រតនគិរីៈ ម៉ូតូ​កែច្នៃ​សម្រាប់​ដឹកឈើ​ខុសច្បាប់​ចំនួន​ ៣ ​គ្រឿង និង​ឈើ​ប្រណីត​ប្រភេទ​ដើម​គគីរ និង​សុក្រំ​សរុប​ចំនួន​ ១២ ​ដុំ ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប្រទះឃើញ និង​រឹបអូស​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក សុខ មីន មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​កាលពី​រសៀល​ថ្ងៃទី​ ៥ ខែមេសា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាតព្រៃ ដើម្បី​ទប់ស្កាត់ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​។ ពេល​នោះបាន​ប្រទះឃើញ​ម៉ូតូ​កែច្នៃ​ដឹកឈើ​ចំនួន​ ៣ ​គ្រឿង ​ត្រូវបាន​គេ​ចត​ចោល​នៅក្នុង​ព្រៃ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត​ ១ ​គីឡូម៉ែត្រ​ពី​ភូមិ​តេន ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ​។

លោក​មេបញ្ជាការ​បានបញ្ជាក់​ថា​៖ «​នៅក្បែរ​ម៉ូតូ​ទាំង​ ៣ ​គ្រឿង​នោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​រកឃើញ​ដុំ​ឈើ​ប្រណីត​សរុប​ចំនួន​ ៨ ​ដុំ​ក្នុង​នោះ​ដុំ​ឈើ​ប្រភេទ​គគីរ​ចំនួន​ ៦ ​ដុំ និង​ដុំ​ឈើ​ប្រភេទ​សុក្រំ​ចំនួន​ ២ ​ដុំ​។ បច្ចុប្បន្ន​ម៉ូតូ​កែច្នៃ និង​ដុំ​ឈើ​ទាំងនោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​យើង​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរយ៉ាដាវ ដើម្បី​ធ្វើការ​វាស់វែង និង​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

ជុំវិញ​ករណីនេះ​លោក​ កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​[​ម្សិលមិញ​]​នេះ លោក​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​ស្ដីពី​ការប្រគល់ និង​ទទួល​វត្ថុតាង​នៃ​បទល្មើស​ពី​ខាង​សមត្ថកិច្ច​កងកម្លាំង​រាជអាវុធហត្ថ ឬ​ពី​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរយ៉ាដាវ​នៅឡើយ​ទេ​។

លោក​ កែប កត់ ​បាន​បញ្ជាក់ថា​៖ «​កុំថាឡើយ​របាយការណ៍ វាស់វែង​ដុំ​ឈើ​ទាំងនោះ សូម្បី​របាយការណ៍​ប្រគល់ និង​ទទួល​វត្ថុតាង​បទល្មើស​ក៏​ខ្ញុំ​នៅ​មិនទាន់​ទទួល​បានដែរ រហូត​មកទល់​ពេលនេះ​»​។

ដោយឡែក​នៅឯ​ខេត្ត​មណ្ឌលគិរី​ឯនោះ​វិញ លោក​ ប៉ៃ លិន មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​ព្រឹក​ថ្ងៃទី​ ៥ ខែមេសា កម្លាំង​របស់លោក​បាន​ចុះ​ល្បាត​នៅ​តាម​ច្រករបៀង​មួយចំនួន​ជាប់​ព្រំប្រទល់​ដែនកម្ពុជា-វៀតណាម ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​នៅតាម​ជួរ​បន្ទាត់​ព្រំដែន​ផង និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ផង​។

ខណៈនោះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​កំណាត់ឈើ​ប្រភេទ​សុក្រំ​ចំនួន​ ៤ ​ដុំ​ដែល​ក្នុង​ ១ ​ដុំៗ​មាន​មុខកាត់​ទំហំ​ ៤០ ​សង់ទីម៉ែត្រ និង​មាន​ប្រវែង​ ៣ ​ម៉ែត្រ​ដែល​ត្រូវបាន​គេ​លាក់ទុក​នៅក្នុង​ព្រៃ​ស្ថិត​ក្នុង​ចម្ងាយ​ប្រមាណ​ ១ ​គីឡូកន្លះ​ពី​ព្រំដែន​កម្ពុជា-វៀតណាម​។

លោក​ ប៉ៃ លិន បាន​និយាយថា​៖ «​នៅពេលនេះ កំណាត់​ឈើ​ទាំងនោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង​ប្រមូល​ដឹក​យកទៅ​រក្សាទុក​នៅឯ​បន្ទាយ​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា​ជា​បណ្ដោះអាសន្ន ដើម្បី​ប្រគល់ជូន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​វាស់វែង និង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​»៕