ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានម្នាក់បានទម្លាយពីលទ្ធផលខ្លះៗនៃការរកឃើញសារធាតុពុលលើសំណាកឈាមរបស់ជនរងគ្រោះដែលបានស្លាប់ដោយការពុលនៅខេត្តក្រចេះ កាលពីដើមខែឧសភានេះថាមានសារធាតុ «ស្យានីដ» ជាផ្នែកមួយដែលបង្កឲ្យពលរដ្ឋប្រមាណ ៣០០ នាក់ធ្លាក់ខ្លួនឈឺ និងស្លាប់ ១៤ នាក់ ប៉ុន្តែមិនបានបញ្ជាក់ពីកម្រិតនៃផលប៉ះពាល់នោះទេ។
លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានបានថ្លែងយ៉ាងខ្លីប្រាប់អ្នកសារព័ត៌មាននៅឯសណ្ឋាគារ កាំបូឌីយ៉ា ក្នុងពេលលោកចូលរួមក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ការប្រែប្រួលអាកាសធាតុសម្រាប់ថ្នាក់ដឹកនាំវ័យក្មេង និងយុវជន រាជធានីភ្នំពេញ» កាលពីម្សិលមិញថា ការពិសោធលើសំណាកឈាមជនរងគ្រោះដែលស្លាប់ក្នុងករណីពុលនៅខេត្តក្រចេះកាលពី ៣ សប្ដាហ៍មុននោះបានរកឃើញមានសារធាតុ «ស្យានីដ» ប៉ុន្តែក្នុងកម្រិតតិចតួចបំផុត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ហ៊ាន [អធិប្បាយរឿង] នេះទេ ប៉ុន្តែបើតាមខ្ញុំមើលជំហានដំបូងដូចជា គ្មានកម្រិតខ្ពស់ប៉ុន្មានទេ នៅក្នុងស៊ែមផល [សំណាក] ដូចជាមាន ១-២ ទេ។ តែខ្ញុំសូមអធ្យាស្រ័យ ការងារហ្នឹងនៅក្នុងកម្រិតជំនាញ គាត់ត្រូវបកស្រាយទៀត។
លទ្ធផលដំបូងនេះគឺគ្រាន់តែប្រាប់យើងថា កម្រិតណាៗទេ តែការបកស្រាយធៀបជាមួយស្តង់ដារជាតិគឺជារឿងមួយផ្សេងទៀតដើម្បីពន្យល់ថា កម្រិតគ្រោះថ្នាក់ហ្នឹងវាប៉ុនណា និងដើម្បីចាត់វិធានការអីទៀត»។
បើតាមលោក ពន្លក ក្នុងអំឡុងពេលនេះក្រុមមន្ត្រីជំនាញក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពលកំពុងរួមគ្នារៀបចំរបាយការណ៍លម្អិតដោយផ្អែកលើលទ្ធផលវិភាគដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងវាយតម្លៃ។
លោកបានបន្តថា៖ «លទ្ធផល [នៃការវិភាគលើសំណាកនោះ] បានចេញរួចទៅហើយ ប៉ុន្តែនៅការបកស្រាយ។ លទ្ធផលគ្រាន់តែប្រាប់ថាក្នុងកម្រិតនេះៗ ប៉ុន្តែការបកស្រាយថា តើកម្រិតហ្នឹងវានៅក្រោមស្ដង់ដារ ឬខ្ពស់ជាងស្ដង់ដារ វាមានគ្រោះថ្នាក់ប៉ុនណា គឺឥឡូវហ្នឹងអ្នកឯកទេសយើងកំពុងធ្វើរបាយការណ៍ហ្នឹងហើយ»។
យ៉ាងណាក្ដីការរកឃើញសារធាតុ «ស្យានីដ» ដោយមន្ទីរពិសោធន៍នៅប្រទេសសិង្ហបុរីនេះ គឺហាក់ដូចជាស្រដៀងគ្នាខ្លះនឹងការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨ ដែលថាក្រៅពីសារធាតុក្រូម និង នីទ្រីត ក៏មានសារធាតុស្យានីដ ផងដែរត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកដែលត្រូវបាននាំមកពីព្រែកទេរ និងអូរគគីរដែលអ្នកភូមិស្រែន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះបានប្រើប្រាស់ ហើយបានបង្កឲ្យពលរដ្ឋជិត ៣០០ នាក់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ១៤ នាក់កាលពីដើមខែនេះ។
