សៀមរាបៈ ប្រជាកសិករ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​កំពុង​ចាប់ផ្ដើម​អនុវត្ត​ការដាំដុះ​ដំណាំ​តាមបែប​បច្ចេកទេស​ថ្មី​ជាមួយ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្រោចស្រព ដែល​មាន​លក្ខណៈ​សន្សំសំចៃ​ទឹក​ និង​ជី ដែល​ធ្វើឱ្យ​ដំណាំ​មាន​គុណភាព​ល្អ ប្រកប​ដោយ​ផាសុកភាព​សម្រាប់​អ្នក​បរិភោគ​។

ទំនើបកម្ម​ប្រព័ន្ធ​ស្រោចស្រព ដែល​ប្រជាកសិករ​កំពុង​នាំគ្នា​អនុវត្ត​សម្រាប់​ការងារ​ដាំដុះ​លើ​ដំណាំ​ហូប​ផ្លែ និង​បន្លែបង្ការ​រួមផ្សំ​ផ្សេងៗ​នាពេល​នេះ​មាន​ ២ ​ប្រព័ន្ធ គឺ​ប្រព័ន្ធ​តំណក់ទឹក និង​ប្រព័ន្ធ​សាចទឹក​ដែលជា​បច្ចេកវិទ្យា​ដ៏ទំនើប និង​ត្រូវបាន​ណែនាំ​ដោយ​ក្រុម​ជំនាញការ​កសិកម្ម​។

លោក ហួត ឡឹម អាយុ​ ៥៦ ​ឆ្នាំ​ជា​កសិករ​នៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការដាំដុះ​ដំណាំ​តាម​លក្ខណៈ​បច្ចេកទេស​បុរាណ ដែល​លោក​បាន​រៀន​ចេះ​ចាំ​តពី​ឪពុកម្ដាយ​តាំងពី​កុមារភាព​នោះ មិន​អាច​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​លោក​ឱ្យមាន​ភាពល្អប្រសើរ​បាន​ទេ​ព្រោះ​បច្ចុប្បន្ន​ផ្ទៃដី​កសិកម្ម​របស់​គ្រួសារ​លោក​កាន់តែ​​រួម​តូច ខណៈ​អាកាសធាតុ​នា​រដូវក្ដៅ​នេះ​កំពុង​បង្ក​ឱ្យ​មាន​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​ក្រុមគ្រួសារ​ខ្ញុំ​កំពុង​អនុវត្ត​វិធាន​ដាំដុះ​ដំណាំ​តាមបែប​បច្ចេកទេស​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តំណក់ទឹក ស្រោចស្រព​លើ​គល់​ដំណាំ បន្លែ​ហូប​ផ្លែ រួមមាន ល្ហុង ល្ពៅ ត្រឡាច ត្រសក់ស្រូវ ត្រប់ និង​ប៉េងប៉ោះ​។ ចំណែក​ដំណាំ​បន្លែ​ហូប​ស្លឹក​ និង​មើម​ដូចជា​ស្ពៃ ត្រកួន ឆៃថាវ និង​ខ្ញី វិញ​គឺ ខ្ញុំ​ប្រើ​ប្រព័ន្ធ​សាចទឹក សម្រាប់​ស្រោចស្រព​លើ​ដើម និង​ស្លឹក​របស់​ពួកវា​»​។

បើតាម​លោក ឡឹម ការអនុវត្ត​វិធាន​ដាំដុះ​តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​បែប​ទំនើបកម្ម​ទាំង​ ២ ​ខាងលើ​នេះ​បាន​ធ្វើឱ្យ​គ្រួសារ​របស់លោក​ដែល​មាន​ផ្ទៃដី​កសិកម្ម​ទំហំ​ ៥ ​អា (៥០០ ​ម៉ែត្រ​) អាច​ផលិត​ដំណាំ​បាន​គ្រប់​រដូវ​សម្រាប់​លើកស្ទួយ​ជីវភាព​គ្រួសារបាន​យ៉ាង​ល្អជា​ពិសេស​ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រឈម​វិបត្តិ​កូវីដ​១៩ ដែលមាន​ការឆ្លង​ជា​សហគមន៍​នេះ​។

ចំណែក​លោក ស្រី ភ័ណ្ឌ អាយុ​ ៦២ ​ឆ្នាំ​ ជា​កសិករ​នៅ​ភូមិ-ឃុំ​ជីក្រែង ស្រុក​ជីក្រែង ថ្លែង​ថា ការអនុវត្ត​នូវ​វិធាន​ដាំដុះ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តំណក់ទឹក និង ប្រព័ន្ធ​សាចទឹក​មាន​ការចំណាយ​ធនធាន​ច្រើន ដែល​គ្រួសារ​កសិករ​ក្រីក្រ ដូច​លោក​មិនអាច​ធ្វើ​បានទេ​។ ទោះយ៉ាងណា​លោក​កោតសរសើរ​ចំពោះ​ការដាំដុះ​តាម​វិធាន​បច្ចេកទេស​ទំនើប​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ការដាំដុះ​តាមបែប​ប្រពៃណី​បុរាណ​។

