ព្រះសីហនុៈ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​អះអាង​ថា ករណី​វិវាទ​ដី​សាលា​នៃ​ក្តីសង្ឃឹម​ទំហំ​ជាង​ ១ ហិកតា ​នៅ​សង្កាត់​លេខ​ ៤ ក្រុង-ខេត្ត​ព្រះសីហនុ​ជាមួយ​ក្រសួង​សង្គមកិច្ច​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ ដោយ​ភាគី​ក្រសួង​សម្រេច​ផ្តល់​ជា​កញ្ចប់​ថវិកា​ប្រមាណ​ ៧៨ ​ម៉ឺន​ដុល្លារ​ ឲ្យ​ទៅ​សាលា​ដើម្បី​រក​ទីតាំង​ថ្មី​។

ការសម្របសម្រួល​គ្នា​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៥ ខែ​មករា អំឡុងពេល​លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ចុះទៅ​ដោយផ្ទាល់​នៅ​ខេត្ត​ព្រះសីហនុ ក្រោយពី​ទទួល​បញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

កាលពី​ពាក់កណ្តាល​ខែធ្នូ​លោក​ ហ៊ុន សែន បានសម្រេច​ចេញ សជណ ប្រគល់​ជូន​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​រាយការណ៍​ជូន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ភាពមិន​ប្រក្រតី​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ជុំវិញ​ដី​សាលា​នៃ​ក្តីសង្ឃឹម​ដែល​ក្រសួង​សង្គមកិច្ច​ដាក់​ឱសានវាទ​ ៣ ​ខែ​ឲ្យ​សាលា​នេះ​រើចេញ​។

លោក​ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ៦ មករា ថា​ការចុះ​ដោះស្រាយ​វិវាទ​រវាង​សាលា​នៃ​ក្តីសង្ឃឹម​ជាមួយ​ក្រសួង​សង្គមកិច្ច​លើ​ដី​ជាង​ ១ ​ហិកតា​នេះ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ ដោយ​ទទួល​បាន​លទ្ធផល​ឈ្នះៗ​ទាំងអស់​គ្នា​។ លោក​បញ្ជាក់ថា​ការស្រុះស្រួល​គ្នា​នេះ គឺ​ភាគី​ក្រសួង​សង្គមកិច្ច​សម្រេច​ផ្តល់​កញ្ចប់​ថវិកា​ ៧៨ ​ម៉ឺន​ដុល្លារ​ទៅដល់​ភាគី​សាលា ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​។

លោក​បន្ថែមថា​៖ «​ការសម្រេច​បែបនេះ ដោយ​យោង​តាម​សំណើ​របស់​ក្រសួង​សង្គមកិច្ច ព្រោះ​ដី​នេះ​ជា​កម្មសិទ្ធិ​របស់​ខាង​ក្រសួង​សង្គមកិច្ច​។ រីឯ​ខាង​អង្គការ ត្រូវ​សម្រេច​ទៅ​កន្លែង​ថ្មី​តាម​ការជជែក​គ្នា​រួចហើយ ដោយ​សុំ​ពន្យារពេល​រើចេញ​ពី​ទីតាំង​ចាស់​ដល់​ថ្ងៃទី​ ២០ ខែសីហា​»​។

លោក​ តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ មករា​ថា ករណីនេះ​ពិតជា​បាន​ដោះស្រាយ​បញ្ចប់​ហើយ​។ ភាគី​ទាំងអស់​បាន​ឯកភាព​តាម​ការសម្របសម្រួល ដូច្នេះ​មិនមាន​បញ្ហា​អ្វី​បន្ថែមទៀត​នោះទេ​។ បន្ទាប់ពី​សាលា​បាន​ទទួល​កញ្ចប់​ថវិកា​នេះហើយ​គឺ​សាលា​ត្រូវ​ស្វែងរក​ទីតាំង​ថ្មី​ដោយ​ខ្លួនឯង​។

