តាកែវៈ មន្ត្រីកងរាជអាវុធហត្ថម្នាក់បានរងគ្រោះថ្នាក់ដល់បាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិបង្កឲ្យមានខ្យល់កន្ត្រាក់លាយឡំរន្ទះបាញ់ទៅលើកន្លែងស្នាក់នៅរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៧ ខ្នងរងការខូចខាត។
លោក ជា សំអុល ស្មៀនឃុំអូរសារាយ ស្រុកត្រាំកក់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា គ្រោះធម្មជាតិដោយរន្ទះបាញ់បានកើតឡើងកាលពីថ្ងៃ ៩ ខែមីនា ខណៈពេលមានភ្លៀងកក់ខែធ្លាក់ជាលើកដំបូង ហើយជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ អ៊ុត ផល្លា ដែលមានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថនៃកងអនុសេនាធំទី ១០។
លោក សំអុល បានឲ្យដឹងថា៖ «រន្ទះបាញ់នេះបានបាញ់លើជនរងគ្រោះ នៅក្នុងបន្ទាយរបស់ខ្លួនដែលជាកន្លែងជនរងគ្រោះសម្រាកតែម្តង។ ការបាញ់នេះអាចបណ្តាលមកពីការឆ្លងចរន្ត ព្រោះពេលនោះជនរងគ្រោះបានដោតបញ្ចូលថ្មទូរស័ព្ទ»។
លោក ឈឹម សុវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តតាកែវបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ភ្លៀងកក់ខែជាលើកដំបូង ដែលមានលាយជាមួយនឹងខ្យល់ព្យុះផងនោះក៏បានធ្វើឱ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៧ ខ្នងស្ថិតនៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ក្បែរឃុំដែលជនរងគ្រោះស្នាក់នៅបានរងការខូចខាតផងដែរ។
លោក សុវ៉ាត់ឌី ថ្លែងថា៖ «ហេតុនោះមានតែការខូចខាតផ្ទះមួយចំនួនទេ ចំណែកម្ចាស់ផ្ទះមិនមានអ្វីប៉ះពាល់ ឬរងរបួស ក្រៅតែពីការខូចខាតផ្ទះនោះទេ ហើយខាងជំនួយកាកបាទក្រហមបានចុះទៅដល់ផ្ទះពួកគាត់ហើយ។ មួយទៀតកើតឡើងនៅឃុំ អូរសារាយ ដែរដែលបណ្តាលឲ្យស្លាប់ដោយរន្ទះបាញ់ គឺថ្ងៃដូចគ្នា»។
លោក ឈឹម សុវ៉ាត់ឌី បានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវព្យុះបោកដួលរលំឲ្យខូចខាតទាំងនោះដោយគ្រាន់តែប៉ើងដំបូលផ្ទះ បាក់សំយាប និងមានតែមួយប៉ុណ្ណោះដែលរលំទាំងស្រុង។
លោក ឈឹម សុវ៉ាត់ឌី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តត្រូវមានការប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នា ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុគ្រោះធម្មជាតិ ដោយមិនត្រូវប្រើប្រាស់ទូរស័ព្ទដៃ និងនៅកន្លែងដែលប្រឈមខ្លាំង អំឡុងពេលភ្លៀងនោះទេ។
ជាមួយគ្នានេះដែរកាលពីម្សិលមិញក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា កម្ពុជានឹងទទួលរងសម្ពាធទាបដែលធ្វើឲ្យសីតុណ្ហភាពក្តៅខ្លាំងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ មីនា ហើយក្នុងនោះតាមបណ្តាខេត្តនៅក្នុងតំបន់វាលទំនាបកណ្តាលនឹងមានកម្តៅក្តៅដល់ ៣៩ អង្សាសេ ហើយក្នុងនោះក៏អាចនឹងមានភ្លៀងខ្សោយទៅមធ្យមផងដែរ។ ក្រសួងបានឲ្យដឹងថា នៅតាមបណ្ដាខេត្តខ្ពង់រាបឦសាននឹងមានសីតុណ្ហភាព អតិបរមាមានពី ៣៤ ដល់ ៣៦ អង្សាសេ ខណៈខេត្តនៅជាប់តំបន់សមុទ្រមានសីតុណ្ហភាពអតិបរមាពី ៣៥ ដល់ ៣៧ អង្សាសេ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ពលរដ្ឋទូទៅត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងថែរក្សាសុខភាព ខណៈដែលមានអាកាសធាតុក្តៅពេលថ្ងៃ»៕