បើតាមលោក ចម ប្រសិទ្ធ សារធាតុស្យានីដត្រូវបានគេប្រើសម្រាប់ការលាងសម្អាតមាស ហើយសារធាតុនេះបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។
ការរកឃើញសារធាតុស្យានីដនៅក្នុងទឹកបានជំរុញឲ្យក្រុមអធិការកិច្ចនៃស្ថាប័នពាក់ព័ន្ធនាំគ្នាចុះស្រាវជ្រាវដល់ទីតាំងអាជីវកម្មអណ្ដូងរ៉ែមាសក្នុងតំបន់ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដែលទីនោះមានក្រុមហ៊ុនចិនមួយឈ្មោះ រ៉ុងឆេង កំពុងសង់ការដ្ឋានអណ្ដូងរ៉ែមាសដែលត្រូវបានគេសង្ស័យថា មានលួចបង្ហូរសារធាតុនេះទៅក្នុងទឹកអូរ និងព្រែកធម្មជាតិ។
ជុំវិញក្ដីសង្ស័យនេះលោក លី ម៉ាន់ជីង នាយករងក្រុមហ៊ុន Rong Chheng Industrial (Cambodia) Co.,Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈ អ្នកបកប្រែ គឺ លោក យ៉ិន សុខម៉េង កាលពីម្សិលមិញថា ក្រុមហ៊ុនលោកមកទល់ពេលនេះនៅពុំទាន់បានដំណើការជីកអណ្ដូងរ៉ែមាសទេ ហើយក៏ពុំបាននាំចូលសារធាតុស្យានីដ នេះដែរ។
លោកបានបញ្ជាក់ថា៖ «ពេលនេះក្រុមហ៊ុនយើងកំពុងដំណើរការសាងសង់ការដ្ឋាននៅមិនទាន់មានការជីកខួងអណ្ដូងរ៉ែ ទេ ហើយក៏មិនមានការនាំចូលសារធាតុស្យានីដ នោះដែរ។ យើងរីករាយក្នុងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការស្រាវជ្រាវលើករណីនេះ »។
បើតាមលោក លី ក្រុមអធិការកិច្ចបានចុះទៅដល់ការដ្ឋានក្រុមហ៊ុនលោកនៅព្រឹកម្សិលមិញនេះដោយបានពិនិត្យមើលគ្រប់ទីកន្លែង និងបានបន្តចុះមើលទីតាំងរណ្ដៅអណ្ដូងរ៉ែសហគមន៍ក្នុងតំបន់ចុងផ្លាស់ផងដែរ តែលទ្ធផលនៅមិនទាន់ដឹងច្បាស់ទេ។
លោក លី បន្ថែមថា៖ «យ៉ាងណាក្រុមហ៊ុនយើងគ្មានបារម្ភអ្វីនោះទេ ព្រោះយើងគ្មានសាងកំហុស ហើយក៏គ្មានសារធាតុស្យានីដនេះដែរ»។
គិតរហូតមកទល់ពេលនេះមានរយៈពេលជាង ៣ សប្ដាហ៍ហើយ ដែលពលរដ្ឋរងគ្រោះក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះរង់ចាំលទ្ធផលផ្លូវការជុំវិញករណីពុលនេះ ខណៈអាជ្ញាធរពាក់ព័ន្ធនៅពុំទាន់ដកបម្រាមនៃការប្រើទឹកដែលមានប្រភពពីព្រែកទេរ និងអូរគគីរ ។
លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរីបានថ្លែងថាពេលនេះអាជ្ញាធរខេត្តស្នើឲ្យស្ថាប័នជំនាញតាមដានសារធាតុពុលឲ្យញឹកញាប់ដើម្បីឲ្យប្រាកដថា ឥទ្ធិពលនៃសារធាតុពុលនោះ វាបានធ្លាក់ចុះក្នុងកម្រិតណា ហើយបើវាលែងប៉ះពាល់សុខភាពគប្បីដកបម្រាមវិញ។
លោកថា៖ «ប៉ុន្តែពេលនេះខាងជំនាញពុំទាន់ថាយ៉ាងដូចម្ដេចនៅឡើយទេ ដូច្នេះយើងខ្ញុំក៏ពុំហ៊ានសម្រេចបម្រាមនេះដែរ»។
លោកបន្តថា៖ «នៅចំពោះមុខអាជ្ញាធរយើងខ្ញុំនៅបន្តការចែកទឹកស្អាតដល់អ្នកភូមិក្នុងតំបន់រងគ្រោះនៅឡើយ ហើយកំពុងពន្លឿនការជីកអណ្ដូងផ្ដល់ជូនពួកគាត់ប្រើប្រាស់ជំនួសជាបណ្ដោះអាសន្ន»៕