សៀមរាប: ឈើ​ប្រណីត​ប្រភេទ​សុក្រំ និង​ធ្នង់​សរុប​ជាង ២០ ​ម៉ែត្រគុប​ក្នុងនោះ​មាន ៦ ម៉ែត្រគុប​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចុះបង្ក្រាប និង​ឆែកឆេរ​នៅ​ទីតាំង​រោង​សន្និធិផល អនុផល​ព្រៃឈើ​ចំនួន ២ ​កន្លែង​ផ្សេង​គ្នា​ កាលពី​ថ្ងៃទី​ ៤ និង​ ៥ ​តុលា​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ដោយ​ម្ចាស់​ទីតាំង​ចំនួន​ ២ នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ ប៉ុន្ដែ​មិន​បាន​ឃាត់​ខ្លួន​នោះ​ទេ​។

លោក ម៉ក់ ធារ៉ា ស្នងការរង​ខេត្ត​សៀមរាប​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួល​បាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​បាន​ចុះទៅ​ត្រួតពិនិត្យ​រកឃើញ​ឈើ​ជាង ២០ ​ម៉ែត្រគុប​ដោយ​មាន​ឯកសារ​ត្រឹមត្រូវ​ចំនួន ១៤ ម៉ែត្រគុប និង​គ្មាន​ឯកសារ​បញ្ជាក់​ចំនួន ៦ ម៉ែត្រគុប​ដែល​កំពុង​លួចលាក់​ទុក​ក្នុង​រោង​មួយ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដែល​លាក់​ ២ ​កន្លែង​ផ្សេងគ្នា​។

លោក​បន្តថា ​ដោយ​ឈើ​ចំនួន ៦ ម៉ែត្រគុប​ ត្រូវ​បាន​សមត្ថកិច្ច​រឹប​អូស​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​តាមច្បាប់​។ ​ចំណែក​ម្ចាស់​ទីតាំង​ចំនួន ២ ​នាក់ ​ត្រូវ​សមត្ថកិច្ច​កោះ​ហៅ​ទៅ​សាកសួរ ប៉ុន្ដែ​មិន​បាន​ឃាត់ខ្លួន​ទេ​ដោយ​គ្រាន់តែ​ធ្វើការ​ផាកពិន័យ​ជា​អន្តរកាល​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ​។

លោក​ ធារ៉ា បញ្ជាក់ថា​៖ «​ឈើ​ទាំងនេះ​ត្រូវ​បាន​ម្ចាស់​រៀបរាប់​ប្រាប់​ពួក​ខ្ញុំ​ជា​សមត្ថកិច្ច​ថា គាត់​បាន​ទិញ​ពី​គេ​យក​មក​បម្រុង​ធ្វើ​ផ្ទះ​ ប៉ុន្ដែ​មិនទាន់​បាន​ធ្វើ​ទេ ដោយ​កំពុង​រៀបចំ​ទិញ​សម្ភារ​បន្ថែម ព្រោះ​នៅ​ខ្វះ​សម្ភារ​ច្រើន​ទៀត​ហើយ​ពួកគាត់​ថា ពួកគាត់​មិនមែន​ជា​អ្នកធ្វើ​អាជីវកម្ម​ឈើ​ទេ​»​។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​បាន​ថ្លែងថា លោក​មិនទាន់​ទទួល​បាន​របាយការណ៍​លម្អិត​ជុំវិញ​ករណីនេះ​នៅឡើយ ដោយ​គ្រាន់តែ​ដឹងថា សមត្ថកិច្ច​ពិតជា​បាន​ចុះទៅពិនិត្យ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​នៅ​ទីតាំង​ខាងលើ ប៉ុន្ដែ​សមត្ថកិច្ច​រកឃើញ​ឈើ​ប្រណីត​ប៉ុន្មាន​នោះ លោក​មិនទាន់​ដឹង​ច្បាស់​ទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ដឹង​រឿង​ហ្នឹង តែ​មិនទាន់​បាន​ទទួល​របាយការណ៍​លម្អិត​នៅឡើយ ព្រោះ​មន្ត្រី​យើង​កំពុង​ធ្វើការ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​ដែរ​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​នេះ​ទេ ដោយ​គ្រាន់តែ​សាកសួរ​ធម្មតា​»​។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​។

តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្លាំងចម្រុះ​រួមមាន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​សៀមរាប រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន​ក្រោម​ការដឹកនាំ​ដោយ​លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​បាន​ចុះបង្ក្រាប និង​ធ្វើការ​ឆែកឆេរ​ទីតាំង​សន្និធិផល អនុផល​ព្រៃឈើ​ ២ ​កន្លែង​។

របាយការណ៍​បន្តថា​ក្នុង​នោះ​មាន​ម្ចាស់​ទីតាំង​ឈ្មោះ លៀម មុំ ភេទ​ស្រី អាយុ​ ៤៤ ​ឆ្នាំ និង ​១​ ​កន្លែង​ទៀត​ជា​របស់​ឈ្មោះ អេង សុម៉ាលីន ភេទ​ស្រី អាយុ​ ៣៨ ​ឆ្នាំ​ ដែល​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​លើដី​ឈ្មោះ​ លៀម មុំ ​ដោយ​ពួកគាត់​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។ សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រភេទ​លេខ​ ១ សុក្រំ​ចំនួន ៣២២ ​ដុំ ស្មើនឹង ១៩,៦៧០ ​ម៉ែត្រគុប និង​ឈើ​ប្រភេទ​ធ្នង់​ចំនួន​ ១២០ ​ដុំ​ស្មើនឹង ១២,០០ ​ម៉ែត្រគុប​ដោយ​សរុប​ឈើ​ទាំងអស់​ស្មើនឹង ២០,៨៧០ ​ម៉ែត្រគុប​។

អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់ថា​៖ «​ក្រោយពី​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​វាស់វែង និង​ផ្ទៀងផ្ទាត់​វិក្កយបត្រ​ទិញ​ឈើ​ពី​ដេប៉ូ​លក់​រួចមក​ឃើញថា មាន​ឈើ​ចំនួន ៦,២៣០ ​ម៉ែត្រគុប​ គ្មាន​ច្បាប់​អនុញ្ញាត​។ ចំពោះ​ចំនួន​ឈើ​ដែល​គ្មាន​ច្បាប់​នោះ​ជា​វត្ថុតាង​នៃ​បទល្មើស ព្រោះ​គ្មាន​លិខិត​ពី​មន្ត្រី​ជំនាញ​ត្រូវបានធ្វើ​កំណត់ហេតុ​ដកហូត និង​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​»៕