លោក​បញ្ជាក់ថា​៖ «​ដី​នេះ​ជា​ដី​របស់​ក្រសួង ហើយ​ក្រសួង​ត្រូវការ​ដី​នៅ​ទីតាំង​នេះ​ដើម្បី​ធ្វើការ​អភិវឌ្ឍ ដូច្នេះ​ក្រសួង​ត្រូវតែ​ឲ្យ​សាលា​រើចេញ ហើយ​បានផ្តល់​ជា​គោលនយោបាយ​មួយចំនួន​ផងដែរ​ដល់​សាលា​នេះ ដើម្បី​បន្តដំណើរ​ទៅមុខទៀត​។ ប៉ុន្តែ​បែបណា​ទៀត​នោះ​ក្រសួង​មិនដឹង​ទេ​»​។

លោក ភុំ ណារិទ្ធ នាយក​សាលា​នៃ​ក្តីសង្ឃឹម​មិន​អាច​សុំ​អត្ថាធិប្បាយ​បានទេ​ពី​ម្សិលមិញ ព្រោះតែ​លោក​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​បើតាម​ការអះអាង​កន្លងមក​របស់​នាយក​សាលា​រូបនេះ​ផ្ទៃដី​ជាង ១ ​ហិកតា​ដែល​សាងសង់​សាលា​នេះ អង្គការ​បាន​ដោះដូរ​ជា​ទឹកប្រាក់​ពី​ពលរដ្ឋ​ក្នុង​តំបន់​នោះ និង​បន្តកាន់កាប់​តាំងពី​ឆ្នាំ​ ២០០២ មក​។

កាលពី​ខែសីហា​កន្លងទៅ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដែល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ដាក់​របាយការណ៍​ស្រាវជ្រាវ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សុំ​អន្តរាគមន៍​ករណី​ក្រសួង​សង្គមកិច្ច​ដាក់​ឱសានវាទ​ ៣ ខែ ឲ្យ​សាលា​នៃ​ក្តីសង្ឃឹម​រើ​ចេញ​ពី​ទីតាំង​នេះ ដោយ​អះអាង​ថា ក្រសួង​ត្រូវការ​ដី ដើម្បី​ធ្វើការ​អភិវឌ្ឍ​។

លោក​ វឌ្ឍនាសាប៊ុង ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថ្ងៃទី​ ៦ មករា ថា លោក​មិន​ជំទាស់​នោះទេ​ចំពោះ​ការឯកភាព​គ្នា​ទទួល​នូវ​ដំណោះស្រាយ​។ ប៉ុន្តែ​លោក​មាន​ការសោកស្តាយ ចំពោះ​វិធានការ​ទាំងនេះ​ដែល​មិនបាន​ស្វែងរក​អ្នកទទួល​ខុសត្រូវ​លើ​ករណី​ភាពមិនប្រក្រតី​នៃ​ការរំលោភ​យក​ដី​សាលា​ជាង​ ១ ​ហិកតា យក​មក​ដាក់ទោស​តាមច្បាប់​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅតែ​បន្ត​ការតាមដាន ព្រោះ​នេះ​គ្រាន់តែ​ជា​ការសម្របសម្រួល​។ ប៉ុន្តែ​យើង​មាន​ការសោកស្តាយ ដោយសារ​តែ​គ្មាន​ការដាក់​ទណ្ឌកម្ម ឬ​ពិន័យ​អ្វី​សោះ ហើយ​មិនបាន​រកឃើញ​អ្នក​ត្រូវ អ្នក​ខុស អ្នកឈ្នះ អ្នកចាញ់ ដែល​អ្នកណា រំលោភ អ្នកណា​បំភ្លៃ​អង្គហេតុ អង្គច្បាប់​លើដី​សាលា​នេះ គឺ​ត្រូវតែមាន​វិធានការ​»​។

តាម​ការអះអាង​របស់​នាយក​សាលា​គឺ សាលា​នៃ​ក្តីសង្ឃឹម​របស់​អង្គការ Assemblies of God សាខា​ខេត្ត​ព្រះសីហនុ​បាន​បើក​ដំណើរការ​ដោយ​បំពេញ​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ជិត​ ២០ ​ឆ្នាំ​មកហើយ​មក​ទល់​បច្ចុប្បន្ន ដោយ​បាន​បណ្ដុះបណ្ដាល​សិស្ស​ក្រីក្រ និង​ចិញ្ចឹម​កុមារកំព្រា​ប្រមាណ​ ៧ ​ម៉ឺន​នាក់​ និង​មាន​គ្រូបង្រៀន​ជិត​ ៥០ ​នាក់​៕