កំពង់ឆ្នាំង៖ ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​​ទាំង​ម្តាយ​ទាំង​កូន​សរុប​ ៥ នាក់​ នៅ​ឃុំ​ខុនរ៉ង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កាល​ពី​យប់​ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ​ ២០២១ ជា​អំពើ​ឃាតកម្ម​ ប្ដី​សម្លាប់​ប្រពន្ធ ហើយ​ដុត​ផ្ទះ​សម្លាប់​ទាំង​កូន ដើម្បី​បំបិទ​ភ័ស្ដុតាង។

លោក ប៉ុល វុទ្ធី ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃទី​ ១២ ខែ​ឧសភា ​នេះ​ថា ក្រោយ​ពី​បាន​ចុះ​អង្កេត​ស្រាវជ្រាវ​ដល់​ទីតាំង​កើត​ហេតុ ការ​សាកសួរ​ពី​សាវតា​របស់​ស្ត្រី​រងគ្រោះ និង​ការ​ប្រើ​វិធី​ចិត្តសាស្ត្រ​ក្នុង​ការ​ស៊ើបសួរ​ចម្លើយ​ពី​បុរស​ជា​ប្ដី​ឈ្មោះ នន់ សារ៉េត អាយុ​ ៣៨​ ឆ្នាំ ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​រួច​ជីវិត​ពី​ករណី​ភ្លើង​ឆេះ​ផ្ទះ​នា​យប់​នោះ អស់​រយៈពេល​ ៣ ថ្ងៃ​រួច​មក ទីបំផុត​បុរស​ជា​ប្ដី​បាន​សារភាព​ថា គ្រោះ​អគ្គិភ័យ​នោះ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត។

លោក​ វុទ្ធី ​បញ្ជាក់​ថា៖ «តាម​ចម្លើយ​របស់​បុរស​ជា​ប្ដី ករណី​គ្រោះ​អគ្គិភ័យ​នេះ មិនមែន​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី ឬ​ផ្ទុះ​កំប៉ុង​ហ្គាស​ពេល​ដាំស្លរ​នោះ​ទេ តែ​វា​ជា​អំពើ​ឃាតកម្ម ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្ដី​ខឹង​ប្រចណ្ឌ​ស្ត្រី​ជា​ប្រពន្ធ​រហូត​ឈាន​ប្រើ​អំពើ​ហិង្សា ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ និង​កូន​តូចៗ ៤ នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៣ ឆ្នាំ​ដល់​ ៩ ឆ្នាំ»។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​បុរស​ជា​ប្ដី​ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ កំពុង​ត្រូវ​បាន​មន្ត្រីន​គរបាល​ជំនាញ​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចំណាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

នៅ​ព្រឹក​នេះ​ផង​ដែរ អង្គភាព​ការពារ​កុមារ (Child Protection Unit) បាន​ចេញ​ផ្សាយ​ព័ត៌មាន​ថា ក្រុម​ការងារ​ស៊ើប​អង្កេត​បទល្មើស​មនុស្ស​ឃាត (HIT) និង​ក្រុម​ការងារ​បច្ចេកទេស និង​វិទ្យាសាស្រ្ត (FST) ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្រ្ត នៃ​ក្រសួង​មហាផ្ទៃ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្រ្ត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​បុគ្គល​ឈ្មោះ «នន់ សារ៉េត ពី​បទ​ឃាតកម្ម» ទៅ​លើ​ជន​រងគ្រោះ ៥ នាក់ ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃទី​ ០៩ ខែ ឧសភា ឆ្នាំ ២០២១។

របាយការណ៍​ព័ត៌មាន​របស់​អង្គភាព​នេះ បាន​បន្តថា សមាជិក​នៃ​ក្រុម​ការងារ​បាន​ធ្វើ​ការ​យ៉ាង​មមាញឹក​អស់​រយៈពេល ៣ ថ្ងៃ​កន្លង​មក​នេះ ដើម្បី​ប្រមូល​គ្រប់​ភ័ស្តុតាង​ដែល​មាន និង​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញ​ផ្នែក​កោសល្យ​វិច័យ​សាកសព និង​អ្នក​ជំនាញ​ស៊ើប​អង្កេត​ករណី​អគ្គិភ័យ នៅ​ប្រទេស​អូស្រ្តាលី ដើម្បី​ប្រមូល​ផ្តុំ​នូវ​ភ័ស្តុតាង​ល្អ​បំផុត​ដាក់​ចូល​សំណុំ​រឿង។

លោក James McCABE នាយក​ប្រតិបត្តិ​អង្គភាព​ការពារ​កុមារ (CPU) ត្រូវ​បាន​ដក​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នៅ​ក្នុង​របាយការណ៍​ព័ត៌​មាន​នោះ​ថា​៖ «បន្ទាប់​ពី​យើង​បាន​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ និង​សាកសព​ទាំង ៥ យើង​បាន​ចាប់​អារម្មណ៍​ថា មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ខ្លាំង​ជាច្រើន ដែល​បាន​កើត​ឡើង​នៅ​ក្នុង​បរិវេណ​កន្លែង​កើត​ហេតុ ហើយ​សេចក្តី​បំភ្លឺ​របស់​ជនសង្ស័យ ក៏​មិន​ស៊ីសង្វាក់​ជាមួយ​អ្វីៗ​ដែល​យើង​បាន​ឃើញ»។

លោក​បាន​បន្ត​ថា យ៉ាង​ណា​ក៏​ដោយ ការ​ប្តេជ្ញា និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ស៊ើប​អង្កេត និង​មន្ត្រី​កោសល្យ​វិច័យ ដែល​បាន​ព្យាយាម​ប្រមូល​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​បុគ្គល​នេះ ព្រោះ​វា​ជា​អំពើ​ឃោរឃៅ​មួយ។

លោក​បញ្ជាក់​ទៀត​ថា៖ «នេះ គឺ​ជា​ការ​ស៊ើបអង្កេត​ដ៏​ល្អ ដែល​បាន​ធ្វើ​ឡើង​ដោយ​មន្រ្តី​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​កុមារ​រងគ្រោះ និង​ម្តាយ​របស់​ពួក​គេ​បាន​ទទួល​នូវ​យុត្តិធម៌»។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​សម្ដែង​ការ​សោកស្តាយ​ទៅ​ដល់​សាច់​ញាតិ​របស់​ជន​រងគ្រោះ និង​បាន​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ពួក​គេ​ទៅ​កាន់​សុគតិភព។

កាល​ពី​ថ្ងៃទី ១១ ខែ​ឧសភា ឆ្នាំ ២០២១ ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ តាមរយៈ លោក គង់ សំអុល ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ព្រះបរមរាជវាំង​បាន​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជា​អង្ករ ៥០ ​គីឡូក្រាម តង់ ១ មុង ១ ភួយ ១ ក្រមា ១ សារុង ១ អាវ​យឺត ១ មី ១ កេស ត្រីខ ១០ កំប៉ុង និង​ថវិកា ៤ លាន​រៀល ​ជូន​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​ពិធី​បុណ្យ​សព​ស្ត្រី​ជា​ម្ដាយ​មាន​ផ្ទៃពោះ ៣ ខែ និង​កូន​ប្រុស​តូចៗ ៤ នាក់​នោះ​តាម​ប្រពៃណី។ នេះ​បើ​យោង​តាម Facebook ឈ្មោះ Royal du Cambodge៕

វីដេអូ៖