ពោធិ៍សាត់: ក្នុងអំឡុងពេល​ប្រមាណ​ ១ ​សប្ដាហ៍ ​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​រវៀង​ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ​បាន​ដើរល្បាត​ក្នុង​តំបន់​ការពារ​សត្វព្រៃ​រវៀង​បាន​រឹបអូស​សាច់សត្វ​ព្រៃ សម្ភារ និង​សំណង់​ខុសច្បាប់​ជាច្រើន​ដែលជា​ការគំរាមកំហែង​​ដល់​ជីវិត​សត្វព្រៃ​កំពុង​រស់នៅក្នុង​តំបន់​ការពារ​រវៀង​ក្នុង​ខេត្តពោធិ៍សាត់​។

តាម​របាយការណ៍​ដែល​ដាក់​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ (Wildlife Alliance) ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៧ ​ខែមីនា ​នេះ​ថា ក្នុងអំឡុង​សប្ដាហ៍​នេះ មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​រវៀង​បាន​ចុះល្បាត​រឹបអូស​សាច់​ឈ្លូស​ទម្ងន់ ៤០ ​គីឡូក្រាម ផ្ទះ​ខុសច្បាប់​ចំនួន ៣ ​កន្លែង ជំរំ​ខុសច្បាប់​ចំនួន ៣ កន្លែង កាំភ្លើង​ច្នៃ​ចំនួន ៥ ​ដើម គោយន្ត​ចំនួន ១ ​គ្រឿង រទេះគោ​ចំនួន ៨ គ្រឿង ឧបករណ៍​ឆក់​ត្រី​ចំនួន ២ គ្រឿង អន្ទាក់​ចំនួន ៣១៤ អន្ទាក់ សំណាញ់​ចាប់​សត្វ​បក្សី​ចំនួន ១ និង​ឈើ​ចំនួន ៥ ​ម៉ែត្រគុប​។

អង្គការ Wildlife Alliance បាន​ឲ្យ​ដឹងថា វត្ថុតាង​ទាំងអស់​ត្រូវបាន​រកឃើញ​ដោយ​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​រវៀង​នេះ​គឺ​ក្នុងអំឡុងពេល​ចុះ​ល្បាត​ក្នុង​រយៈពេល​វែង ប៉ុន្ដែ​មនុស្ស​ដែលជា​ជនសង្ស័យ​បាន​រត់គេចខ្លួន​ចេញពី​កន្លែង​ប្រព្រឹត្ត​បទល្មើស​។ ក្រៅពី​ការចុះ​បង្ក្រាប​ការចុះ​ល្បាត អង្គការ​ធ្លាប់​ចុះ​អប់រំ​ណែនាំ​ពី​ការបរិភោគ​សាច់សត្វ​ព្រៃ​ដែល​ជាការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​។

Wildlife Alliance បញ្ជាក់ថា​៖ «​ដូចដែល​យើង​កំពុង​មើលឃើញ​ហើយ​នៃ​ការរីក​រាលដាល​របស់​កូរ៉ូណា​វីរុស​មួយ​នេះ ប៉ុន្តែ​ជារឿយៗ​សត្វព្រៃ​តែងតែ​ត្រូវបាន​រឹបអូស​ហើយ​សាច់​ដែល​នៅសល់​ត្រូវបាន​យក​ទៅ​ក្លាស្សេ​ទុក​ក្នុង​រយៈពេល​យូរ​មុននឹង​បញ្ជូន​ទៅ​លក់​ឲ្យ​អ្នក​បរិភោគ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ​សាច់​សត្វព្រៃ​។ ការបរិភោគ​សាច់សត្វ​ព្រៃ​នេះ​ជា​ការបង្កើត​ឱកាស​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​ជំងឺឆ្លង​។ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កំពុង​ជំរុញ​ឲ្យ​​ប្រជាជន​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​របស់​អ្នក និង​ប្រជាជន​កម្ពុជា​»​។

លោក ខឹម ពុទ្ធីរាវង្ស ប្រធាន​ក្រុម​ការងារ​បង្ក្រាប និង​សង្គ្រោះ​សត្វព្រៃ​បន្ទាន់​​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​លោក​កំពុង​ជាប់រវល់​ប្រជុំ​។

លោក ចាន់ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ពី​ថ្ងៃ​ម្សិលមិញ​ថា កម្លាំង​លោក​មិនបាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​​ឧទ្យានុរក្ស​ស្នាក់ការ​រវៀង និង​អង្គការ Wildlife Alliance ក្នុង​សកម្មភាព​ចុះ​ល្បាត​នេះ​ទេ ព្រោះ​អង្គការ​មិនបាន​ស្នើសុំ​កម្លាំង​។

លោក​បញ្ជាក់ថា​៖ «​កម្លាំង​ខ្ញុំ​អត់​បាន​ចូលរួម​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​រវៀង និង​អង្គការ Wildlife Alliance ទេ ព្រោះ​អង្គការ​មិនបាន​ស្នើសុំ​ឲ្យ​ជួយ​គាត់​ទេ​។ ខ្ញុំ​គិតថា ប្រហែល​ជា​កម្លាំង​អង្គការ​គាត់​គ្រប់គ្រាន់​ហើយ​ទើប​បាន​ជា​គាត់​មិន​ចង់​ស្នើ​កម្លាំង​បន្ថែមទៀត​បែបនេះ​»​។

លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​៕