហើយ​ មាន​ដូចជា​ ទី​ក្រុង​ភ្នំពេញ​ ខេត្ត​ព្រះ​សីហនុ ខេត្ត​បាត់​ដំបង ​បន្ទាយ​មាន​ជ័យ​ សៀមរាប ​កំពង់​ធំ​ ជាដើម​។

កញ្ញា​និយាយថា​ គម្រោង​មួយ​នេះ​ អាច​សម្រេច​ជា​រូបរាង​បាន​ជោគជ័យ​ដូច​ពេលនេះ​ ក៏​ព្រោះ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​សារ​គមនាគមន៍ ​(DMC) ដោយ​មាន​ការ​គាំទ្រពី​អង្គ​ការ​សេវា​សន្តិភាព​ស៊ីវិល​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់​ (GIZ) ​និង​មាន​ដៃគូ​សហការ​ពី​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​ (​DC-Cam) ដែល​បាន​ជួយ​ពិនិត្យ​ផ្ទៀងផ្ទាត់ ​ភាព​ពិត​របស់​ខ្លឹម​សារ​ទាំង​អស់​ក្នុង​កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​ ទី​ចង​ចាំ​ ឬ ​MMC ព្រម​ទាំង​បាន​ផ្ដល់​ជា​រូបភាព​និង​វីដេអូ​ឯកសារ​ពាក់​ព័ន្ធ​នឹង​សម័យ​ខ្មែរ​ក្រហម។

កញ្ញា​ មុយ​ហុង​ បន្ថែមថា​ នៅ​ពេល​ខាង​មុខ​ គម្រោង​មួយ​នេះ​មាន​បំណង​ចង់​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​ ទី​ចង​ចាំ​ ឬ​ MMC ឲ្យ​រឹត​តែ​ពិសេស​ និង​គួរ​ឲ្យ​ចាប់​​អារម្មណ៍​បន្ថែម។

កញ្ញា​បញ្ជាក់ថា​៖ «និស្សិត ក៏​ដូចជា​ប្រជាជន​កម្ពុជា​ជា​ច្រើន​ទៀត គឺ​កំពុង​តែ​ចាប់អារម្មណ៍​នឹង​បច្ចេកវិទ្យា​ឌីជីថល ​ដោយ​ប្រើ​ប្រាស់​ស្មាតហ្វូន​ឬ​ថេប្ល៊ិត ក្នុង​ការ​ទទួលយក​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដូច្នេះ​វា​ហាក់​ដូចជា​ឃើញ​ច្បាស់​ណាស់​ថា​ វា​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ជ្រើសរើស​កម្មវិធី​ស្មាតហ្វូន​ជា​ឧបករណ៍​ដើម្បី​ផ្សព្វផ្សាយ​រឿងរ៉ាវ​នានា​ក្នុង​សម័យ​ខ្មែរក្រហម»។

កញ្ញា​ មុយហុង​ បានបន្ថែមថា ​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​អាចប្រាប់​ គ្រប់​រឿងរ៉ាវ​នៅ​ក្នុង​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែលមាន​ ២ ​ភាសា​ដែលអ្នក​ប្រើប្រាស់​អាច​ជ្រើសយក ​ភាសា​ខ្មែរ​ ឬ​អង់គ្លេស​ ហើយ អ្នក​ប្រើ​ប្រាស់​ ក៏​អាច​ចែក​រំលែក​រឿង​រ៉ាវ​របស់​ពួក​គេ​ក្នុង​សម័យ​ខ្មែរ​ក្រហម ​មក​កាន់​គម្រោង​ ទី​ចងចាំ​ ផងដែរ។

កញ្ញា​បញ្ជាក់ថា​៖ «ស្រដៀងគ្នា​នឹង Facebook ​ អ្នកប្រើ​ប្រាស់​អាច​ផ្ដល់​ជា​មតិ​យោបល់​នៅ​ទី​តាំង​ណា​មួយ​ ដែល​គាត់​ចាប់​អារម្មណ៍​ ឬ​ប្រាប់​នូវ​ព័ត៌មាន​បន្ថែម​ទៀ​ត​ពី​ទីតាំង​នោះ»។

កញ្ញា​មុយហុង​ បន្ថែមថា ​គម្រោងនេះ​ ចាប់​កកើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ​និង​បញ្ចប់​គម្រោង​នៅ​ខែ​មីនា​ ឆ្នាំ ​២០១៩​ ​ហើយ​ថា​បើ​ទោះ​បី​គម្រោង​ទី​ចងចាំ ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ឆាប់ៗ​នេះ ​ក៏​ពិតមែន​ តែ​កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​គឺ​នៅ​តែ​បន្ត​ទៅ​មុខ​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ទាក់ទង​នឹង​រឿងរ៉ាវ​ខ្មែរក្រហម​បន្ត​ទៀត ​ដោយ​នឹង​មាន​ការ​ដាក់​បញ្ចូល​ស្នាដៃ​និស្សិត​ DMC ជំនាន់​ក្រោយៗ​ ដែល​មាន​ខ្លឹមសារ​ទាក់ទង​នឹង​រឿងរ៉ាវ​ខ្មែរ​ក្រហម។

លោក​ អ៊ុង ប៊ុនអុី ប្រធាន​ស្ដីទី​ដេ​ប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍ ​(DMC) និងជា​អ្នក​ជួយ​ផ្ដួច​​ផ្ដើម​គម្រោងនេះ​ថ្លែងថា ​គម្រោង​​ទី​ចង​ចាំ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ ​ដើម្បី​ចុះទៅ​ស្រាវ​ជ្រាវ​បន្ត​អំពី​ព័ត៌មាន​ទាក់ទង​នឹង​រឿងរ៉ាវ​ខ្មែរ​ក្រហម នៅ​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​នោះ​ព្រមទាំង​បង្កើត​ការ​សន្ទនា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ក្នុង​ចំណោម​យុវជន​ និង​ក្រុម​គ្រួសារ។

លោក​ អ៊ុង ប៊ុនអុី បញ្ជាក់ថា​៖ «បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ មាន​ឫស​គល់​ចេញ​ពី​សោកនាដកម្ម ​ដែល​បាន​កើត​ឡើង​នៅ​របប​ខ្មែរក្រហម។ យុវជន​ជំនាន់​ក្រោយត្រូវ​រៀន​ពី​អតីតកាល​របស់​ប្រទេស​កម្ពុជា ​ដើម្បី​យល់​ថា​អតីតកាល​មាន​ឥទ្ធិពល​លើ​ជីវិត​រស់នៅ​និង​សង្គម​របស់​ពួកគេ​នា​ពេល​បច្ចុប្បន្ន​។ ការសន្ទនា​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ ដល់​ការរៀន​សូត្រ​របស់​សាធារណជន និង​ការ​ផ្សះផ្សា​អតីតកាល​ ជាមួយ​បច្ចុប្បន្ន»៕