ភ្នំពេញៈ គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ (គ.​ជ.​ប.ជ)​ បាន​បង្ហាញ​របាយ​ការណ៍​បង្ក្រាប​អំពើ​ជួញដូរ​មនុស្សនិង​អំពើ​ជួញដូរ​ផ្លូវ​ភេទ​ថា​មាន​ការ​ថយ​ចុះ​ ១៥,៥​​ ភាគ​រយ​ ​ ក្នុង​រយៈ​ពេល​ ១០ ​ខែ​ ​ដើម​ឆ្នាំ​ នេះ បើ​ប្រៀប​ធៀប​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ជា​អ្វី​ដែល​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ថា​លទ្ធ​ផល​នេះបាន​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​ប្រទេស​គោល​ដៅ​។

តាម​របាយ​ការ​ណ៍​នេះ​ ​រយៈ​ពេល ​១០​ ខែ​ដើម​ឆ្នាំ​នេះ ​(ចាប់​ពី​ខែ​មករា​ -ខែ​តុលា​) គឺ​សមត្ថ​កិច្ច​បាន​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​ជួញ​ដូរ​ផ្លូវ​ភេទ​បាន​ចំនួន​ ១០៩ ​ករណី​ ខណៈ​កាល​ពី​ឆ្នាំ​មុន​មាន ​១២៩​ ករណី​​ ដែល​មាន​ការ​ថយ​ចុះ​ ២០​ ករណី​ស្មើនឹង​​ ១៥,៥ ​ភាគ​រយ​។

ថ្លែងនៅ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​ពិភាក្សា​បូក​សរុប​របាយ​ការណ៍ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ​ចំនួន​ ១២៩ ​នាក់នៅ​ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ទី ​១៥ ​ខែ​វិច្ឆិកា​នេះ លោកស្រី​ ជូ ប៊ុនអេង រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​ នៃ (គ.ជ.ប.ជ) ​បាន​លើក​ឡើង​ថា​ ករណី​បង្ក្រាប​នេះ​ កម្ពុជា​មាន​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​ប្រទេស​គោល​ដៅ​ដោយ​មិន​បាន​នៅ​ស្ងៀម​នោះ​ទេ​។

លោក​ស្រី​​ថា៖​ «យើង​អត់​ដែល​នៅ​ស្ងៀម​ទេ ​ដូច​ករណី​ពពោះ ​វា​ជាក​រណី​ថ្មី​​ បើ​យើង​មិន​បាន​ពង្រឹង​ទេ ​យើង​មិនបាន​បង្រ្កាប​ទេ​រឿង​ហ្នឹង​។ ​យើង​គ្រាន់​តែ​ចង់​និយាយ​ថា ​ពេល​មាន​ករណី​ យើង​អត់​ព្រងើយ​កន្តើយ​ទេ​ គឺ​យើង​បង្រ្កាប។​អ៊ីចឹង​ឆ្នាំ​ហ្នឹង​មាន​ករណី​ប៉ុណ្ណឹង​គឺ​យើង​បង្រាប​ប៉ុណ្ណឹង។​ប្រសិន​បើ​រក​ឃើញ​ទៀត​គឺ​យើង​បង្រ្កាប​ទៀតពី​ព្រោះ​មិន​ទាន់​បញ្ចប់​ឆ្នាំនេះ»​។

បើតាម​​របាយ​ការណ៍ ​ករណី​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​បាន​ចំនួន ៣៤ ករណី​ ចំណែកឯ​ករណី​ជួញដូរ​ផ្លូវភេទ​ បង្ក្រាប​បាន​ចំនួន​ ៧៥​ ករណី​។ ក្នុង​នោះ​មាន​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​និង​បញ្ជូន​ទៅ​តុលាការ​បាន​១៨៥​នាក់នៅឆ្នាំនេះ​ ខណៈ​​ឆ្នាំ​មុន​មាន​តែ​១៥៨​ នាក់​ ដែល​មាន​ជន​សង្ស័យ​ជា​អនីតិ​ជន​១៣​នាក់​​ និង​ជន​សង្ស័យ​បរទេស​ចំនួន​ ៣០​ នាក់។​