លោក​ថា​៖ «​ខ្ញុំ​ពុំមាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទិញ​ឧបករណ៍​សម្ភារ​បច្ចេកទេស​សម្រាប់​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​នោះទេ​ប៉ុន្តែ​ខ្ញុំ​ឃើញ​បងប្អូន​អ្នកជិតខាង​ខ្ញុំ គឺ​គេ​ដាំដុះ​តាម​វិធាន​បច្ចេកទេស​ទំនើប​នោះ គឺ​ដំណាំ​គេ​ល្អ​ទាំង​គុណភាព​ និង​បរិមាណ​ហើយ​លក់បាន​ថ្លៃ​ទៀតផង ព្រោះ​វា​ជា​បន្លែ​សុវត្ថិភាព ដែល​គ្មាន​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​នោះទេ​»​។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តសៀមរាប​ទទួលស្គាល់​ថា ការដាំដុះ​ដំណាំ​បន្លែ​ហូប​ផ្លែ ហូប​ស្លឹក និង មើម តាម​វិធាន​បច្ចេកទេស​ខាងលើនេះ គឺ​ពិតជា​ត្រូវ​ចំណាយ​ទុន​ច្រើន​ពិតមែន ដែល​គ្រួសារ​កសិករ​ក្រីក្រ​មិនអាច​មានលទ្ធភាព​ធ្វើបាន​នោះទេ​។

ការដាំដុះ​ដោយ​ប្រើ​ប្រព័ន្ធ​តំណក់ទឹក​ ឬ​សាចទឹក​នេះ គឺ​តម្រូវ​ឱ្យ​មាន​ការទិញ​ឧបករណ៍​សម្ភារ​បច្ចេកទេស​មក​ដំឡើង ដែល​ក្នុងនោះ​រួមមាន ម៉ាស៊ីន​បូមទឹក​ ១ និង​ម៉ូទ័រ​បូមទឹក​ ១ ព្រមទាំង​បំពង់​ទុយោ​ និង​ខ្សែ​ទុយោ​តូចៗ​បង្កប់​ក្នុង​ដី ជុំវិញ​គល់​ដំណាំ​សម្រាប់​ប្រព័ន្ធ​តំណក់ទឹក និង ទុយោ​តូចៗ​ភ្ជាប់​វ៉ាន​ផ្លិតទឹក ដើម្បី​ស្រោចស្រព​លើ​ស្លឹក និង​ដើម​សម្រាប់​ប្រព័ន្ធ​សាចទឹក​។ មិនតែ​ប៉ុណ្ណោះ​កសិករ​ត្រូវ​រៀបចំ​បុក​អណ្ដូងស្នប់​ ១ និង​ជីក​ស្រះ​ទឹកតូច​ ១ ​ថែមទៀត​។

ចំណែក​រង​ដំណាំ​បន្លែ​ហូប​ផ្លែ និង​ដំណាំ​ហូប​ស្លឹក​ និង​មើម​មួយចំនួន​ចាំបាច់​ត្រូវ​ក្រាល​ថង់​កៅស៊ូ​គ្រប​ពី​លើ​រង​ដើម្បី​ការពារ​ស្មៅ​កុំឱ្យ​ដុះ ឬ​ដក់​ទឹក ដែលនាំឱ្យ​រលួយ​ឫស​ដំណាំ​ និង​ជួយ​រក្សា​សំណើម​។ «​ដើម្បី​ផ្ដល់​ផាសុកភាព​ដល់​អ្នក​បរិភោគ​កសិករ​គប្បី​ជ្រើស​វិធាន​ដាំដុះ​តាម​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​សមស្រប​ និង​ចៀសវាង​ប្រើប្រាស់​ថ្នាំ​គីមី​ពុល​កសិកម្ម​»​។

លោក​ថា ប្រជាកសិករ​ដែល​មាន​បំណង​ចង់​ពង្រីក​ចំណេះដឹង​នៃ​ការធ្វើ​កសិកម្ម​ដាំដុះ​តាម​លក្ខណៈបច្ចេកទេស​ទំនើប​អាច​មក​ទាក់ទង​ផ្នែក​រដ្ឋបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​ស្នើសុំ​ការផ្ដល់​ប្រឹក្សា​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​បាន​រៀងរាល់​ម៉ោង​ធ្វើការ​៕