
កងកម្លាំងចម្រុះរបស់ខេត្តស្ទឹងត្រែងបានចុះបិទសិប្បកម្មកែច្នៃឈើចំនួន ១៦ ទីតាំងជាបណ្ដោះអាសន្ន បន្ទាប់ពីពិនិត្យឃើញថា ទីតាំងទាំងនោះ បានបើកដោយគ្មានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដី។ Freshnews
ស្ទឹងត្រែងៈ កងកម្លាំងចម្រុះរបស់ខេត្តស្ទឹងត្រែងបានចុះបិទសិប្បកម្មកែច្នៃឈើចំនួន ១៦ ទីតាំង ជាបណ្ដោះអាសន្ន បន្ទាប់ពីពិនិត្យឃើញថា ទីតាំងទាំងនោះ បានបើកអាជីវកម្មដោយគ្មានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដី ខណៈមន្ត្រីខេត្តបានអះអាងថា សិប្បកម្មទាំងនោះ នឹងអាចបិទជាអចិន្រៃ្តយ៍ ប្រសិននៅតែបើកអាជីវកម្មបន្តទៀត។
លោក ម៉ែន គុង មន្ត្រីនាំពាក្យសាលាខេត្តស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា អាជ្ញាធរមិនបានឃាត់ខ្លួនម្ចាស់សិប្បកម្មកែច្នៃឈើទាំង ១៦ ទីតាំងនោះទេ ដោយសារតែបច្ចុប្បន្ន អាជ្ញាធរមិនបានរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចខាតធនធានធម្មជាតិព្រៃឈើឡើយ ហើយការបិទសិប្បកម្មជាបណ្ដោះអាសន្ននេះ គឺដោយសារតែជាប់ព័ន្ធនឹងការកែច្នៃ និងស្ដុកផលនិងអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត។
លោក គុង ថ្លែងថា៖ «មិនទាន់ចាត់វិធានការទៅលើម្ចាស់សិប្បកម្មទាំងអស់ហ្នឹងទេ ដោយសារតែយើងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលបានប្រជុំសម្រេចថា ឱ្យធ្វើកិច្ចការងារនេះជាជំហានដំបូង។ ប៉ុន្តែបើគេឃាត់ហើយនិងតម្រូវឱ្យសិប្បកម្មខ្លះត្រូវធ្វើច្បាប់ ប៉ុន្តែគាត់នៅតែបន្តធ្វើទៀតដោយមិនសុំច្បាប់ អាហ្នឹងម្ចាស់សិប្បកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក ម៉ែន គុង ថ្លែងថាបន្ទាប់ពីកងកម្លាំងចម្រុះរួមមានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីប៉ូលិស និងមន្ត្រីកងរាជអាវុធហត្ថ ដឹកនាំដោយលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមសហការដោយព្រះរាជអាជ្ញារងលោក ស៊ីន រក្សា បានចុះពិនិត្យសិប្បកម្មកែច្នៃឈើចំនួន ២៣ ទីតាំង ហើយរកឃើញថា ក្នុងនោះមានចំនួន ១៦ ទីតាំង បានបើកអាជីវកម្មខុសច្បាប់ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាបិទបណ្ដោះអាសន្ន និងបានដកហូតយកឈើគ្មានច្បាប់មួយចំនួនទៅរក្សាទុកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
លោក ម៉ែន គុង បញ្ជាក់ថា ការបិទសិប្បកម្មឈើទាំង ១៦ នេះ បន្ទាប់ពីកម្លាំងចម្រុះបានចុះត្រួតពិនិត្យនៅទូទាំងខេត្តស្ទឹងត្រែង ប៉ុន្តែលោកមិនទាន់ដឹងអំពីចំនួនឈើខុសច្បាប់ប៉ុន្មានដែលត្រូវបានរឹបអូសនៅសិប្បកម្មខុសច្បាប់ទាំង ១៦ ទីតាំងនោះឡើយ។
លោក អន ច័ន្ទសុជាតិ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក អេង ភីរុង ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបដិសេធផ្ដល់ព័ត៌មានអំពីការបង្ក្រាបនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក អេង ហ៊ី វិញ ថ្លែងកាលពីម្សិលមិញថា មិនទាន់ទទួលបានរបាយការណ៍នៃការបិទសិប្បកម្មកែច្នៃឈើទាំងនោះទេ។
ទោះបីជាយ៉ាងណា ការចុះពិនិត្យសិប្បកម្មកែច្នៃឈើទាំងនេះ គឺបានកើតឡើងក្រោយមួយថ្ងៃ បន្ទាប់ពីរដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី ២៩ កក្កដា ដើម្បីបង្ហាញអំពីការប្ដេជ្ញាចិត្តអនុវត្តច្បាប់នានាដូចជាច្បាប់ព្រៃឈើឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
លោក អូ សំអុល មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា រយៈពេលជាង ១០ ថ្ងៃមកនេះ ការដឹកជញ្ជូនឈើតាមម៉ូតូ និងឡាននៅក្នុងខេត្តស្ទឹងត្រែង ហាក់បានស្ងប់ស្ងាត់ជាងមុន បន្ទាប់ពីការបង្ក្រាបរបស់ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានជាតិ ដោយដុតបំផ្លាញចោលរថយន្តជាច្រើនគ្រឿង រួមទាំងចាប់ជនល្មើសព្រៃឈើនិងមន្ត្រីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើមួយចំនួននៅបណ្ដាខេត្តមួយចំនួន៕