ភ្នំពេញៈ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារ បានឃាត់ខ្លួនជនជាតិចិន ៣ នាក់បន្ថែមទៀត ដោយរឹបអូសទឹកប្រាក់ចំនួន ៩០ ម៉ឺនដុល្លារ បន្ទាប់ពីពួកគេបាននាំចូលលុយទាំងនេះតាមច្រកទ្វារអន្ដរជាតិភ្នំពេញ ខណៈមន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា ករណីនាំលុយខុសច្បាប់មកកម្ពុជាជាបន្តបន្ទាប់នេះ មិនទាន់មានសញ្ញាណណាមួយពាក់ព័ន្ធនឹងបទល្មើសហិរញ្ញប្បទានភេរវកម្មនៅឡើយទេ។
តាមរបាយការណ៍របស់ការិយាល័យគយព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដែលបានផ្តល់ឲ្យបណ្តាសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ជនជាតិចិនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ រួមមាន ឈ្មោះ Huang Canming អាយុ ២៧ ឆ្នាំ និងទី២៖ ឈ្មោះ Yang Yongwei អាយុ ២៦ ឆ្នាំ ដែលពួកគេបានធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេស ចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញតាមជើងយន្ដហោះលេខ LQ971 ខណៈជនជាតិចិនម្នាក់ទៀត ឈ្មោះ Zizheng Zheng អាយុ ៣២ ឆ្នាំ ជាអ្នកមកចាំទទួលនៅភ្នំពេញ។
តាមការអះអាងដដែលបានបញ្ជាក់ថា ក្រោយធ្វើការត្រួតពិនិត្យ និងបានរកឃើញក្រដាសប្រាក់ដែលជនសង្ស័យដាក់ក្នុងកាបូបយួរដៃចំនួន ៣ ដែលមានទឹកប្រាក់សរុប ៩០០ ០០០ ដុល្លារ ដោយអ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះឡើយ។ ការនាំចូលក្រដាស ប្រាក់ទាំងនេះមានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយអះអាងថា ជាប់រវល់។ លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មិនអាចទាក់ទងបានទេ។
យោងតាមប្រកាសលេខ ០១៣ ចុះថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ស្តីពីនីតិវិធីក្នុងការនាំចេញនាំចូលរូបិយប័ណ្ណបរទេស ការនាំចូលរូបិយប័ណ្ណបរទេសមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូនានា ភ្ញៀវគ្រប់ប្រភេទ នីតិបុគ្គលនិងរូបវ័ន្តបុគ្គលដទៃទៀត ហៅកាត់ថា “អ្នកតំណាង” ពុំមានការកម្រិតបរិមាណទេ។ ប៉ុន្តែសម្រាប់អ្នកដំណើរដែលនាំចូលនូវរូបិយប័ណ្ណបរទេស មានទឹកប្រាក់ស្មើឬលើសពី ១០ ០០០ “មួយម៉ឺន” ដុល្លារអាមេរិក ចាំបាច់ត្រូវបំពេញប្រតិវេទន៍គយ តាមនីតិវិធីកំណត់ជាធរមាន ហើយត្រូវប្រគល់ ឲ្យមន្ត្រីគយ សម្រាប់ពិនិត្យផ្ទៀងផ្ទាត់នៅពេលនាំចេញទៅវិញ។
កាលពីចុងខែឧសភា ជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយនឹងទឹកប្រាក់ជិត ១ លានដុល្លារអាមេរិក ដែលបាននាំចូលពីទីក្រុងហុងកុង ប្រទេស ចិន និងករណីដោយឡែកមួយទៀតជនជាតិចិនចំនួន ៣ នាក់ ត្រូវបានឃាត់ពាក់ព័ន្ធនឹងការនាំចូលលុយពីក្រៅប្រទេសយកមកសម្អាតនៅកម្ពុជា ចំនួន ៣ លាន ៥ សែន ២ ម៉ឺនដុល្លារអាមេរិក។ កាលពីថ្ងៃអាទិត្យកន្លងមកថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាប ក៏បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ២ នាក់ និងបានរឹបអូសប្រាក់ចំនួន ២ លាន ២ សែនដុល្លារ ឆ្លងកាត់ព្រលានយន្តហោះខេត្តនេះផងដែរ។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ករណីជនបរទេស ដែលតែងនាំទឹកប្រាក់ដ៏ច្រើនលើសលប់មកកម្ពុជាជាបន្តបន្ទាប់នេះ ភាគច្រើនគឺដើម្បីធ្វើការវិនិយោគនៅកម្ពុជា ព្រោះតែពួកគេចង់គេចពីការទទួលខុសត្រូវក្នុងការបង់ពន្ធ ម្យ៉ាងទៀតទឹកប្រាក់ដែលពួកគេនាំចូលមកនេះ គឺគ្មានប្រភពច្បាស់លាស់ ។
លោកថា៖ «ភាគច្រើននៃពួកគេដែលនាំមក គឺចង់រកស៊ីវិនិយោគ ប៉ុន្តែយកមកតាមផ្លូវខុសច្បាប់ដែលមិនដាក់តាមធនាគារ ដើម្បីអនុវត្តតាមច្បាប់អី តែចេះតែលួចលាក់មក ក្នុងគោលដៅគេចការទទួលខុសត្រូវខាងពន្ធដារ។ យើងក៏មានការប្រយ័ត្នប្រយែងដូចគ្នាដែរចំពោះករណីនេះ ដោយយើងរកមិនទាន់ឃើញទេថា ពួកគេមានជាប់ពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ដែលនាំលុយហ្នឹងមកធ្វើភេរវកម្មអី គឺមិនទាន់មានទេ ព្រោះពួកគេគ្រាន់តែយកមករកស៊ីនៅក្នុងស្រុកខ្មែរ»៕