មណ្ឌលគិរី/បាត់ដំបងៈ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​បាត់ដំបង់​បាន​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​នគរបាល​ពី​ជំនាញ​ក្នុង​ការបង្ក្រាប​បាតុកម្ម​ដែល​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងថា ការហ្វឹកហ្វឺន​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​កងកម្លាំង និង​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ត្រៀម​បង្ក្រាប​ទៅ​លើ​ក្រុម​ទាំងឡាយ​ណា​ដែល​បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ និង​មានបំណង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ផងដែរ​។

បើ​យោងតាម​គេហទំព័រ អគ្គស្នងការ​នគរបាលជាតិ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី​បាន​ចាត់​ឲ្យ​លោក​ស្នងការរង​ទទួល​ផែន​ធនធាន​មនុស្ស​រៀបចំ​បើក​វគ្គ​ហ្វឹកហ្វឺន​ពី​លំហាត់​របៀប​ និង​ជំនាញ​យុទ្ធវិធី​ប្រឆាំង​នឹង​បាតុកម្ម​ដល់​មន្ត្រីនគរបាល​ចំនួន ១៣៣ ​នាក់​។

លោក​ ឡោ សុខា ​ថ្លែង​ថា៖ «​ដើម្បី​ចូលរួម​ហ្វឹកហ្វឺន​មេរៀន លំហាត់​របៀប និង​ជំនាញ​យុទ្ធវិធី​ប្រឆាំង​បាតុកម្ម​។ វគ្គ​ហ្វឹកហ្វឺន​ខាងលើ​នេះ​ត្រូវ​បាន​បើក​ជា​បន្តបន្ទាប់ ដើម្បី​ក្រើនរំឭក​ដល់​កងកម្លាំង​កុំ​ឲ្យ​ភ្លាំងភ្លេច​។ ដូច្នេះ​កងកម្លាំង​ដែល​ត្រូវ​ហ្វឹកហ្វឺន​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ត្រងត្រាប់​ស្តាប់ ដើម្បី​យក​មេរៀន​ទាំងនេះ​ទៅ​អនុវត្ត​ជាក់ស្តែង​»​។

លោក ឌុន សុខា ​ស្នងការរង​ខេត្ត​មណ្ឌលគិរី​ថ្លែង​ថា ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​តែងតែ​បើក​វគ្គ​ហ្វឹកហ្វឺន​ពី​លំហាត់​របៀប និង​ជំនាញ​យុទ្ធវិធី​ប្រឆាំង​បាតុកម្ម​ដល់​មន្ត្រី​នគរបាល ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។ លោក​បញ្ជាក់​ថា​៖ «​យើង​ធ្វើការ​ហ្វឹកហាត់​រហូត​ដោយ​មិនមាន​គិត​ថ្ងៃ​។ កម្លាំង​យើង​ត្រូវតែ​ធ្វើការ​ហ្វឹកហាត់​ជំនាញ​រហូត ដើម្បី​ឲ្យ​ការពារ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​»​។

ជាមួយ​គ្នា​នេះ​ដែរ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ក៏​បាន​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​នគរបាល​ដូចគ្នា​ផងដែរ​។

លោក អ៊ុច សុខុន ​ស្នងការ​ខេត្ត​បាត់ដំបង​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​ស្នងការរង​ខេត្ត​បាត់ដំបង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ការរៀបចំ​បើក​វគ្គ​ហ្វឹកហ្វឺន​ពី​លំហាត់​របៀប​ និង​ជំនាញ​យុទ្ធវិធី​ប្រឆាំង​បាតុកម្ម​ដល់​មន្ត្រីនគរបាល​នេះ​គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ក្នុង​ពេលចេញ​ប្រតិបត្តិការ​ថែរក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ហ្វឹកហ្វឺន​ពី​លំហាត់​របៀប និង​ជំនាញ​យុទ្ធវិធី ប្រឆាំង​បាតុកម្ម​ដល់​មន្ត្រីនគរបាល​ជាច្រើន​នាក់​»​។

លោក​ ឆាយ ​គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​ពាក់ព័ន្ធ​នឹង​ការហ្វឹកហ្វឺន​ដល់​កម្លាំង​នគរបាល​នេះ​។

ប៉ុន្តែ​នាយឧត្តម​សេនីយ៍ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ស្នងការដ្ឋាន​នគរបាល​ខេត្ត​នីមួយៗ​ត្រូវ​តែ​ធ្វើការ​ហ្វឹកហ្វឺន​ពី​លំហាត់​របៀប និង​ជំនាញ​យុទ្ធវិធី​ប្រឆាំង​បាតុកម្ម​ដល់​មន្ត្រី​នគរបាល ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព និង​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។

លោក​បន្ថែម​ថា ការហ្វឹកហ្វឺន​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ត្រៀម​ទប់ស្កាត់ និង​បង្ក្រាប​ទៅ​លើ​ក្រុម​ទាំងឡាយ​ណា​ដែល​បង្ក​ឲ្យ​មាន​ភាពអសន្តិសុខ និង​មាន​បំណង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​។

លោក​បញ្ជាក់ថា​៖ «​យើង​មិន​ដែល​បង្គ្រាប​គណបក្សប្រឆាំង​ទេ​តែ​យើង​បង្ក្រាប​អ្នកណា​ដែល​ធ្វើឲ្យ​បាត់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ហើយ​អ្នកណា​ដែល​រៀប​គម្រោង​ចូលមក​វិញ ធ្វើ​សកម្មភាព​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ដូច្នេះ​សមត្ថកិច្ច និង​កម្លាំង​គ្រប់បែប​យ៉ាង​ត្រៀម​ទប់ស្កាត់​ពួក​ហ្នឹង​ឲ្យ​បាន ដើម្បី​រក្សា​សន្តិសុខ​ជូន​សង្គមជាតិ​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា ការហ្វឹកហ្វឺន​កងកម្លាំង​នគរបាល​នេះ​គឺ​សំដៅ​ទប់ស្កាត់ និង​បង្ក្រាប​ទៅលើ​អ្នកគាំទ្រ​ផែនការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ដែល​នេះ គឺជា​ការ​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ហើយ​នឹង​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​កាន់តែ​​ធ្ងន់ធ្ងរ​។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​វា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច និង​ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​តែ​ការចាប់​​មនុស្ស ការចោទប្រកាន់​ដែល​ធ្វើឲ្យ​អន្តរជាតិ​មើលឃើញ​ថា​ប្រទេស​កម្ពុជា​បាននិង​កំពុង​តែ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​យ៉ាងខ្លាំង​ទៅលើ​អ្នកប្រឆាំង​ដែល​វា​ប៉ះពាល់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​»៕