កំពង់ចាមៈ កម្មករ​កាត់​ដេរ​ម្នាក់​ធ្វើការ​នៅ​រោង​ចក្រ​មួយ​ក្នុង​ខេត្ត​កំពង់​ចាម​ដែល​បាន​ចោទ​ប្រកាន់​និយោជក​​ថា ​បាន​បញ្ឈប់​គាត់​ពី​ការងារ​បន្ទាប់ពី​គាត់​បាន​ចូលរួម​រៀបចំ​សហជីព​នោះបាន​ឲ្យដឹងថា ​គាត់​ប្រហែល​ជា​លើក​យក​រឿងក្ដី​នេះ​ឡើង​ទៅ​តុលា​ការ​ បន្ទាប់ពី​ការ​ចរចាកាលពី​សប្តាហ៍​មុន​បរា​ជ័យ។

អ្នក​ស្រី​ ម៉ន​ឌី​ ដែល​ជា​កម្មករ​ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ Sun Hsu Co Ltd គឺជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​៤​នាក់ ​ដែល​បាន​ចោ​ទប្រ​កាន់​អ្នក​គ្រប់​គ្រង​រោង​ចក្រ​​ជា​ជន​ជាតិចិន​ថា​​ បា​ន​យាយី​និង​បំភិត​បំភ័យ​បុគ្គ​លិក​ដែល​ព្យា​យាម​បង្កើត​សហ​ជីព​ហើយ​បាន​បញ្ជូន​មេប៉ុ​ស្តិ៍​ទៅផ្ទះ​ពួកគេ​ទៀត​ផង។

បន្ទាប់ពី​ការ​ចរចា​នៅ​មន្ទីរ​ការងារ​ខេត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​អ្នកស្រី​ ឌី​ បាន​ឲ្យ​ដឹងថា តំណាង​រោង​ចក្រ​​បាន​ផ្តល់​ការងារ​ឲ្យ​គាត់​ធ្វើ​នៅ​ផ្នែក​ផ្សេង​ដែល​ត្រូវ​ចាប់ផ្តើម​សា​ជាថ្មី​ធ្វើ​បាត់បង់​អតីត​ភាព​ការ​ងារ។

អ្នក​ស្រី​ឌី​បន្ត​ថា៖«ពួកគេ​អះ​អាង​ថា​ម្ចាស់​រោងចក្រ​មិន​សប្បាយ​ចិត្ត ​ដោយ​សារ​តែ​ខ្ញុំ​បានផ្តល់​បទ​សម្ភាស​ទៅ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ហើយ​អាច​រារាំង​រោង​ចក្រ​មិន​ឱ្យ​ទទួល​បាន​ការប​ញ្ជា​ទិញ​ថ្មី​ដូច្នេះ​ហើយ​​ពួកគេ​ព្យា​យាម​ជួយ​លាក់​បាំង​ពី​ម្ចាស់​រោង​ចក្រ​ដោយ​ដាក់​ខ្ញុំ​ឲ្យទៅ​ធ្វើ​ការ​នៅ​ផ្នែក​ថ្មី»។

ទោះជា​យ៉ាង​ណា​អ្នក​ស្រី Jing Li ​ប្រធាន​គ្រប់​គ្រង​រោង​ចក្រ​បាន​បដិ​សេធ​រឿង​ដែល​ថា បាន​បញ្ឈប់​កម្មករ​ដោយ​សារ​ព្យា​យាមប​ង្កើត​សហ​ជីព ​តែបាន​ បញ្ជាក់​ថា​តាម​ពិតក​ម្មករ​ទាំង​នោះ​មាន​បញ្ហា​ផ្សេង​រួម​ទាំង​ការ​មក​យឺត​យ៉ាវ​និង​អវត្ត​មាន​ជាដើម។

អ្ន​ក​ស្រី Li បាន​ថ្លែង​ថា៖« បច្ចុប្បន្ន​នេះ​មាន​មនុស្ស​៣​នាក់​ដែល​គិត​ថា​ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​សារពួក​គេ​ព្យា​យាម​បង្កើត​សហ​ជីព​។ ប៉ុន្តែ​តាម​ពិត​ទៅ​គឺ​ដោយ​សារ​កិច្ចសន្យា​ការ​ងារ​​របស់​ពួកគេ​ចប់​ ដូច្នេះ​ហើយ​យើង​មិន​ជូល​ពួក​គេ​តទៅ​ទៀត​»។

