ភ្នំពេញៈ មន្ត្រី​នគរបាល​កង​ពន្លត់អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​ឆេះ​ឃ្លាំង​ស្តុក​គ្រឿង​បរិក្ខារ​អគ្គិសនី ម្នាងសិលា​ក្ដារបន្ទះ និង​ថ្នាំ​បៀក​របស់​ក្រុមហ៊ុន​ GCS ​នៅ​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ពី​ថ្ងៃ​សៅរ៍ ដោយសារ​ទុស្សេ​ខ្សែភ្លើង​នោះ បាន​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​​សរុប​ប្រមាណ ១,២ ​លាន​ដុល្លារ​។

លោក​ ព្រំ យ៉ន ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២:៤០ ​នាទី​ព្រឹក​ថ្ងៃទី​ ៨ ខែ​ កក្កដា ឆ្នាំ​ ២០២០ នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ដោយ​បាន​បង្ក​ការខូចខាត​ឃ្លាំង​ស្តុក​គ្រឿង​បរិក្ខារ​អគ្គិសនី ម្នាងសិលា ក្ដារបន្ទះ និង​ថ្នាំ​បៀក​របស់​ក្រុមហ៊ុន GCS យ៉ាងដំណំ​។ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​ការពិនិត្យ​អង្កេត​នៅ​ទីតាំង​កើតហេតុ​ និង​ការបំភ្លឺ​របស់​លោក យឹម រ៉ាដា អាយុ​ ៤៩ ​ឆ្នាំ​ ដែល​ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ GCS ករណី​ឆេះ​ឃ្លាំង​នេះ​ គឺ​បណ្ដាល​មកពី​ទូស្សេអគ្គិសនី និង​បាន​បង្ក​ការខូចខាត​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ ១,២ ​លាន​ដុល្លារ​អាមេរិក​»​។

បើ​តាម​លោក យ៉ន ក្រៅពី​គ្រឿង​បរិក្ខារ​អគ្គិសនី​ម្នាងសិលា ក្ដារបន្ទះ និង​ថ្នាំ​បៀក ដែល​ស្ថិត​នៅក្នុង​ឃ្លាំង​ស្តុក​នោះ​ក៏មាន​រថយន្ត​ដឹកទំនិញ ២ ​គ្រឿង ម៉ូតូ​កង់​ ៣ ​សម្រាប់​ដឹកទំនិញ ២ ​គ្រឿង និង​ម៉ូតូ ៤ ​គ្រឿង​ផ្សេងទៀត​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ផងដែរ​។

ចំណែក​ឃ្លាំង​ស្ដុក​ទំនិញ​ដែល​ជា​សំណង់​អគារ​ធ្វើ​ពី​ថ្ម​ប្រក់​សង្ក​សី​ទំហំ​ ៣០ ​ម៉ែត្រ​ x៧០ ​ម៉ែត្រ​ ក៏​បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​ផងដែរ​។ នៅក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ដ៏ធំ​ខាងលើ​នេះ​ក្រុមមន្ត្រី​នគរបាល​ជំនាញ​បាន​ប្រើ​រយៈពេល​ជាង​ ៦ ​ម៉ោង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន ១៤០ ​ឡាន​ស្មើនឹង​ ៥៦០ ​ម៉ែត្រគុប​។

ដោយឡែក​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ ១ ​កន្លែង​ដែល​ស្ថិត​នៅ​តាម​​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៣ (​កំពត-ភ្នំពេញ​) ​ត្រង់​ចំណុច​ក្បែរ​ស្ពាន​ព្រះពន្លា​ក្នុង​ស្រុក​ទឹកឈូ​ ​ខេត្ត​កំពត​ ហួស​ពី​ផ្លូវ​រថភ្លើង​ឆ្លងកាត់​បន្តិច​ក៏​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ផងដែរ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ នេះ​បើតាម​លោក ​ម៉ៅ ​ច័ន្ទមធុរិទ្ធ ​ស្នងការ​នគរបាល​ខេត្តកំពត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។

លោក​បាន​ថ្លែងថា​៖ «​ករណី​ភ្លើង​ឆេះ​កា​រាស់​សាំង​ខាងលើនេះ​គឺ​បណ្ដាល​មកពី​ការឆ្លង​ចរន្តអគ្គិសនី​ក្នុង​បន្ទប់​ផ្សារម៉ាត​នៃ​ការាស់សាំង​នោះ​ ប៉ុន្តែ​មិន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ឡើយ ព្រោះ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​យើង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់ពេល​»​។

យោងតាម​ទិន្នន័យ​ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទទួល​បាន​ពី​នាយកដ្ឋាន​បង្ការ សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ នៃ​ក្រសួង​មហាផ្ទៃ​ក្នុង​រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០២០ គ្រោះ​អគ្គិភ័យ​បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ ១៥ ​នាក់​ស្លាប់ និង​ ៣២ ​នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល ព្រមទាំង​បាន​បង្ក​ការឆេះ​ខូចខាត​ផ្ទះ​អស់​ចំនួន​ ៥២២ ​ខ្នង តូប​ ២២៥ ​តូប និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ធំ​៕