ភ្នំពេញៈ ការយក​ធុង​ឧស្ម័ន​អ៊ីដ្រូហ្ស៊ែន​ចាស់ៗ​ដែល​លេច​ធ្លាយ​មក​ផ្សារភ្ជិត​ឡើងវិញ គឺជា​ដើមហេតុ​ដែល​ធ្វើឲ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្ទះ​លក់​ហ្គាស​ ១ ​កន្លែង​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​​លេខ​ ៦៣ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ កាលពី​ល្ងាច​ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ​ ២០២០ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤ ​នាក់​ស្លាប់ និង​ ៥ ​នាក់​ទៀត​បាន​រងរបួស​។

លោក​ ព្រំ យ៉ន ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ ៤ ​នាក់ ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ដ៏អាក្រក់​នេះ រួមមាន​កម្មករ ២ ​នាក់​ម្នាក់​ឈ្មោះ ម៉ៅ ស៊ីណាត អាយុ​ ២២ ​ឆ្នាំ, ​មុន មករា អាយុ​ ១៨ ​ឆ្នាំ ខណៈ​ ២ ​នាក់​ទៀត​ជា​កូនប្រុស ស្រី​របស់​ម្ចាស់​ផ្ទះ​លក់​ហ្គាស​តែម្ដង​ក្នុង​នោះ​កូនប្រុស​ច្បង​ឈ្មោះ​ ឡាំ សេងហាវ អាយុ​ ២៧ ​ឆ្នាំ និង​កូនស្រី​ ពៅ ឈ្មោះ ឡាំ គីមឡាង អាយុ​ ៨ ​ឆ្នាំ​។

ចំណែក​ ៥ ​នាក់​ដែល​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះ​គឺ​សុទ្ធសឹង​ជា​សមាជិក​ក្រុមគ្រួសារ​ម្ចាស់ផ្ទះ និង​សាច់ញាតិ​ក្នុង​នោះ​រួមមាន​ឈ្មោះ ប្រាក់ ឡាំហុង អាយុ​ ៦៩ ឆ្នាំ​ជា​ម្ចាស់ផ្ទះ​រងរបួស​ស្រាល ចំណែក​ប្រពន្ធ​របស់គាត់​ឈ្មោះ​ លី សឿង ​អាយុ​ ៤៩ ​ឆ្នាំ​រងរបួស​ធ្ងន់​។ កូនប្រុស-ស្រី​របស់​គាត់​ ២ ​នាក់​រួមមាន​ឈ្មោះ ឡាំ សេងតាយ អាយុ​ ១៩ ​ឆ្នាំ និង​ឈ្មោះ ឡាំ គីមជូ អាយុ​ ១៣ ​ឆ្នាំ​ព្រមទាំង​ប្អូនប្រុស​របស់​គាត់​ម្នាក់ទៀត​ឈ្មោះ ប្រាក់ សេងគា អាយុ ៣២ ​ឆ្នាំ​រងរបួស​ស្រាល​។

លោក​ យ៉ន បាន​និយាយថា បើ​តាម​ការបំភ្លឺ​ពី​បុរស​ម្ចាស់ផ្ទះ​ឈ្មោះ ប្រាក់ ឡាំហុង អគ្គិភ័យ​នេះ​ផ្ដើមចេញ​ពី​កម្មករ​រងគ្រោះ​ម្នាក់​ឈ្មោះ ម៉ៅ ស៊ីណាត បាន​យក​ធុងផ្សារ​ឧស្ម័ន​អ៊ីដ្រូហ្ស៊ែន​ចាស់ៗ​ដែល​លេចធ្លាយ​មក​ផ្សារភ្ជិត​ឡើងវិញ ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​ចុច​ផ្សារ​អេឡិចត្រូនិក​ទៅលើ​ធុង​នោះ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ធុង​នោះ​ក៏​បាន​ផ្ទុះឡើង​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ រីករាលដាល​ដល់​ធុងហ្គាស​ធំ​តូច​មួយចំនួន​ទៀត​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ​ឡើង​។

