
គ្រឿងចក្រដែលបានប្រើប្រាស់ឈូសឆាយទន្ទ្រានយកដីព្រៃរដ្ឋ។ រូបថត ហ្វេសប៊ុក
ស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង កំពុងស្រាវជ្រាវស្វែងរកមេខ្លោងនៅពីក្រោយការឈូសឆាយដីគម្របព្រៃឈើ ស្ថិតនៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ទន្ទឹមពេលសហគមន៍តំបន់ក្បែរនោះកំពុងព្រួយបារម្ភការឈូសឆាយអាចរាលដាលចូលមកដល់ដីសហគមន៍ពួកគាត់។
លោក ម៉ែន គុង នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែឧសភានេះថា សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងចុះទៅធ្វើការស្រាវជ្រាវស្វែងរកមេខ្លោងនៅពីក្រោយការឈូសឆាយដីគម្របព្រៃឈើ ស្ថិតនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តវិញ ខណៈគ្រឿងចក្រចំនួន ៣ គ្រឿងត្រូវបានមន្ត្រីជំនាញឃាត់ធ្វើកិច្ចសន្យា និងពិន័យអន្តរការណ៍រួចមកហើយ។
លោកថ្លែងថា៖ «ឯកឧត្តមអភិបាលខេត្ត មិនដាក់បន្ទុកធ្ងន់ទៅលើម្ចាស់គ្រឿងចក្រហ្នឹងទេ ព្រោះម្ចាស់គ្រឿងចក្រនោះ គឺស៊ីឈ្នួលគេទេ សំខាន់គឺទៅរកមេខ្លោងណាដែលបញ្ជាការឈូសឆាយដីព្រៃរបស់រដ្ឋឱ្យឃើញ ហើយចាត់វិធានការទៅលើក្រុមមេខ្លោងហ្នឹង»។
លោក ម៉ែន គុង ថ្លែងថា ក្នុងពេលថ្មីៗនេះអាជ្ញាធរខេត្តក៏បានឱ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវដីព្រៃស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ដើម្បីពិនិត្យមើលឱ្យបានជាក់ច្បាស់ថា ដីនោះជាដីរបស់ប្រជាពលរដ្ឋ ឬដីមានពាក់ព័ន្ធដីគម្របព្រៃឈើ បន្ទាប់ពីមានព័ត៌មាននៃការឈូសឆាយតំបន់នោះថាជាដីរបស់ពលរដ្ឋ។
លោកថ្លែងថា៖ «ករណីថ្មីៗនេះមានព័ត៌មានមកថា ពលរដ្ឋឈូសឆាយដីចម្ការរបស់គាត់ ប៉ុន្តែយើងយកកម្លាំងជំនាញទៅពិនិត្យមើលសិនថាតើ វានៅក្នុងផែនទីតំបន់ការពារដែរឬអត់»។
លោក សួស ភក្តី លេខាធិការសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត ថ្លែងថា ការឈូសឆាយដីព្រៃរបស់រដ្ឋក្នុងតំបន់អន្លង់ជ្រៃបានខិតជិតដល់ព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃទៅហើយ។ ពេលនេះគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ អន្លង់ជ្រៃ កំពុងមានការព្រួយបារម្ភ ចំពោះការវាតទីរបស់ឈ្មួញអាចឈានចូលដល់ដីព្រៃការពាររបស់សហគមន៍។
លោកថ្លែងថា៖ «បើតាមពួកខ្ញុំជាសហគមន៍នៅតំបន់ការពារធម្មជាតិជាប់ក្បែរៗគ្នានេះមានការបារម្ភខ្លាចអាជ្ញាធរមានសមត្ថកិច្ច ធ្វើការហាមឃាត់មិនឈ្នះ ការលួចឈូសឆាយដីព្រៃពីជនប្រព្រឹត្តបទល្មើស ព្រោះការឈូសឆាយនេះ មានលក្ខណៈទ្រង់ទ្រាយធំ រាប់រយហិកតាមិនមែនជាលក្ខណៈគ្រួសារទេ»។
លោក ប៊ី វណ្ណី មន្ត្រីសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែងបានកត់សម្គាល់ឃើញថា ការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋនៅខេត្តស្ទឹងត្រែងនៅតែមាន បើទោះជាពាក្យបណ្តឹង ឬការរាយការណ៍ពីប្រជាពលរដ្ឋទៅអាជ្ញាធរពាក់ព័ន្ធយ៉ាងណាក៏ដោយ ប៉ុន្តែវិធានការច្បាប់នៅតែមិនទាន់មានភាពល្អប្រសើរ។
លោកថ្លែងថា៖ «ការអនុវត្តច្បាប់អត់ទាន់មានវិធានការណាមួយច្បាស់លាស់ទេ យើងឃើញថាមានការហៅសាកសួរប្រជាពលរដ្ឋមួយចំនួនដែរ ប៉ុន្តែពាក់ព័ន្ធនឹងមន្ត្រីដែលមានពាក់ផ្កាយពាក់អី មិនទាន់ឃើញមានការចាត់វិធានការទេ។ មួយវិញទៀត អត់ឃើញ ប្រកាសថាដកដីហ្នឹង ជាដីរបស់រដ្ឋហើយបោះបង្គោលព្រំ បញ្ជាក់ថានេះជាដីរបស់រដ្ឋ មិនឱ្យមានការប៉ះពាល់នោះទេ»៕