The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​បណ្ដុះ​បណ្ដាល​ពលករ​កំពុង​ត្រូវ​រៀបចំ​ឲ្យ​ប្រសើរ




កម្មវិធី​បណ្ដុះ​បណ្ដាល​ពលករ​កំពុង​ត្រូវ​រៀបចំ​ឲ្យ​ប្រសើរ

ពលករ​ខ្មែរ​ដែល​គេ​បណ្ដុះបណ្ដាល​មុន​ទៅ​បម្រើការ​នៅ​ម៉ាឡេស៊ី។
ពលករ​ខ្មែរ​ដែល​គេ​បណ្ដុះបណ្ដាល​មុន​ទៅ​បម្រើការ​នៅ​ម៉ាឡេស៊ី។ ផា លីណា

កម្មវិធី​បណ្ដុះ​បណ្ដាល​ពលករ​កំពុង​ត្រូវ​រៀបចំ​ឲ្យ​ប្រសើរ

ភ្នំពេញៈ ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​កំពុង​តាក់តែង​រៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល​ដែល​មាន​វិសាលភាព​ជាង​មុន​សម្រាប់​ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ​​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់ពី​ការ​ហាមប្រាម​មិន​ឲ្យ​បញ្ជូន​ពលករ​ទៅ​ប្រទេស​មួយ​នេះ​ត្រូវ​បាន​លុបចោល​កាលពី​ខែ​ធ្នូ។

ទោះ​យ៉ាង​ណា​ក្តី​ វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​ស្តង់ដារ​អ្វី​​ដែល​នឹង​ត្រូវ​យក​មក​វាយតម្លៃ​សម្រាប់​​កម្មវិធី​បណ្តុះបណ្តាល​ដែល​ធ្លាប់​រង​ការ​រិះគន់​ថា​មាន​ការ​រំលោភ​កាលពី​អតីតកាល។

ក្រុមហ៊ុន​កម្ពុជា​ត្រូវ​បាន​ហាមប្រាម​កាលពី​ឆ្នាំ​ ២០១១ ​មិន​ឲ្យ​បញ្ជូន​ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ​​ទៅ​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់ពី​មាន​ការ​រាយការណ៍​នៃ​ករណី​រំលោភ​បំពាន​ជាច្រើន​។ ការ​ហាមប្រាម​នេះ​ត្រូវ​បាន​លុប​ចោល​វិញ​នៅក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែ​មុន​។

រដ្ឋមន្រ្តី​ក្រសួង​ការងារ​លោក អ៊ិត សំហេង បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​កាលពី​សប្តាហ៍​មុន​ថា​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ប្រមាណ​ ៣០ ​​ដែល​​ចាប់​អារម្មណ៍​ក្នុង​ការ​បញ្ជូន​ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ​ទៅ​​​ប្រទេស​ ម៉ាឡេស៊ី​ នឹង​ត្រូវ​តម្រូវ​ឲ្យ​ពង្រឹង​កម្មវិធី​បណ្តុះបណ្តាល​របស់​ខ្លួន​ជា​ការ​រៀបចំ​សម្រាប់​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦​ ពេល​ដែល​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​នឹង​ត្រូវ​អនុវត្ត។

លោក អាន ប៊ុនហាក់ ​នាយក​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ Top Manpower បាន​បញ្ជាក់​អំពី​ចំណាត់​ការ​នេះ​ដោយ​ថ្លែង​ថា​រយៈពេល​នៃ​ការ​បណ្តុះបណ្តាល​​របស់​ក្រុមហ៊ុន​លោក​នឹង​​បង្កើន​ពី​រយៈពេល​ក្រោម​បី​ខែ​រហូត​ដល់​ «​បួន​ទៅ​ប្រាំ​មួយ​ខែ​»។

លោក​បាន​បន្ត​ថា​៖ «​យើង​នឹង​បណ្តុះបណ្តាល​ពួកគេ​អំពី​ភាសា​ម៉ាឡេស៊ី​ វប្បធម៌ និង​ជំនាញ​ការងារ​ផ្ទះ​»។

