ភ្នំពេញៈ កម្មវិធី​លក់​សៀវភៅ​ធំ​បំផុត Big Bad Wolf Book Sale បានបញ្ចប់​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​បាន​ទាក់ទាញ​មនុស្ស​ប្រមាណ​ ១០ ​ម៉ឺន​នាក់​ មក​ចូលរួម​ទិញ​សៀវភៅ​ក្នុង​កម្មវិធី​លក់​រយៈពេល​ ១៣ ​ថ្ងៃ​ នៅ​ផ្សារ​បុរីរុងរឿង​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។ កម្មវិធី​នេះ​បាន​នាំយក​សៀវភៅ​ភាសា​អង់គ្លេស​ប្រមាណ​ ១ ​លាន​ក្បាល​ ដោយ​លក់​បញ្ចុះតម្លៃ​ពី​ ៥០ ​ទៅ​ ៩០ ​ភាគរយ​។ កម្មវិធី​ដែល​បង្កើតឡើង​នៅ​ប្រទេស​ ម៉ាឡេស៊ី​ មួយ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​អាច​មាន​លទ្ធភាព​ទិញ​សៀវភៅ​បាន មិន​ថា​មាន​ ឬ​ក្រ​។ កម្មវិធី​នេះ​ក៏​ផ្ដល់​សៀវភៅ​ដល់ដៃ​គូ​រួមមាន​ក្រសួង​អប់រំ និង​បណ្ណាល័យ​បញ្ញវន្ត​។

លោក Andrew Yap សហស្ថាបនិក​កម្មវិធី Big Bad Wolf Book Sale បាន​និយាយថា អ្នកចូលរួម​ទិញ​សៀវភៅ​ក៏ដូចជា​កម្មវិធី​នេះ​ប្រគល់​សៀវភៅ​សរុប​ ១ ៤៤៣ ក្បាល​ទៅ​ក្រសួង​អប់រំ និង​ទៅ​បណ្ណាល័យ​បញ្ញវន្ត​។ លោក​បញ្ជាក់ថា សៀវភៅ​ដែល​លក់ដាច់​ជាងគេ​គឺ​សៀវភៅ​ស្ដីអំពី​រឿង​ពិត និង​រឿងប្រឌិត សៀវភៅ​សម្រាប់​ក្មេងៗ ក្រៅពី​នេះ​សៀវភៅ​អំពី​ការអភិវឌ្ឍ​ខ្លួន ធុរកិច្ច និង​ជីវប្រវត្តិ​របស់​បុគ្គល​ក៏​ជា​សៀវភៅ​ពេញនិយម​ផងដែរ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែងថា ក្រសួង​តែង​លើកទឹកចិត្ត​ដល់​កម្មវិធី​ទាំងឡាយ​ណា​ដែល​លើក​កម្ពស់​ការអាន​។ ចំពោះ​សៀវភៅ​ដែល​នឹង​ទទួល​បាន​ពី Big Bad Wolf Book Sale ក្រសួង​នឹង​ចែក​ទៅ​តាម​បណ្ណាល័យ​នានា​របស់​ក្រសួង​នៅ​ទូទាំង​ប្រទេស​តាម​តម្រូវការ​ជាក់ស្ដែង​។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ថ្លែង​ថា លោក​បាន​ទៅ​ទិញ​សៀវភៅ​នៅក្នុង​កម្មវិធី​នេះដែរ ហើយ​មើលឃើញ​ថា ពលរដ្ឋ​កម្ពុជា​នៅ​ចាប់អារម្មណ៍​ការអាន​សៀវភៅ បើទោះបី​ជា​ពួកគេ​មាន​កម្មវិធី​ឌីជីល​ផ្សេងៗ​ក៏ដោយ​។ លោក​ថា ការលក់​សៀវភៅ​ក្នុង​កម្មវិធី Big Bad Wolf Book Sale ធ្វើឲ្យ​យុវជន​អាច​រក​ទិញ​សៀវភៅ​ដែល​មិនមាន​នៅលើ​ទីផ្សារ​កម្ពុជា ហើយ​អាច​ទិញ​បាន​ក្នុង​ចំនួន​ច្រើន គឺ​ចំណេញ​ថវិកា​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​បាន​និយាយ​ថា ការលក់​សៀវភៅ​របស់​កម្មវិធី​នេះ​បាន​ទាក់ទាញ​យុវជន​យ៉ាងច្រើន ហើយ​លោក​មើលឃើញ​ថា យុវជន​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចូល​ចិត្ត​អាន​សៀវភៅ​។

លោក​និយាយថា​៖ «​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​សង្គម​យើង​។ សង្គម​យើង​នឹង​អភិវឌ្ឍ​នៅពេល​យុវជន​ចាប់អារម្មណ៍​អាន​សៀវភៅ ពីព្រោះ​ការអាន​សៀវភៅ​ធ្វើ​ឲ្យ​គេ​អភិវឌ្ឍ​ខ្លួនគេ​»​។

លោក​ថ្លែងថា ប៉ុន្តែ​ពួកគេ​ក៏​គួរតែ​បន្ថែម​ការអាន​សៀវភៅ​អភិវឌ្ឍ​ខ្លួន​ទាំងនោះ​ដោយ​អភិវឌ្ឍ​លើ​ផ្នែក​សីលធម៌ និង​គុណធម៌​ទៅ​ជាមួយ​គ្នា​៕