លោក​បញ្ជាក់ថា​៖ «​សព​ជនរងគ្រោះ​ទាំង​ ៤ ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច និង​ត្រូវបាន​កម្លាំង​នគរបាល កងពន្លត់​អគ្គិភ័យ​យើង​រកឃើញ​នៅក្រោម​គំនរ​កម្ទេចកម្ទី​ថ្ម និង​គ្រឿង​ដែក​នៃ​អគារ​ដែល​ឆេះ​ខូចខាត​នោះ​»​។ លោក​ យ៉ន ​បន្ថែមថា​៖ «​សព​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូនទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​ ខណៈ​អ្នករបួស​ទាំង​ ៥ ​នាក់​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​»​។

សមត្ថកិច្ច​បាញ់​ទឹក​ពន្លត់ភ្លើង​បន្ទាប់ពី​ផ្ទុះ​ឆេះ​។ រូបថត នគរបាល​ពន្លត់​អគ្គិភ័យ

បើ​តាម​លោក យ៉ន គ្រោះ​អគ្គិភ័យ​នេះ​បាន​បង្ក​ការខូចខាត​ផ្ទះ​ ២ ​ខ្នង​ទាំងស្រុង និង ១ ​ខ្នង​ទៀត​រង​ការខូចខាត​អស់​ប្រមាណ ៣០ ​ទៅ​ ៤០ ​ភាគរយ​ព្រម​ទាំង​បណ្ដាល​ឲ្យ​ឆេះ​ខ្សែភ្លើង​របស់​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ក្នុង​តំបន់​នោះ​មួយចំនួន​ទៀត​ផងដែរ​។

ទោះយ៉ាងណា​មក​ទល់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ទាំង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា និង​ម្ចាស់ផ្ទះ​ចំនួន​ ២ ​ខ្នង​ដែល​រង​ការឆេះ​ខូចខាត ដោយសារ​តែ​អណ្ដាតភ្លើង​ឆេះ​ចេញ​ពី​ផ្ទះ​លក់​ហ្គាស​នោះ​នៅ​មិនទាន់​មាន​ការដាក់ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ណាមួយ​ពី​ម្ចាស់​ផ្ទះ​លក់​ហ្គាស​នោះ​នៅឡើយ​ទេ​។

កាលពី​ព្រឹក​ម្សិល​សព​ជនរងគ្រោះ​ទាំង​ ៤ ​នាក់​ត្រូវបាន​ក្រុម​គ្រួសារ​សាច់ញាតិ​រៀបចំ​ពិធី​បុណ្យសព​រួមគ្នា​នៅ​វត្ត​ស្ទឹងមានជ័យ​។ ក្នុង​ខណៈ​នោះ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​តាមរយៈ​អាជ្ញាធរ​ដែនដី​បាន​ផ្ដល់​ថវិកា​មួយចំនួន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​។

កាលពី​ថ្ងៃទី​ ១៦ ​ខែ​កក្កដា ឆ្នាំ ២០២០ ​មាន​បុរស​ស្ត្រី​ជនជាតិ​ចិន​ ២ ​នាក់​ប្ដី​ប្រពន្ធ​បាន​រងរបួស​ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ហាង​លក់​គ្រឿងសង្ហារិម​រ៉ូយ៉ាល់ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​ទី​ ១ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់ថា ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​នេះ​គ្រោះ​អគ្គិភ័យ​បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ ១១ នាក់​ស្លាប់ និង​ ២៨ ​នាក់​ទៀត​រងរបួស​ធ្ងន់​ និង​ស្រាល ព្រម​ទាំង​បាន​បង្ក​ការឆេះ​ខូចខាត​ផ្ទះ​អស់​ចំនួន​ ៥១៩ ​ខ្នង តូប​លក់ដូរ​ចំនួន ២២៥ ​តូប និង​ឧបករណ៍​ប្រើប្រាស់​មួយចំនួន​ធំ​។ នេះ​បើ​យោង​របាយការណ៍​របស់​នាយកដ្ឋាន​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ​។

របាយការណ៍​បញ្ជាក់ថា មាន​កត្តា​ ៣ ​យ៉ាង​ដែល​បង្ក​ និង​ជំរុញ​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។ ក្នុងនោះ​បង្កឡើង​ពី​កត្តា​ផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី ៤១% កត្តា​ប្រើប្រាស់​ភ្លើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ៣៩% និង​ ២០% កំពុងស្ថិត​ក្នុង​ការស៊ើបអង្កេត​ស្រាវជ្រាវ​នៅ​ឡើយ​៕