ភ្នំពេញៈ មន្ត្រី​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បញ្ជាក់​ថា ករណី​សំណុំរឿង​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​ពី​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ មិន​ទាន់​បញ្ចប់​ត្រឹម​ដាក់វិន័យ​ប៉ុណ្ណោះ​ទេ ត្រូវ​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​។

លោក​ ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ពី​ម្សិលមិញ​ថា សំណុំរឿង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ចំនួន​ ៧ ​នាក់​នេះ​នឹង​មិន​ទាន់​ត្រូវ​បញ្ចប់​ត្រឹម​ដាក់​វិន័យ​ត្រឹមនេះ​ទេ ពោល​គឺ​នៅ​បន្តធ្វើ​ការស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ប្រភព​បញ្ហា ជាពិសេស​ត្រូវដាក់​វិន័យ​តាម​ច្បាប់​យ៉ាង​តឹងរ៉ឹង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ទាន់​អាច​បកស្រាយ​អ្វី​ច្រើន​ទេ​គឺ​យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ថា​តើនរ​ណាខ្លះ​ត្រូវ​ដក​ហូត​ស័ក្តិ នរណា​ខ្លះ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ និង​នរណា​ខ្លះ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ហើយ​នរណា​ខ្លះ​នឹង​ត្រូវ​ព្យួរ​ការងារ​បណ្តោះអាសន្ន​សិន​។ អ៊ីចឹង​រឿងនេះ​មិន​ទាន់​បញ្ចប់​ត្រឹមហ្នឹង​ទេ​»​។

ជាមួយ​គ្នា​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ក៏​បាន​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការដាក់វិន័យ​មន្ដ្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នោះ​ដែល​បាន​អនុវត្ត​ភារកិច្ច​លើស​ព្រំដែន​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ដែល​បាន​ធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​គ្រឿងញៀន​ចំនួន​​ ២ ​នាក់​កាលពី​ថ្ងៃទី​ ២០ ខែ​កក្កដា​។ ក្នុងនោះ​មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​បញ្ជូនទៅ​តុលាការខេត្ត​។

សេចក្ដី​បំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចុះ​ថ្ងៃទី​ ២ ខែសីហា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ ឲ្យ​ដឹងថា លោកនាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចេញ​សេចក្ដី​សម្រេច​លេខ​ ៤៩០ ស.ស.រ ចុះ​ថ្ងៃទី​ ២៧ ខែ​កក្កដា ឆ្នាំ​ ២០២០ សម្រេច​ដាក់វិន័យ​ដោយ​រូបភាព​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ចំនួន ៧​ នាក់​ដោយ​រង់ចាំ​ការសម្រេច​ជាថ្មី​។

សេចក្ដី​បំភ្លឺ​ព័ត៌មាន​បន្តថា យោងតាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បាន​កសាង​សំណុំ​រឿង​ចំពោះ​ករណី​លោក​អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​ ៣០ ខែ ​កក្កដា ឆ្នាំ​ ២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

សេចក្ដី​បំភ្លឺ​ព័ត៌មាន​បន្ថែមថា អំឡុង​ឆ្នាំ​ ២០១៩ លោក​ឧត្តមសេនីយ៍ត្រី​ ថោង វណ្ណឌី ស្នងការរង​ទទួល​ការងារ​គ្រឿងញៀន​ធ្លាប់​បាន​ជាប់ចោទ​ពី​បទ​ជួញដូរ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពុំ​បាន​រកឃើញ​ភ័ស្តុតាង​ដាក់បន្ទុក​ឡើយ និង​បានសម្រេច​លើកលែង​ការចោទប្រកាន់​តាម​ដីកា​ដំណោះស្រាយ​លេខ​ ៣១៦២ ​ស.ដ.ដ ចុះ ថ្ងៃទី ​២១ ​ឧសភា ឆ្នាំ​ ២០២០ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក​ ទេព ផល្លា អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រៃវែង​ថ្លែង​ពី​ម្សិលមិញ​ថា សំណុំរឿង​លោក​អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដែល​បាន​បញ្ជូន​មក​តុលាការ លោក​មិនទាន់​ដឹង​ទេ​។

លោក​បញ្ជាក់ថា​៖ «​អត់​អី​ទេ ចាំ​ខ្ញុំ​ជួយ​ស្វែងរក​មើល​សំណុំរឿង​ហ្នឹង​ថា តើ​លោក​ចៅក្រម​គាត់​សម្រេច​បែបណា​។ ឃុំខ្លួន ឬ​មិន​ឃុំខ្លួន ខ្ញុំ​ឆែក​រកមើល​យកមក​ជម្រាប​ជូន​»​។

លោក​ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​កាលពី​ថ្ងៃទី​ ២៧ ខែ​កក្កដា បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​របស់​ស្នងការរង និង​មន្ត្រីនគរបាល​ខេត្តព្រៃវែង​ទទួល​បន្ទុក​ការងារ​គ្រឿងញៀន​ចំនួន​ ៧ ​រូប បន្ទាប់ពី​ពួកគេ​ប្រើ​ហិង្សា និង​យកលុយ​ប្រមាណ​ ៤ ​លាន​រៀល​ពី​ជនសង្ស័យ​ពេល​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​។

មន្ត្រី​នគរបាល​ដែល​ត្រូវបាន​ផ្អាកការងារ រួមមាន ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរង​ទទួល​បន្ទុក​ការងារ​ប្រឆាំង​គ្រឿងញៀន វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យ​ប្រឆាំង​គ្រឿងញៀន អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ និង​អនុសេនីយ៍ទោ យុន តារាស័ក្ត មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​។

គួររំឭក​ថា កម្លាំង​ជំនាញ​នគរបាល​ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​ ២០ ខែ​កក្កដា ​បាន​ចុះបង្ក្រាប​បទល្មើស ជួញដូរ​គ្រឿងញៀន​នៅ​ភូមិ​ ៦ សង្កាត់​កំពង់លាវ ក្រុង-ខេត្តព្រៃវែង​។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ​ឈ្មោះ​ ថៃ សាមាឌ ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ និង​ឈ្មោះ ហឿន រ័ត្ន ភេទ​ប្រុស អាយុ​ ២៨ ​ឆ្នាំ​។ ជនសង្ស័យ​អះអាង​ថា មន្ត្រី​នគរបាល​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​រួច​វាយ​ក្បាល​ពួកគេ និង​ចាប់វាយ​ក្រៀក​យក​ទៅ​ការិយាល័យ​ធ្វើ​ទារុណកម្ម ហើយ​ជំរិត​ទារលុយ​បាន​សម្រេច​ ៤ ​លាន​រៀល​ជា​ថ្នូរ​នឹង​ការដោះលែង​វិញ​៕