ក្រុមហ៊ុន​នីមួយៗ​នឹង​អាច​តាក់តែង​កម្មវិធី​ដោយ​ខ្លួនឯង​ហើយ​បន្ទាប់មក​ផ្ញើ​ទៅ​ក្រសួង​ការងារ​ដើម្បី​​សុំ​ការ​អនុម័ត​មុន​ពេល​អនុវត្ត​។

ទោះ​យ៉ាង​ណា​ក្តី​ចាប់​តាំងពី​អនុស្សរណៈ​នៃ​ការ​យោគយល់​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​មុន​មិន​ទាន់​ត្រូវ​បាន​ចេញ​បង្ហាញ​ពេញ​លេញ​វា​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ថា​តើ​លក្ខណ​វិនិច្ឆ័យ​អ្វី​នឹង​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​កម្មវិធី​ទាំង​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង សួរ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​បាន​កត់សម្គាល់​ថា​ការ​បណ្តុះ​បណ្តាល​ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ​កាលពី​អតីតកាល​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ការ​ប្រព្រឹត្ត​មិន​គប្បី​​ទៅ​លើ​ស្រ្តី​ទាំង​នោះ​ហើយ​លោក​បាន​​ជំរុញ​ឲ្យ​មាន​គោលការណ៍​ណែនាំ​មួយ​ច្បាស់លាស់​សម្រាប់​​ការ​បណ្តុះបណ្តាល​ថ្មី​នេះ​។

លោក​បាន​សរសេរ​នៅក្នុង​អ៊ីមែល​ថា​៖ «​​ការ​ផ្តល់​ឲ្យ​ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​មុន​ពេល​បញ្ចូន​ពួកគេ​ទៅ​គឺ​មាន​ប្រយោជន៍​ប៉ុន្តែ​ការ​ចំណាយ​លើ​កម្មវិធី​បណ្តុះបណ្តាល​នេះ​គួរ​​ចំណាយ​ដោយ​​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មិនមែន​ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ​នោះ​ទេ​ហើយ​គួរ​ធានា​ថា​ស្រ្តី​ទាំង​នេះ​មាន​សេរីភាព​ចេញ​ចូល​ពី​​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ហើយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មិន​ត្រូវ​ចាក់​សោ​ទេ​ក្នុង​អំឡុង​ពេល​បណ្តុះបណ្តាល​ជា​វិធី​ដែល​ធ្លាប់​មាន​កាលពី​អតីតកាល​»។

លោក ប៊ុនហាក់​ បាន​ថ្លែង​ថា​ការ​បណ្តុះ​បណ្តាល​របស់​ក្រុមហ៊ុន​នឹង​ត្រូវ​ចំណាយ​តាមរយៈ​ការ​កាត់​ប្រាក់​ខែ​របស់​ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ​។

លោក​ថា​ មិន​ទាន់​មាន​មេរៀន​ជាក់លាក់​អំពី​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ក្នុង​ករណី​មាន​ការ​រំលោភបំពាន​ដែល​នេះ​ជា​ករណី​ដោយ​ឡែក​មួយ​ដែល​លោក​ថា​នឹង​ត្រូវ​ដោះស្រាយ​នៅ​ពេល​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​ត្រូវ​បាន​អនុវត្ត​នា​ពាក់​កណ្តាល​ឆ្នាំ​ខាង​មុខ​។

លោក មឿន​ តុលា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Central ដែល​ជា​អង្គការ​ថ្មី​ធ្វើ​ការងារ​លើ​​សិទ្ធិ​ការងារ​បាន​ថ្លែង​ថា​ខ្លឹមសារ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​​នៅ​តែ​មិន​ទាន់​ច្បាស់​ហើយ​វិធាន​ច្បាស់លាស់​អំពី​បញ្ហា​សំខាន់ៗ​នៅ​ត្រូវការ​ឲ្យ​មាន​។

លោក​ថ្លែង​បញ្ជាក់​ថា​៖ «​រដ្ឋាភិបាល​ត្រូវ​​តែ​​យក​ចិត្ត​ទុក​ដាក់​ខ្លាំងក្លា​អំពី​របៀប​តាមដាន​ថា​តើ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​ត្រូវ​បាន​គោរព​ដែរ​ឬ​អត់​?»៕ PS

អត្ថបទគួរចាប់អារម្មណ៍