ភ្នំពេញៈ កម្រិតទឹកទន្លេមេគង្គនៅប្រទេស ថៃ ឡាវ និងកម្ពុជានឹងធ្លាក់ចុះ ដោយសារតែការធ្លាក់ចុះនៃកម្រិតទឹកដែលបញ្ចេញនៅស្ថានីយធារាសាស្ត្រជីងហុង (Jinghong) ក្នុងខេត្តយូណាន ប្រទេសចិន ខណៈដែលប្រទេសចិន កំពុងជួសជុលប្រព័ន្ធខ្សែបណ្ដាញអគ្គិសនីពីថ្ងៃទី ៥ ដល់ ២៤ ខែ មករា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ។
គណៈកម្មការនេះបានទទួលព័ត៌មានពីក្រសួងធនធានទឹកចិនមកថា ការជួសជុលខ្សែនៃបណ្ដាញអគ្គិសនីនឹងធ្វើឱ្យលំហូរមានការធ្លាក់ចុះក្នុងកម្រិត ១ ០០០ ម៉ែត្រគុប ក្នុង ១ វិនាទី ចាប់ពីថ្ងៃទី ៥ ដល់ទី ២៤ មករា។
បរិមាណទឹកនឹងត្រឡប់មកសភាពធម្មតាវិញបន្តិចម្ដងៗដូចដែលធ្លាប់មានពីមុននៅថ្ងៃទី ២៥ មករា។ ប៉ុន្តែក្រសួងធនធានទឹកចិនមិនបានបញ្ជាក់ច្បាស់អំពីកម្រិតទឹកដែលធ្លាប់មានពីមុនការធ្លាក់ចុះនេះ ឬកម្រិតទឹកដែលនឹងមាននៅក្រោយការស្ដារទៅសភាពដើមវិញនៅថ្ងៃទី ២៥ មករា ទេ។
តាមការអង្កេតរបស់គណៈកម្មការទន្លេមេគង្គកម្រិតទឹកហូរចេញនៅស្ថានីយជីងហុងបានចាប់ផ្ដើមធ្លាក់ចុះពីកម្រិត ១ ៤១០ ម៉ែត្រគុប ក្នុង ១ វិនាទី កាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២០ មកនៅត្រឹមកម្រិត ៧៦៨ ម៉ែត្រគុប ក្នុង ១ វិនាទីនៅថ្ងៃទី ១ មករា ឆ្នាំ ២០២១ ដែលបង្ហាញថា ការធ្លាក់ចុះមានកម្រិតស្ទើរពាក់កណ្ដាល។ ប៉ុន្តែលំហូរទឹកបានកើនឡើងបន្តិច គឺក្នុងកម្រិត ៧៨៦ ម៉ែត្រគុប ក្នុង ១ វិនាទី នៅចន្លោះពីថ្ងៃទី ១ ដល់ទី ៤ មករា។
គណៈកម្មការទន្លេមេគង្គបានបញ្ជាក់ថា «ជាលទ្ធផលកម្រិតទឹកនៅតាមដងទន្លេមេគង្គនឹងធ្លាក់ចុះក្នុងកម្រិតប្រមាណជា ១,២ ម៉ែត្រ នេះបើយោងតាមទិន្នន័យកម្រិតទឹកដែលបានអង្កេត និងព្យាករ»។
ទឹកទន្លេនេះបានធ្លាក់ចុះរួចហើយក្នុងកម្រិត ២ ម៉ែត្រពីថ្ងៃទី ២ ដល់ទី ៤ មករា នៅស្ថានីយ Chiang Saen ដែលជាស្ថានីយឃ្លាំមើលទឹកនៅប្រទេសថៃ ស្ថិតនៅចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រពីស្ថានីយជីងហុង។ កម្រិតទឹកនេះត្រូវបានរំពឹងថានឹងកើនឡើង ០,០៥ ម៉ែត្រចន្លោះពីថ្ងៃទី ៥ ដល់ទី ១១ មករា។
គណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា៖ «នៅកម្ពុជាកម្រិតទឹកនៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ ឃុំកោះខែល និងអ្នកលឿងមិនបង្ហាញសញ្ញាថយចុះគួរឱ្យកត់សម្គាល់នៅឡើយទេរហូតដល់ថ្ងៃទី ៥ មករា។ កម្រិតទឹកទន្លេនៅទីតាំងទាំងនេះត្រូវគេរំពឹងថានឹងមិនមានការប្រែប្រួលច្រើនទេ គឺធ្លាក់ចុះតែក្នុងកម្រិត ០,០៣ ម៉ែត្រ ទៅ ០,០៧ ម៉ែត្រប៉ុណ្ណោះពីថ្ងៃទី ៩ ដល់ ១១ ខែមករា»។
លោក Lam Hung Son ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងផ្នែកទឹកជំនន់ និងគ្រោះរាំងស្ងួតថ្នាក់តំបន់នៃគណៈកម្មការទន្លេមេគង្គបានថ្លែងថា សកម្មភាពចល័តនៅក្នុងទន្លេ ជាពិសេសនៅតំបន់ជិតស្ថានីយជីងហុងអាចនឹងរងការប៉ះពាល់ជាងកន្លែងផ្សេងទៀតក្នុងអំឡុងពេលនេះ។ សកម្មភាពរកទ្រទ្រង់ជីវភាពខ្លះដូចជាការដាំដុះបន្លែក្នុងទន្លេ និងការនេសាទអាចនឹងរងផលប៉ះពាល់។ លោកបានបន្តថា មជ្ឈមណ្ឌលនេះនឹងបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។
កាលពីខែតុលា ឆ្នាំ ២០២០ ក្រសួងធនធានទឹកចិនបានចុះកិច្ចព្រមព្រៀងមួយជាមួយគណៈកម្មការទន្លេមេគង្គដោយបង្ហាញការប្ដេជ្ញាចិត្តក្នុងការចែករំលែកព័ត៌មានធារាសាស្ត្រជាមួយប្រទេសតាមដងទន្លេមេគង្គ ដើម្បីធានាបានថា ប្រទេសទាំងនោះអាចត្រៀមខ្លួនសម្រាប់គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតចម្បងៗ៕