ភ្នំពេញៈ មន្ត្រីអាវុធហត្ថម្នាក់បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធខ្លួនក្នុងបន្ទប់ជួលមួយ ដែលសមត្ថកិច្ចសន្និដ្ឋានថាអាចជារឿងប្រចណ្ឌ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១០ មករា។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខប្រាប់ពីម្សិលមិញថា បុរសជាប្តីឈ្មោះ សេង គឹមសាន អាយុ ៥៣ ឆ្នាំ ជាគ្រូបង្វឹកកងរាជអាវុធហត្ថនៅសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថកំបូល។ រីឯស្ត្រីរងគ្រោះឈ្មោះ ជួប សារ៉ែន អាយុ ៣៦ ឆ្នាំ មានកូនស្រីម្នាក់ អាយុ ១៥ ឆ្នាំ។
បើតាមលោកអធិការ ករណីនេះដោយសារជនរងគ្រោះ និងជនបង្កបានស្លាប់អស់ដូច្នេះគ្មានអ្នកណាដឹងរឿងនេះឱ្យបានច្បាស់ទេ។ ប៉ុន្តែអំពើឃាតកម្មនេះសមត្ថកិច្ចគ្រាន់តែសន្និដ្ឋានថាអាចជនជាប្តីប្រចណ្ឌស្ត្រីជាប្រពន្ធ ព្រោះមុនកើតហេតុពួកគេមានទំនាស់គ្នា។
លោកថ្លែងថា៖ «បញ្ហានេះអាចមកពីទំនាស់ក្នុងគ្រួសារ ហើយក៏កើតជាជម្លោះ ដែលបង្កឱ្យមានជាអំពើហិង្សាដ៏អាក្រក់នេះឡើង»។
ពាក់ព័ន្ធករណីនេះលោក ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងប្រាប់ពីម្សិលមិញដែរថា អំពើបាញ់ប្រហារគ្នានេះបានកើតឡើងពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១០ មករា ហើយបើតាមសាក្សីនៅកន្លែងកើតហេតុ គឺមុនដំបូងជាទំនាស់ក្នុងគ្រួសារទេ។ ប៉ុន្តែនេះទំនងជាភាគីខាងប្តីមានការប្រចណ្ឌប្រពន្ធខ្លាំងទើបឈានដល់បាញ់សម្លាប់គ្នានេះទៅ។
លោកថា ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យឃើញថា ស្ត្រីរងគ្រោះត្រូវបានជនជាប្តីបាញ់ពីក្រោយខ្នងត្រូវ ៣ គ្រាប់ដួលលុតជង្គង់លើកម្រាលឥដ្ឋក្នុងបន្ទប់ផ្ទះបាយ។ រីឯជនរងគ្រោះជាប្តីត្រូវចំសៀតផ្កាខាងស្តាំ ១ គ្រាប់ស្លាប់ភ្លាមៗលើកម្រាលពូកក្នុងបន្ទប់។
បើតាមមន្ត្រីនគរបាលខណ្ឌសែនសុខ ១ រូប សុំមិនឱ្យបញ្ចេញឈ្មោះប្រាប់តាមសាក្សីនៅកន្លែងកើតហេតុថា បុរសជាប្តីធ្លាប់មានប្រពន្ធ និងកូន ៥ នាក់មកហើយ។ ក្រោយមក បុរសរូបនេះបានស្រឡាញ់គ្នាជាមួយស្ត្រីរងគ្រោះបានកូនស្រីម្នាក់អាយុ ១៥ ឆ្នាំ។ ស្ត្រីរងគ្រោះជាអ្នកលក់អីវ៉ាន់តាមអនឡាញដែលត្រូវការនិយាយទាក់ទង អតិថិជនតាមទូរស័ព្ទរាល់ថ្ងៃ។ ហេតុដូច្នេះជនជាប្តីមានការប្រចណ្ឌបណ្តាលឱ្យមានជម្លោះ។
មន្ត្រីដដែលបន្តតាមសាក្សីថា នៅយប់មុនពេលកើតហេតុ ទាំង ២ នាក់ ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នាដោយស្រែកខ្លាំងៗ ហើយមួយសន្ទុះក្រោយមក គេឮស្នូរបាញ់កាំភ្លើងចំនួន ៤ គ្រាប់នៅក្នុងបន្ទប់នោះ។ ក្រោយស្ងាត់សំឡេងគេបានឃើញក្មេងស្រីម្នាក់បើកទ្វារបន្ទប់ចេញមកក្រៅស្រែកប្រាប់ឱ្យអ្នកក្បែរបន្ទប់ ជួយមើលម្តាយឪពុកនាង និងសុំឱ្យអ្នកជិតខាងយកម្តាយឪពុកនាងទៅមន្ទីរពេទ្យផង តែ ២ នាក់ប្តីប្រពន្ធបានដាច់ខ្យល់ស្លាប់ក្នុងបន្ទប់។
លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្ស លីកាដូ ថ្លែងថាអំពើហិង្សាក្នុងគ្រួសារកើតឡើងជាបន្តបន្ទាប់ ពី ១ ឆ្នាំទៅ ១ ឆ្នាំ មិនមានការថយចុះ។ អំពើហិង្សាក្នុងគ្រួសារមិនមែនកើតឡើងតែទៅលើគ្រួសារក្រីក្រ និងខ្វះចំណេះដឹងទេ គឺកើតមានលើគ្រួសារអ្នកមានទ្រព្យធន និងគ្រួសារដែលមានចំណេះដឹងផងដែរ។ អំពើហិង្សាក្នុងគ្រួសារខ្លះកាន់តែឃោរឃៅបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិដូចជាបង្កឱ្យបាត់បង់ជីវិតកូនកំព្រាឪពុកម្តាយ អ្នកដែលប្រព្រឹត្តត្រូវជាប់ពន្ធនាគារ។ ជីវភាពក្នុងគ្រួសារកាន់តែក្រីក្រ កូនត្រូវបោះបង់ការសិក្សាជាដើម ទាំងនេះគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។
លោកថ្លែងថា៖ «ហេតុផលនៃអំពើហិង្សាក្នុងគ្រួសារកើតចេញពីការអនុវត្តច្បាប់នៅខ្វះចន្លោះ។ កត្តាសេដ្ឋកិច្ចក្នុងគ្រួសារ ការទាមទារអំណាចក្នុងគ្រួសារ ការប្រចណ្ឌ គ្រឿងស្រវឹង និងគ្រឿងញៀនជាដើម»៕