ភ្នំពេញៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានសម្ពោធដាក់ឲ្យអនុវត្តនូវកម្មវិធីចម្រុះអាហារូបត្ថម្ភ និងអនាម័យ (NOURISH) រយៈពេល ៥ឆ្នាំ ក្នុងខេត្តចំនួន ៣ ក្រោមគម្រោងទឹកប្រាក់ជាង ១៦ លានដុល្លារអាមេរិក។
ថ្លែងក្នុងកិច្ចប្រជុំបើកឲ្យដំណើរការកម្មវិធី កាលពីម្សិលមិញនេះ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក យឹម ឆៃលី បានឲ្យដឹងថា គម្រោងកម្មវិធីចម្រុះអាហារូបត្ថម្ភ និងអនាម័យ (NOURISH) គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ តាមរយៈការផ្តល់អាហាររូបត្ថម្ភ ទឹកស្អាត អនាម័យ ការអភិវឌ្ឍន៍កុមារ និងការកសាងសមត្ថភាពរបស់រដ្ឋាភិបាល និងសង្គមស៊ីវិល។ គម្រោងនេះ នឹងជួយដល់ជនកម្ពុជាប្រមាណ ៥ សែននាក់នៅតាមសហគមន៍ជនបទ ក្នុង ខេត្តបាត់ដំបង ពោធិ៍សាត់ និង សៀមរាប។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា ការអនុវត្តកម្មវិធីនេះ នឹងអាចឆ្លើយតបទៅនឹងយុទ្ធសាស្រ្តសង្គម យុទ្ធសាស្ត្រជាតិ ហើយស្ថាប័នពាក់ព័ន្ធនឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការងារនេះ ដើម្បីឲ្យក្លាយជាការពិត និងមានប្រសិទ្ធភាព»។
ក្នុងពិធីនេះដែរ នាយកបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិលោកស្រី Rebecca Black បានមានប្រសាសន៍ថា កុមារដែលមានកង្វះអាហារូបត្ថម្ភ មិនត្រឹមតែប្រឈមនឹងការស្លាប់ ឈឺ និងការឆ្លងជំងឺច្រើននោះទេ ពួកគេថែមទាំងអាចប្រឈមនឹងកង្វះប្រាជ្ញាវៀងវៃ មានការលូតលាស់យឺត ហើយរៀនមិនសូវពូកែទៀតផង។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចុះថ្ងៃ ទី៨ ខែកញ្ញា បានឲ្យដឹងថា អត្រាមរណភាពរបស់កុមារដែលស្ថិតក្នុងអាយុក្រោម ៥ ឆ្នាំនៅកម្ពុជានៅពេលនេះមានចំនួន ៥៤ នាក់ក្នុងចំណោមកូនក្មេង ដែលកើតមករស់ចំនួន ១០០០ នាក់ ហើយជិត ៣៥ ភាគរយនៃការស្លាប់របស់កុមារបណ្តាលមកពីទម្រង់ផ្សេងៗនៃកង្វះអាហារូបត្ថម្ភ។
សម្រាប់ប្រធានការិយាល័យអាស៊ីរបស់ទីភ្នាក់ងារ USAID លោកស្រី Denise Rollins ចាត់ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាចម្បងពីរក្នុងប្រទេសកម្ពុជា ក្នុងចំណោមបញ្ហាដទៃទៀត ដែលទាមទារឲ្យមានវិធានការដោះស្រាយ។ លោកស្រីថា៖ «ប្រសិនបើយើងមិនអាចផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ដល់កុមារក្រោមអាយុ ២ឆ្នាំ ទេនោះ ពួកគេនឹងធំឡើងដោយមិនមានសមត្ថភាពពេញលេញក្នុងការស្រូបយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចកម្ពុជានោះទេ»។
កម្មវិធីចម្រុះអាហារូបត្ថម្ភ និងអនាម័យ NOURISH គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការកែលម្អ អាហារូបត្ថម្ភ តាមរយៈគម្រោងគំនិតផ្តួចផ្តើម ផ្តល់អាហារសម្រាប់អនាគតដែលក្នុងនោះ រួមមានកំណើននៃមុខដំណាំ និងផលិតភាពកសិកម្ម ការផ្តល់អាហារ ដូចជា នៅតាមសាលារៀន ការអប់រំស្តីពីអនាម័យ និងភាពស្អាត និងកំណែលម្អលើប្រព័ន្ធសុខាភិបាល ដែលយកចិត្តទុកដាក់ចំពោះកុមារ និងម្តាយដោយរួមមានការកសាងមណ្ឌលសុខភាពថ្មីៗនិងមន្ទីរពិសោធន៍ ផ្នែកពេទ្យ និងការបណ្តុះបណ្តាលបុគ្គលិកជំនាញពេទ្យជាដើម។
គម្រោង NOURISH មានការយកចិត្តទុកដាក់ ជាពិសេសលើស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំហើយបង្កើនមុខអាហារ និងគុណភាពអាហារ ព្រមទាំងកែលម្អលទ្ធភាពប្រើប្រាស់កន្លែងអនាម័យ កន្លែងលាងដៃ និងចម្រោះទឹក នៅក្នុងមូលដ្ឋាន។
គម្រោង NOURISH នេះផងដែរ ក៏បានផ្តល់នូវសេវាសម្រាប់ពេលមុន និងក្រោយការឆ្លងទន្លេ នៅមណ្ឌលសុខភាព និងកម្មវិធីជំរុញការធំធាត់នៅតាមមណ្ឌលសុខភាព និងសហគមន៍ក្នុងខេត្តទាំងបីនោះ៕