ភ្នំពេញៈ ​ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា ​សហ​ការ​ជា​មួយ​ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន​ (JICA) ​នេះ​បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កម្ម​វិធី​បង្រៀន​ Think! Think! ​តាម​អន​ឡាញ​កាល​ពីថ្ងៃ​ពុធ ទី​ ២២​ ខែ​មេសា ដើម្បី​ផ្ដល់​ឱ​កាស​សិក្សា​ដល់​កុមារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូ​និក​លើក​កម្ពស់​ការ​គិតបង្កើន ​intelligence quotient ​(IQ) ​និង​សមត្ថ​ភាព​គណិត​វិទ្យា​របស់​កុមារ​។

ការ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កម្ម​វិធី​បង្រៀន​ Think! Think!នេះ​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​ លោក ​ហង់​ជួន​ ណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រ​សួង​​អប់រំ ​យុវ​ជន​ និង​កីឡា ​និង​តំណាង​ មក​ពី​ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន​ (JICA) នៅ​​ទីស្ដី​ការ​ក្រសួង​អប់រំ​។

លោក​រដ្ឋ​មន្រ្ដី​ក្រសួង​អប់រំ​បាន​ថ្លែង​ក្នុង​ពេល​បើក​ដាក់​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​កម្ម​វិធី​បង្រៀន​នេះ​ថា​៖ «​Think! Think! ជា​កម្ម​វិធី​សិក្សា​ដ៏ល្អ ជួយ​បង្កើន IQ ​ជំនួយ​ដល់​ការ​គិត​បាន​ស៊ី​ជម្រៅ ​និង​បំណិន​ផ្នែក​សង្គម​របស់​កុមារ។ ​ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រ​ឈម​មុខ​នឹង​ជំងឺ​កូវីដ​ ១៩ ​កុមារ​អាច​រីករា​យ​ក្នុង​ការ​សិក្សា​កម្ម​វិធី​នេះ​ដោយ​ខ្លួន​ឯង​ជា​មួយ​សមា​ជិក​គ្រួសារ​នៅ​តាម​ផ្ទះ​»។

លោក​ថ្លែង​ថា​កម្ម​វិធី​សិក្សា ​Think! Think! ​ កំពុង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក ​Moeys Cambodia ​និង ​Krou Cambodia ​របស់​ក្រសួង​អប់រំ ​ដោយ​មាន​រយៈ​ពេល​ ៣ ​ថ្ងៃ​ ក្នុង ​១​ សប្ដាហ៍ ​គឺ​នៅ​ថ្ងៃ​ចន្ទ ​ពុធ​ និង​ថ្ងៃ​សុក្រ ​ចាប់​ពី​ម៉ោង ៥:​០០ ​ដល់ ​៥:​៣០ ​ល្ងាច​។ ​លោក​រដ្ឋ​មន្រ្ដី​បង្ហាញ​ថា​កម្ម​វិធី​បង្រៀន​នេះ​មាន​មេរៀន​ប្រភេទ​ជា​ល្បែង​ល្បង​​ប្រាជ្ញា​ថ្មី​ៗ​ប្រមាណ ១៥ ០០០ ​ប្រភេទ​សម្រាប់​កុមារ​សិក្សា​។

លោក​រដ្ឋ​មន្រ្ដី​​ថា​ កម្ម​វិធី​សិក្សា​នេះ​ក៏​ជួយ​ដល់​ការ​សិក្សា​របស់​កុមារ​ដែល​មិន​មាន​អ៊ីន​​ធឺណិត​នៅ​តាម​ផ្ទះ​ផង​ដែរ​ដោយ​ក្រសួង​គ្រោ​ង​នឹ​ង​ចាក់​ផ្សាយ​កម្ម​វិធី​នេះ​​នៅ​លើ​ទូរ​ទស្សន៍​ផ្កាយ​រណប ​Decho TV ​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​ផង​ដែរ​។

លោក ​រស់​ សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវ​ជន ​និង​កីឡា ​បញ្ជាក់​បន្ថែម​កាល​ពីម្សិល​មិញ​ថា កម្មវិធី​នេះបាន​ផ្ដល់​ឱ​កាស​សិក្សា​ដល់​សិស្ស​ថ្នាក់​ទី ១ ​ដល់ទី ៦ ​សម្រាប់​បង្កើន​ការ​គិត ​និង​សមត្ថ​ភាព​គណិត​វិទ្យា​របស់​កុមារ​។

លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន ​កម្ម​វិធីសិក្សា​នេះបាន​និង​កំពុងចាក់​ផ្សាយ​លើ Facebook “Krou Cambodia” ​មាន​រយៈ​ពេល​ ៣០​ នាទី​ ក្នុង​ ១​ លើក ​គឺ​នៅថ្ងៃ ​ចន្ទ ​ពុធ ​សុក្រ ​ម៉ោង​ ៥ ​ដល់​ ម៉ោង​ ៥​ និង​ ៣០​ នាទី​ល្ងាច​។ ​នាពេល​ខាង​មុខ​ កម្ម​វិធី​នេះ​នឹង​មាន​ការ​ផ្សាយ​ជូន​តាម​ទូរ​ទស្សន៍​»។

លោក ​សុវាចា ​លើក​ឡើង​ថា​តាម​បទ​ពិសោធន៍ ​កម្ម​វិធី​សិក្សា​នេះ​បាន​ផ្ដល់​ផល​ប្រយោ​ជន៍​ល្អ​ដល់​កុមារ​ដូច​ជា​ ការ​ពង្រឹង​ការ​គិត​បែប​ស៊ី​ជម្រៅ ​ជំនាញ​សំខាន់​សម្រាប់​ជីវិត​ ការ​ដោះ​ស្រាយ​ចំណោទ​បញ្ហា​ និង​ធ្វើ​ឲ្យ​កុមារ​មាន​ការ​ស្វ័យ​សិក្សា ​(critical thinking ​skills, ​logical ​thinking ​skills, ​essential​ skills, ​problem ​solving ​skills,​ and ​independent learning ​skills) ​ផង​​ដែរ​។

ទាក់​ទង​នឹង​ការ​ជំនួយ​ការ​សិក្សា​ដល់​សិស្សា​នុសិស្ស​ទាំង​អស់​លើ​ចំណេះ​ដឹង​ទូទៅ​ចាប់​ពី​ថ្នាក់​មត្ដេយ្យ ​បឋម ​រហូត​ដល់​កម្រិត​មធ្យម​សិក្សា​ នៅ​ក្នុង​ដំណាក់​កាល​បញ្ហា​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ ​កាល​ពី​ថ្ងៃ​ទី ​២០ ខែ​មេសា​នេះ ​ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ចេញ​សេច​ក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​​សហការ​ជា​មួយ​ក្រសួង​ព័ត៌​មាន​ អំពី​ការ​​រៀប​ចំ​ផលិត​ និង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ «ការ​សិក្សា​ពីចម្ងាយ​» និង ​«ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​» ផង​ដែរ​។

សេច​ក្ដី​ជូន​ដំណឹង​ដដែល​នេះ​បាន​​ឱ្យ​ដឹង​ថា​ ​តាម​រយៈ​កម្ម​វិធី​ ​«ការ​សិក្សា​ពីចម្ងាយ​» និង ​«ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូ​និក​» ​ក្រ​សួង​បាន​ចាក់​ផ្សាយ​វីដេអូ​នៃ​ការ​បង្រៀន​គ្រប់​កម្រិត​ថ្នាក់​ លើ​ប្រព័ន្ធ​ទូរទ្សន៍​ជាតិ​កម្ពុជា​កា​ណាល់ ​ទ.ទ.ក/២,​ ព្រម​ទាំង​ការ​ផ្សាយ​បន្ត​តាម​បណ្ដាញ​ទូរទស្សន៍​ខ្សែ​កាប​រាជធានី​-ខេត្ដ​ចំនួន​៥៥​ប៉ុស្តិ៍, ​វេទិការ​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ​កំពុង​មាន​ស្រាប់ និង​លើ​ អេហ្វ ​(App) ​របស់​ក្រសួង​ព័ត៌​មាន​ផង​ដែរ​។

តាម​សេច​ក្ដី​ជូន​ដំណឹង​កម្ម​វិធី​ «ការ​សិក្សា​ពីចម្ងាយ​» និង​«ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​​» ​នេះ ​គឺ​ដើម្បី​ឲ្យ​សិស្សា​នុ​សិស្ស​ ជា​ពិសេស​សិស្ស​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល​មិន​មាន​ទូរស័ព្ទ​ស្មាត​ហ្វូន​ ឬ​ពិបាក​ប្រើ​អ៊ីនធឺណិត​អាច​សិក្សា​តាម​អន​ឡាញ​​ដោយ​ខ្លួន​តាម​ប៉ុស្តិ៍​ទាំង​នេះ ​ក្នុង​អំឡុង​បិទ​សាលា​ដោយ​សារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ​ ១៩​។

​ក្រសួង​បញ្ជាក់​ថា​ ទូរ​ទស្សន៍​ទាំង​អស់​នេះ ​នឹង​ចាក់​ផ្សាយ​វីដេអូ​បង្រៀន​ដល់​សិក្សា​គ្រប់​កម្រិត​ចាប់​ពីម៉ោង ​៨ ​ព្រឹក​ ដល់​ម៉ោង ​១២​ យប់​ជា​រៀង​រាល់​ថ្ងៃ​៕