អ្នក​ស្រី Li បាន​បញ្ជាក់​ថា​ រោងចក្រ​ បានផ្តល់​ការ​ងារ​ថ្មី​ឱ្យ​អ្នក​ស្រី​ឌី​នៅផ្នែក​ផ្សេងប៉ុ​ន្តែ​អ្នកស្រី​ បាន​ថ្លែងថា ​គឺមាន​តែ​ផ្នែក​នោះ​ឯង​ដែល​គេ​មាន​ការ​ងារ​បន្ទាន់។​ គាត់​ក៏បាន​បដិ​សេធ​ផង​ដែរ​ថា​អ្នក​គ្រប់គ្រង​បាន​ព្យា​យាម​ដកហូត​អតីត​ភាព​ការ​ងារ​របស់​អ្នក​ស្រី​ ឌី ឬថា​ពួកគេ​បាន​បញ្ជូន​ប៉ូលិស​ប៉ុស្តិ៍​ទៅ​ជួប​សមា​ជិក​គ្រួសារ​រប​ស់​សហជីព។

អ្ន​ក​ស្រី Li ​បញ្ជាក់​ថា៖​«យើង​ពិតជា​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ។ យើង​ពិត​ជា​មិនបាន​ដឹង​អំពី​រឿងនេះ​ពិត​មែន។ តើ​យើង​អាចធ្វើ​រឿង​បែប​នេះ​បាន​យ៉ាង​ម៉េច​កើត?» ។

ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​កំពង់​ចាម​លោក​ ឆេង​ ហ៊ាង​ បាន​ថ្លែង​ថា​ អ្នកស្រី ​ឌី​ និង​រោងចក្រ​មិន​ទាន់​អាច​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​បាន​នៅ​ឡើយ​ទេ ​។

ជំហាន​បន្ទាប់​ លោក​បានបញ្ជាក់​ថា​ អាច​នឹងត្រូវ​ចរចា​ឡើ​ងវិញ​ ក្នុង​រយៈ​ពេល​២០ថ្ងៃ​ឬ​ត្រូវ​បញ្ជូន​ករណី​នេះ​ទៅ​តុលា​ការ។

នៅ​ពេល​សួរ​អំពី​កា​រចោទ​ប្រកាន់​ដែល​ថា ​រោង​ចក្ រ​បាន​បញ្ជូន​មន្ត្រី​ប៉ូលិ​ស​ប៉ុស្តិ៍​ទៅ​បំភិត​បំភ័យ​កម្មករ​នោះ​ លោក​ ហ៊ា​ង​ ថ្លែង​ថា​ គាត់​មិនបាន​​ស៊ើប​ពី​រឿង​នេះ​ទេ។

លោក​បញ្ជាក់​ថា៖«​ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ប្រសិន​បើ​ពួក​គេ​ធ្វើ​ដូច្នេះ​ នោះ​វា​មាន​ន័យ​ថា​ពួក​គេ​បាន​រំលោភ​ច្បាប់​សហ​ជីព​…ពួកគេ​គ្មាន​សិទ្ធិ​រារាំង​នរណា​ម្នាក់​មិន​ឱ្យ​បង្កើត​សហ​ជីព​នោះ​ទេ»។

ផលិត​ផល​ម៉ាក ​Carter''s រ​បស់​អាមេរិក​ដែល​ផលិត​នៅ​រោង​ចក្រ S​un Hsu នេះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​បំភ្លឺ​ទេ។ ​ចំណែក​ឯ​អ្នកនាំ​ពាក្យ ​សមា​គម​សម្លៀក​បំពា​ក់ និង​ស្បែក​ជើង​អាមេរិក American Apparel & Footwear Association ដែល​តំណាង​ឱ្យ​ផលិត​ផល​ម៉ាក Carter''s ក៏បាន​បដិ​សេធ​​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដែរ​ ប៉ុន្តែ​បាន​ចង្អុល​បង្ហាញ​ទៅ​លិខិត​មួយ​ដែល​​ចេញ​កាល​ពី​សប្តាហ៍​​មុន​នឹង​បាន​ផ្ញើ​ទៅ​លោក​នា​យ​ក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ ពួកគេ​បាន​បង្ហាញ​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ជុំវិញ​ស្ថានភាព​សិទ្ធិ​កម្មករ​នៅ​កម្ពុជា​។

អ្នក​ស្រី​ ឌី​ បាន​ថ្លែង​ថា​ គាត់​កំពុង​ពិចារណា​លើក​យក​ករណី​នេះ​ឡើង​ទៅ​តុលាការ​ទោះ​បីជា​គាត់​ ត្រូវបាន​ព្រ​មាន​ថា ​ដំណើរ​ការ​នីតិ​វិធី​នេះ​អាច​ចំណា​យ​ពេល​រាប់​ខែ​ក្តី។

អ្នកស្រី​បន្ថែម​ថា៖«ខ្ញុំ​ មិន​ដឹង​ទេ រង់ចាំ​មើល​សិន ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទទួល​យក​ការ​ផ្តល់​ជូន​របស់​ពួកគេ​បានទេ»៕ NS