ក្រៅ​ពី​នេះ ​របាយ​ការណ៍​ក៏​បាន​បង្ហាញ​ដែរថា​​ ការ​សង្រ្គោះ​ជនរង​គ្រោះមាន​​ចំនួន ១៨៩​ នាក់​​ ក្នុងនោះ​​អាយុក្រោម ១៥ ឆ្នាំ​មាន​ចំនួន​ ៦៩​ នាក់ ​អាយុពី ​១៥​ ឆ្នាំ​ទៅ​ ១៧​ ឆ្នាំមាន ២១​ នាក់​ និងអាយុចាប់ពី ១៨ ឆ្នាំ​ឡើង មាន​ ៩៩​ នាក់​។

រីឯ​ កាល​ពី​ឆ្នាំ​មុន​ បាន​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​ចំនួន ២៥៣​ នាក់​ ដែល​មាន​ការ​ធ្លាក​ចុះ​ ២៥​ ភាគរយ។​

ដោយ​ឡែក​តាម​រយៈ​ក្រសួ​ងការ​បទេស ​និង​សហ​ប្រតិ​បត្តិ​ការ​អន្ត​ជាតិ​ សហ​ការជា​មួយ​អង្គការ​ដៃគូ​ចំនួន​៤៣៤បាន​​បញ្ជូន​ពល​រដ្ឋខ្មែរ​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​តាម​រយៈ​ស្ថានទូ​តស្ថាន​តំណាងនៅ​បរទេស​​​មក​ពី​​ម៉ាឡេស៊ី​​,​ចិន​,វៀត​ណាម​, ឡាវ​,ថៃ​,សិង្ហ​បុរី,​អារ៉ា​ប៊ីសា​អ៊ូឌី​ត និង​ ឥណ្ឌូ​នេស៊ី។

​របាយការណ៍​ក៏​បាន​លើក​ឡើងថា​ តារយៈ​ក្រសួង​ការងារ​គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​ ២០១៨ ​មាន ​១ លាន​ ៨ ម៉ឺននាក់ ​​ហើយ​បាន​ទទួល​ស្គាល់​ថា ​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ធ្វើការ​នៅ​ថៃ​ខុស​ច្បាប់បាន​រង​នូវការ​បញ្ជួន​វិល​ត្រឡប់វិញនិង​ត្រូវ​ឃាត់​ខ្លួន​ដាក់ទោស​ព្រមទាំង​រង​ការ​កែងប្រវ័ញ្ច​ ជាដើម។

ទោះ​យ៉ាង​ណា​ លោក ​ឌី ថេ​ហូ​យ៉ា ​មន្ត្រី​កម្ម​វិធី​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​ពលករ​សង់​ត្រា​ល់​បាន​ថ្លែង​ថា​អាជ្ញា​ធរ​បាន​បង្រ្កាប​ករណី​និង​សង្រ្គោះ​ជន​រង​គ្រោះ​នៅ​មាន​ភាព​សាំ​ញ៉ាំ​ ខណៈ​ករណី​នៅ​តែបន្តកើត​មាន​។

លោកថា ៖«ករណីអត់ថយចុះ​ទេ អំពើ​បទល្មើស​នៅ​តែ​កើត​ដោយ​សារ​គាត់​បង្រ្កាប​បាន​តែ​ប៉ុណ្ណឹង។យើង​ឃើញ​ប្រព័ន្ធ​នៃ​ការ​ជួយ​អន្តរាគមន៍នៅ​ដដែល​ គ្មាន​ការកែប្រែ។​ឧទាហរណ៍ពលកម្មករគាត់​ត្រូវការជំនួយ​ ហើយទូរសព្ទទៅលេខ​ស្ថាន​ទូត​អត់​សូវ​មាន​អ្នក​ណា​លើក​ឆ្លើយមកគាត់​…ប្រសិទ្ធ​ភាព​គឺ​នៅ​មានភាព​ស្មុគស្មាញ»៕