មណ្ឌលគិរីៈ ​ក្រុម​កម្លាំង​ឧទ្យា​នុរក្ស​ ​នៃ​មន្ទី​របរិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​ សហ​ការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ប្រដាប់​អាវុធ​ខេត្ត​មណ្ឌល​គិរី ​កំពុង​បន្ត​ចុះ​ប្រតិ​បត្តិ​ការ​ស្វែង​រក​ចាប់​ខ្លួន​ ជន​ប្រមាញ់​សត្វ​ព្រៃ​មួយ​ក្រុម​ ដែល​បាន​ផ្ទុះ​អាវុ​ធ​ជា​មួយ​ក្រុម​មន្ត្រី​ឧទ្យា​នុ​រក្ស​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ​បង្កឲ្យ​មន្ត្រី​ឧទ្យា​នុរក្ស​ម្នាក់​រង​របួស។ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ កែវ​ សុភ័ក្រ្ត ប្រ​ធាន​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​កាល​ពី​ម្សិល​មិញ​។​

​លោក​ ​សុភ័ក្ត្រ​ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​ ​២៩​ ខែ​មករា​ ​ថា​ ក្រុម​មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​​ពក ​ចំនួន​៦​នា​ក់​ មាន​អាវុធ​ ​AK​ ២​ ដើម​ បាន​ចុះ​ល្បាត​ព្រៃ​ដោយ​ជិះ​ម៉ូតូ​ចំនួន​ ៣ គ្រឿង​បាន​ពើប​ប្រទះ​ក្រុម​ជនប្រមាញ់​សត្វ​ព្រៃ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ ៦ ​នាក់​ ​ប្រដាប់​ដោយ​អាវុធ​ ​AK​ ៣​ ដើម​ នៅ​ពេល​នោះ ​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​បាន​ស្រែក​ហាម​ឃាត់​ក្រុម​ជន​ល្មើស​ឲ្យ​បញ្ឈប់​សកម្ម​ភាព​បរ​បាញ់​សត្វ​ព្រៃ ​ប៉ុន្តែ​ក្រុម​ជន​ល្មើស​បាន​ផ្ទុះ​អាវុធ​សំដៅ​មក​រក​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​តែ​ម្ដង។​

​លោក​ សុភ័ក្រ្ត​ ​ថ្លែង​​ថា​៖ ​«​ក្រោយ​ពី​មាន​ការ​ផ្ទុះ​អា​វុធ​ដាក់​គ្នា​ប្រ​មាណ ​១៥ ​នាទី​ ​ក្រុម​មន្ត្រី​ឧទ្យា​នុរក្ស​យើង​ម្នាក់​បាន​ត្រូវ​របួស​ចំ​គល់​ភ្លៅ​ខាង​ឆ្វេង​ធ្លាយ​មក​កំ​ប៉េះ​គូទ។​ ពេល​នោះ​ក្រុម​មន្ត្រី​យើង​បាន​សម្រេច​ដក​ថយ​ពី ការ​វាយ​ប្រហារ​របស់​ក្រុម​ប្រមាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ទាំង​នោះ ​ដើម្បី​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​របួស​»​។​

លោក​ ​សុភ័ក្ត្រ​ ​ថ្លែងថា​ មន្ត្រី​ឧទ្យា​នុរក្ស​ដែល​រង​របួស​​នោះ ឈ្មោះ ​ចេង​ ​ចន្ធី​ ​អាយុ​ ៣៧ ឆ្នាំ​។​ ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​យ៉ាងយក​ចិត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​។​

​លោក​ សុភ័ក្ត្រ​​ ថា​ ​ក្រុម​ឧទ្យា​នុរក្ស​បាន​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ប្រមូល​វត្ថុ​តាង​មួយ​ចំនួន​ក៏​បាន​ផ្ទុះ​អាវុធ​​ម្ដង​ទៀត​ ប៉ុន្តែ​មិន​មាន​មន្ត្រី​ឧទ្យា​នុរក្ស​ណា​ម្នាក់​រ​ង​របួស​ឡើយ​ ​ឯ​ក្រុម​ជន​ប្រមាញ់​សត្វ​ព្រៃ ​បាន​រត់​គេច​ខ្លួន​បាត់។ ​

ក្រុម​កម្លាំង​មន្ត្រី​ឧទ្យា​នុរក្ស​ រួម​ទាំង​កម្លាំង​សមត្ថ​កិច្ច​ប្រដាប់​អាវុធ​ចម្រុះ ​ទាំង​ថ្នាក់​ខេត្ត និង​​មូល​ដ្ឋាន​ ​កំពុង​បន្ត​កិច្ច​សហ​ការ​គ្នាតាម​ស្វែង​រក​ចាប់​ពួក​គេ​​៕