The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ករណី​ផ្កាយ ២ និង បក្ខពួក​ជា​មន្ត្រី​យោធា ៥ នាក់​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាកា​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃនេះ




ករណី​ផ្កាយ ២ និង បក្ខពួក​ជា​មន្ត្រី​យោធា ៥ នាក់​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាកា​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃនេះ

Content image - Phnom Penh Post
ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អនុប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​យុទ្ធសាស្ដ្រ​យោធា​នៃ​អគ្គបញ្ជាការ ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី ២១ មេសា ២០២១ ពាក់ព័ន្ធ​ការរត់ពន្ធ​ជនជាតិ​ចិន ២៨ នាក់ ពី​ភ្នំពេញ​ទៅ​ស្វាយ​រៀង។រូបថត FB

ករណី​ផ្កាយ ២ និង បក្ខពួក​ជា​មន្ត្រី​យោធា ៥ នាក់​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាកា​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃនេះ

ភ្នំពេញ៖ មន្ត្រីនគរបាល​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង គ្រោង​នឹង​បញ្ជូន​មន្ដ្រី​យោធា​ផ្កាយ ២ នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ម្នាក់ និង​បក្ខពួក ៥ នាក់​ផ្សេងទៀត ដែល​សុទ្ធសឹង​ជា​មន្ត្រី​យោធា​ទៅ​តុលាការ​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃទី ២៣ ខែមេសា​នេះ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់។

លោក នេត សារឿន ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ខេត្តស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​មុន​នេះ​បន្តិច​ថា លោក ស៊ុំ ពៅ អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ដ្រ​យោធា​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក រួមទាំង​មន្ត្រី​យោធា ៥ នាក់​ទៀត ដែល​ជា​បក្ខពួក​របស់​គាត់ ត្រូវ​បាន​ចាប់ខ្លួន​កាល​យប់​ថ្ងៃទី ២១ ខែ​មេសា ឆ្នាំ ២០២១ ពាក់ព័ន្ធ​ករណី​រត់ពន្ធ​មនុស្ស ២៨ នាក់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង។

លោក​ថ្លែងថា៖ «នៅពេលនេះ ក្រុម​ជនសង្ស័យ​ទាំង ៦ នាក់​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ចម្លើយ​នៅឡើយ។ ទោះយ៉ាងណា​ក៏ដោយ ក្រុម​ជនសង្ស័យ​ទាំង ៦ នាក់​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ស្វាយរៀង ក្រោយ​បញ្ចប់​ការស៊ើបសួរ​ចម្លើយ​នៅ​រសៀល ឬ ល្ងាច​ថ្ងៃទី ២៣ ខែ​មេសា​នេះ»។

លោក បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ចំណែក ជនជាតិ​ចិន​ទាំង ២៨ នាក់​ដែល​បាន​រត់គេច​ពី​រាជធានី​ភ្នំពេញ ដែល​ជា​តំបន់​ត្រូវបាន​បិទ​ខ្ទប់ ដោយសារ​ករណី​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នោះ​កំពុង​ត្រូវ​បាន​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ឲ្យ​កម្លាំង​នគរបាល​ការិយាល័យ អន្តោប្រវេស រៀបចំ​សំណុំ​ឯកសារ​បណ្ដេញ​ចេញពី​កម្ពុជា​ផងដែរ។

ជុំវិញ​ករណី​ចាប់ខ្លួន លោក ស៊ុំ ពៅ និង និង​បក្ខពួក​ជា​មន្ត្រី​យោធា ៥ ទៀត​ខាងលើ​នេះ​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមេសា​នេះ​ថា ករណី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​ស្ថាប័ន​ និង​អង្គភាព​យោធា​នោះទេ។

លោក​ថ្លែង​ថា៖ «ករណី​លោក ស៊ុំ ពៅ និង បក្ខពួក ៥ នាក់​ផ្សេងទៀត​នោះ គឺជា​រឿង​បុគ្គល ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ និង បំពាន​លើ​បទបញ្ជា​របស់​កងកម្លាំង​ពិសេស​គឺ​ល្មើស​ទៅនឹង​សេចក្ដី​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដីពី​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការរីក​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩»។

លោក​ថ្លែងបន្តថា៖ «ករណីនេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ​យោធា​ទេ ព្រោះ​វា​ពាក់ព័ន្ធ​ករណី​រត់ពន្ធ​មនុស្ស ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​នៃ​តុលាការស៊ីវិល»។

ជាមួយ​គ្នា​នេះ​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង ចាត់វិធានការ​ទៅលើ​បុគ្គល​ឈ្មោះ ស៊ុំ ពៅ និង បក្ខពួក​ជា​មន្ត្រី​យោធា ៥ នាក់​ទៀត​នោះ​ទៅ​តាម​នីតិវិធី​ច្បាប់។

លោក​ថ្លែងថា៖ «ចំពោះ​បុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅ​តាមផ្លូវ​ច្បាប់​ទៅ។ ខ្ញុំ​មិន​យោគយល់​មិន​អី​ទៀត​ទេ ព្រោះនេះ​មិន​គោរព​បទបញ្ជា ហើយ​អនុវត្ត​ល្មើសច្បាប់​បាត់​ទៅ​ហើយ។ អាហ្នឹង​ធ្វើ​ទៅ​តាម​ហ្នឹង​ទៅ ធ្វើតាម​ផ្លូវច្បាប់​ទៅ គ្មាន​នរណា​មួយ​ទៅ​ពាំង​អ្នក​បំពាន​បទបញ្ជា​របស់​សម្តេច ខ្ញុំ​អត់​ទទួល​ទេ»។

បើតាម​លោក នេត សារឿន នៅពេល​ឃាត់ខ្លួន​លោក ស៊ុំ ពៅ បាន​បង្ហាញ​លិខិត​បេសកកម្ម​មួយ​សន្លឹក ដែល​ចេញ​ដោយ​ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អនុញ្ញាត​ឲ្យ​គាត់​ធ្វើដំណើរ​តាម​រាជធានី-ខេត្ត ចាប់ពី​ថ្ងៃទី ០១ ខែមេសា រហូតដល់​ថ្ងៃទី​ផុតកំណត់​ទី ៣០ ខែឧសភា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី ២១ ខែ​មេសា ឆ្នាំ ២០២១ កម្លាំង​នគរបាល​ខេត្ត​កែប និង​ខេត្តកំពត​ក៏​បាន​បង្ក្រាប​ការរត់​ពន្ធ​នាំ​ជនជាតិ​វៀតណាម​ចំនួន ៧ នាក់ ពី​ខេត្ត​ព្រះសីហនុ​ទៅ​វៀតណាម​ផងដែរ ក្នុង​នោះ​ជនជាតិ​ខ្មែរ​ចំនួន ៣ នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់វិធានការ​តាម​ច្បាប់៕

អត្ថបទគួរចាប់អារម្មណ៍