កំពង់ធំ៖ សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ ​កំពុង​ស្វែង​ចាប់ខ្លួន​មន្ត្រី​អាវុធហត្ថ​ម្នាក់ ​ដែលជា​ជំនួយការ​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ស្រុក​សណ្តាន់ ​ដែល​បានប្រើ​ហិង្សា​ចាក់​ប្រពន្ធ​ខ្លួនឯង​របួសធ្ងន់​ប្រព្រឹត្ត​នៅ​ភូមិ​ត្បូង​ទឹក​ ឃុំ​មាន​រិទ្ធ ​នៅ​ថ្ងៃ​ទី ២៣​ ឧសភា។

លោក​ ផុន សុផល ​នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃ​ទី ២៣ ​ឧសភា​ថា ​ជនសង្ស័យ​ឈ្មោះ​ ស្រ៊ន ពេជ្រ​រស្មី ​អាយុ ៣៦ ឆ្នាំ ​និង​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​ គួច មួយ​ហៀក ​អាយុ ៣០ ឆ្នាំ។ ​ពួកគេ​រស់នៅ​ក្នុង​ភូមិត្បូង​ទឹក​ ឃុំ​មាន​រិទ្ធ ​ស្រុក​សណ្តាន់ ​ខេត្ត​កំពង់ធំ។ ជន​សង្ស័យ​រូបនេះ​ជាមន្ត្រី​អាវុធហត្ថ​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​សណ្តាន់​ មាន​តួនាទី​ជា​ជំនួយការ។

លោក​ប្រាប់ថា​៖ «ករណីនេះ​យើង​កំពុង​រាយ​កម្លាំង​ដាក់​កម្លាំង​នៅតាម​ភូមិ​ឃុំ ​និង​ស្រុក​កើតហេតុ ​ដើម្បី​ស្វែងរក​ជនសង្ស័យ​ហើយ។ យើង​ខ្លាច​ជនសង្ស័យ​ពួន​នៅ​គុម្ពោត​ព្រៃ​ណាមួយ​ហើយ​យើង​កំពុង​រុករក​ជន​នោះ​ហើយ»។

លោក​ប្រាប់​តាម​សម្តី​សាច់ញាតិ​ស្ត្រី​រងគ្រោះ​ថា ​ជនសង្ស័យ​ឈ្មោះ ​ស្រ៊ន ពេជ្រ​រស្មី និង​នារី​ឈ្មោះ​ គួច មួយ​ហៀក​បាន​រៀប​ការ​ជាមួយគ្នា​ត្រឹមត្រូវ​តាមច្បាប់​មិនមែន​ជា​គូស្នេហ៍​លួចលាក់​អ្វី​ទេ។ ប៉ុន្តែ​មួយរយៈ​ពេល​កន្លងមក​ អ្នក​ទាំង​ ២ នាក់​ចេះតែ​មាន​ទំនាស់​រកាំរកូស​នឹង​គ្នា​ រហូត​មានទំនាស់​ពាក្យសម្តី​គ្នា​ផង។ លុះ​នៅ​ព្រឹក​ថ្ងៃទី ២៣ ឧសភា ​ពួកគេ​បាន​ឈ្លោះ​គ្នា​ម្តង​ទៀត​ ហើយ​សាច់ញាតិ​ខាង​ស្រី ​ក៏​ចេះតែ​ហាមឃាត់​កុំឱ្យ​ឈ្លោះ​គ្នា​ ព្រោះ​ខ្លាច​ខ្មាសញាតិ​ជិត​ខាង។

លោក​បន្តថា ​ការហាមឃាត់​ពី​សំណាក់​សាច់ញាតិ​ខាង​នារី​រងគ្រោះ​នោះ​ គឺ​ជនសង្ស័យ​ហាក់​មិន​ស្តាប់​តាម​ទេ។ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ ជនសង្ស័យ​កាន់តែ​ក​ញ្ជ្រោល​ខ្លាំង​ឡើងៗ​ហើយ​បាន​យក​កាំបិត​បន្ទោះ​ចាក់​ទៅលើ​នារី​ជា​ប្រពន្ធ​បណ្តាលឱ្យ​ត្រូវចំ​ដៃ​ឆ្វេង​ចំនួន​ ២ កាំបិត ​ដៃស្តាំ​ចំនួន​ ២ កាំបិត ​និង​កញ្ចឹងក​ពី​ខាង​ក្រោយ​ចំនួន​ ១ កាំបិត។ ពេលនោះ​សាច់ញាតិ​ខាង​នារី​រងគ្រោះ​បាន​ចូលទៅ​ជួយ​ហើយ​ជនសង្ស័យ​ក៏​គេចខ្លួន​នៅ​ពេលនោះ​ទៅ។

បើ​តាម​លោក ផុន ​សុផល ​ករណី​នេះ ​ក្រុមគ្រួសារ​ខាង​នារី​រងគ្រោះ​ មិនបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ស្រុក​សណ្តាន់​ឱ្យបាន​ទាន់ពេល​ទេ។ ​ព្រោះ​ពេល​នោះ​ពួកគាត់​រវល់​តែ​ភ័យ​នឹង​នារី​រងគ្រោះ​ដោយសារ​មាន​របួសធ្ងន់​ពេក និង​ចាត់ចែង​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សិន។ ក្រោយមក​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សណ្តាន់​បាន​រាយ​ការណ៍​មក​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត ​ហើយ​លោក​បាន​ចាត់​កម្លាំង​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ​តែម្តង។

លោក​បញ្ជាក់ថា ​ក្រោយពី​កើតហេតុ​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​សណ្តាន់ ​និង​កម្លាំង​សមត្ថកិច្ច​នៃ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ហើយ​ ដើម្បី​យកមក​ផ្តន្ទាទោស​តាម​ច្បាប់៕