ព្រះសីហនុៈ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពីម្សិលមិញបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធអំពើឃាតកម្មសម្លាប់ជនជាតិចិន ២ នាក់ប្តីប្រពន្ធ បន្ទាប់ពីជនរងគ្រោះត្រូវគេប្រទះឃើញស្លាប់ក្នុងភោជនីយដ្ឋានលក់អាហារ ១ កន្លែងរបស់ជនរងគ្រោះកាលពីថ្ងៃទី ២ មេសា ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ហេង វុទ្ធី ប្រធានមន្ទីរស្រាវជ្រាវនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងពីម្សិលមិញថា បុរសរងគ្រោះមានអាយុជាង ៤០ ឆ្នាំ រីឯស្ត្រីរងគ្រោះមានអាយុជាង ៣០ ឆ្នាំ ប៉ុន្តែសុំលាក់ឈ្មោះ ជនរងគ្រោះដោយសារតែជារឿងស្ថិតក្នុងការស៊ើបអង្កេត ដូច្នេះរហូតមកដល់ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២០ នេះសមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុកំពុងបន្តស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធនឹងអំពើឃាតកម្មនេះហើយ។
លោកថ្លែងថា៖ «រឿងនេះជាបទឧក្រិដ្ឋហើយសមត្ថកិច្ចកំពុងធ្វើការ។ ហេតុដូច្នេះខ្ញុំមិនទាន់អាចផ្តល់ព័ត៌មានលម្អិតជូនបានទេព្រោះទុកឲ្យខាងជំនាញយើងបន្តស្រាវជ្រាវសិន»។
លោកប្រាប់ឲ្យដឹងថា បើតាមការបញ្ជាក់ប្រាប់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកព្រៃនប់ហើយដែលសមត្ថកិច្ចលោកទទួលបានសេចក្តីរាយការណ៍ពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ឲ្យដឹងថា ជនរងគ្រោះ ២ នាក់ប្តីប្រពន្ធជាជនជាតិចិននេះបានបើកហាងលក់ម្ហូបអាហារនៅកន្លែងកើតហេតុនោះជាច្រើនខែមកហើយ។ បន្ទាប់ពីសមត្ថកិច្ចចុះដល់ទីតាំងផ្ទះកើតហេតុសមត្ថកិច្ចបានពង្រាយខ្សែហាមឃាត់ ដើម្បីពិនិត្យមើលសាកសព ហើយបានបញ្ជាក់ថា អ្នកទាំង ២ ត្រូវបានជនល្មើសចាក់ត្រូវក្បាលយ៉ាងសុះជាច្រើនកាំបិត និងមានស្នាមវាយក្បាលនឹងវត្ថុរឹងផង រីឯស្ត្រីរងគ្រោះជាប្រពន្ធមានផ្ទៃពោះដែលបើតាមពិនិត្យឃើញជាក់ស្តែងគឺពោះធំណាស់ហើយ។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់កំណត់បានថា នៅក្នុងផ្ទះរបស់ជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះទេដោយសារតែសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត។
លោកប្រាប់ថា៖ «ការស្លាប់របស់ជនរងគ្រោះយើងមិនដឹងថាម៉ោងប៉ុន្មានទេប៉ុន្តែគ្រាន់តែដឹងថាជនរងគ្រោះអាចត្រូវជនល្មើសសម្លាប់នៅអំឡុងពេលយប់ព្រោះគាត់បិទហាងពេលយប់ជ្រៅ»។
លោក ហេង វុទ្ធី បន្តទៀតថា អំពើឃាតកម្មនេះត្រូវបានជនល្មើសសម្លាប់ជនរងគ្រោះនៅក្នុងហាងតែម្តងដែលបង្ហាញថា ជនល្មើសសម្លាប់ជនរងគ្រោះមុនពួកគេបិទហាងចេញទៅផ្ទះ។ ជុំវិញព័ត៌មានលម្អិតពីហេតុការណ៍នេះគឺសមត្ថកិច្ចរបស់លោកមិនអាចប្រាប់ច្រើនបានទេព្រោះសំណុំរឿងស្ថិតក្នុងការស្រាវជ្រាវ។ ចំពោះថាតើជនសង្ស័យមានគ្នាប៉ុន្មាននាក់យ៉ាងណានោះក៏សមត្ថកិច្ចមិនអាចសន្និដ្ឋានដែរ។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំវាលរេញ ១ រូបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាលពីម្សិលមិញថាករណីឃាតកម្មនេះគឺខាងកម្លាំងកងរាជអាវុធជាអ្នកធ្វើ ប៉ុន្តែលោកគ្រាន់តែដឹងថាជនរងគ្រោះទាំង ២ នាក់ប្តីប្រពន្ធបានមកពីក្រុងព្រះសីហនុហើយមកបើកហាងលក់គ្រឿងផឹកស៊ីនៅក្នុងមូលដ្ឋានទើបបាន ៥ ទៅ ៦ ខែប៉ុណ្ណោះ។ លោកបានថ្លែងថាចំពោះស្ត្រីជនរងគ្រោះស្លាប់នៅលើកៅអីរីឯបុរសជាប្តីបានស្លាប់នៅក្នុងបន្ទប់ទឹកដោយគេមិនដឹងច្បាស់ថាជាករណីប្លន់ ឬជារឿងគំនុំទេ៕