ភ្នំពេញៈ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​បសស​) ​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករ-កម្មការិនី​តាម​ដងផ្លូវ​មាន​ការថយចុះ​ប្រមាណ​ ១០ ​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ប៉ុន្តែ​ចំនួន​ជនរងគ្រោះ​បែរ​ជា​មាន​ការកើនឡើង​ ៧ ​ភាគរយ​ទៅវិញ ខណៈ​ដែល​សហជីព​នៅ​តែ​បង្ហាញ​ក្តីព្រួយបារម្ភ​ពី​បញ្ហា​នេះ​។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ​របស់​កម្មករនិយោជិត​ (​ទ.ស.ប.ក.) និង​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស.ផ.ក.) នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប.ស.ស​.) ​ដែល​មាន​តំណាង​ក្រសួង ស្ថាប័ន អង្គភាព សហជីព តំណាង​រោងចក្រ និង​អង្គការ​ពាក់ព័ន្ធ​នានា​សរុប​ប្រមាណ​ជាង​ ១៥០ ​នាក់​បាន​ជួបជុំ​គ្នា​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រេច​បាន​កាលពី​ឆ្នាំ​ ២០១៩​។

របាយការណ៍​របស់ (​ប.ស.ស.)​បាន​ឲ្យ​ដឹងថា បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០១៨ លទ្ធផល​ក្នុង​ឆ្នាំ​ ២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ចំនួន​ ១៥៦ ​ករណី​ស្មើនឹង ១០ ​ភាគរយ​។ ក៏ប៉ុន្តែ​ចំពោះ​ជនរងគ្រោះ​ជា​កម្មករ-កម្មការិនី​​មាន​ការកើនឡើង​ចំនួន​ ១៤៣ ​នាក់​ស្មើនឹង ៧ ​ភាគរយ​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​មូលហេតុ​ដែល​បង្ក​ឱ្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នេះ គឺ​បណ្តាល​មកពី​មូលហេតុ​ចម្បងៗ​មួយចំនួន​ដូចជា បើកបរ​លើស​ល្បឿន​កំណត់ ៣៧ ​ភាគរយ និង​កត្តា​មិន​គោរព​សិទ្ធិអាទិភាព ២៣ ​ភាគរយ បើកបរ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ១៨ ​ភាគរយ បត់​ខ្វះ​ការប្រុងប្រយ័ត្ន ៩,២ ​ភាគរយ មិន​ប្រកាន់​ស្ដាំ ៨ ​ភាគរយ លក្ខណៈ​បច្ចេកទេស​យានយន្ត​ ៤ ​ភាគរយ និង​កត្តា​ផ្លូវ ០,៨ ភាគរយ​»​។

លោក ហេង សុផាន់ណារិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​ (​ប.ស.ស.) ​បាន​ថ្លែងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​កម្មករ​និយោជិត​ក្នុង​ឆ្នាំ​ ២០១៩ កន្លង​ទៅ​នេះ​បាន​កើតឡើង​ចំនួន ១ ៥៥៤ ករណី​ (​គ្រោះថ្នាក់​ដោយ​រថយន្ត​ចំនួន​ ៤៣ ​ករណី ដោយសារ​ម៉ូតូ​ចំនួន ១ ៤៣៧ ករណី​រ៉ឺម៉ក​ចំនួន ៩ ​ករណី កង់​ចំនួន ១២ ​ករណី និង​អ្នក​ថ្មើរជើង​ចំនួន ៥៣ ​ករណី​)​។ លោក​បន្តថា គ្រោះថ្នាក់​នេះ​មាន​ជនរងគ្រោះ​ចំនួន ២ ០០៦ នាក់ ក្នុង​នោះ​អ្នកស្លាប់​មាន​ចំនួន​ ៥០ ​នាក់ របួសធ្ងន់​មាន​ចំនួន ៣៤១ នាក់ និង​របួសស្រាល​មាន​ចំនួន ​១ ៦១៥ ​នាក់​។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​នាយក (​ប.ស.ស.) និង​ជា​ប្រធាន​ក្រុម ស.ផ.ក. ក្នុង​ឱកាស​នោះ​បាន​ថ្លែង​ជំរុញ​ឱ្យ​ក្រុមការងារ ទ.ស.ប.ក​. និង​ក្រុមការងារ ស.ផ.ក. បន្ត​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​បន្ថែមទៀត​ដល់​កម្មករ​និយោជិត​នៅតាម​បណ្តា​សហគ្រាស គ្រឹះស្ថាន​នានា​ឱ្យ​មាន​ការយល់ដឹង​ខ្ពស់​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ប្រឈម​នេះ​។

លោក​បន្តថា​៖ «​ធ្វើយ៉ាងណា ដើម្បី​កម្មករនិយោជិត​ទទួល​បាន​នូវ​សុខភាព​ដ៏ល្អប្រសើរ​គ្រប់​ពេលវេលា​ក្នុង​ការជំរុញ​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​ដោយផ្ទាល់​ក៏ដូចជា រួមចំណែក​លើក​កម្ពស់​វិស័យសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ការរីកចម្រើន​ឥតឈប់ឈរ​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ការចូលរួម​របស់​និយោជក ក្នុង​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​កម្មករ​នេះ​បាន​ទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​លើកឡើងថា ក្រសួង​ការងារ​ពិតជា​មាន​ការប្រឹងប្រែង​ខ្លាំង​ចូលរួម​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើត​មក​លើ​កម្មករ ដោយ​ការចុះ​បណ្តុះបណ្តាល​ដល់​អ្នកបើកបរ ដឹក​កម្មករ និង​កម្មករនិយោជិត​ផ្ទាល់​ឲ្យ​មាន​ការយល់ដឹង​ពី​ការពារ​ខ្លួន កត្តា​សុវត្ថិភាព​។ ក៏ប៉ុន្តែ​លោក​នៅ​តែ​បារម្ភ​ពី​បញ្ហា​នេះ​នៅ​ឡើយ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​ចំពោះ​កម្មករ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​នេះ​នៅតែ​បន្ត​កើតមាន ហើយ​ភាគី​ខាង​យើង​ដែលជា​សហជីព​ពិតជា​មាន​កង្វល់​មែនទែន ចំពោះ​បញ្ហា​នេះ​ដែល​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​។ ​ខ្ញុំ​គិតថា​គួរតែ​បង្កើត​ការពិគ្រោះ​យោបល់​បន្ថែម​ទៀត​ដើម្បី​ស្វែងរក​វិធានការ​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការទប់ស្កាត់​»​។

បើតាម​លោក ស៊ីណា ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​មិន​ថា​ចំពោះ​កម្មករ​នោះទេ គឺ​អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ បង្កើន​ការដាក់កម្លាំង​ត្រួតពិនិត្យ​នៅតាម​ផ្លូវ​ដែល​មាន​រោងចក្រ​កាត់ដេរ ឆ្លងកាត់ ហើយ​ម្ចាស់​រោងចក្រ​កាត់ដេរ​ខ្លួនឯង​ផ្ទាល់​ត្រូវតែ​ផ្តល់​ឱកាស​ដល់​ផ្នែក​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទៅ​ដល់​កម្មករ​នៅតាម​រោងចក្រ​ឲ្យ​បាន​ទៀងទាត់​៕