ភ្នំពេញៈ ស្របពេល​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ប្រកាស​ពី​ការឆាប់​មក​ដល់​នៃ​រដូវវស្សា​ឆ្នាំនេះ​ជាមួយ​នឹង​ការព្យាករ​ថា ភ្លៀង​នឹង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ប្រទេស​នោះ ប្រជាកសិករ​​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ភ្ជួរ​រាស់​ដីស្រែ​ចម្ការ សម្រាប់​បង្កបង្កើនផល​ស្រូវ និង​ដំណាំ​រួមផ្សំ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ ខណៈ​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្លះ រង​ឥទ្ធិពល​មិនល្អ​ពី​ជំងឺ​កូវីដ​១៩​។

ប្រជាកសិករ​នៅ​ភូមិ​ត្រពាំងក្រឹម ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​លោក ហេង ឌឹម អាយុ​ ៦៧ ​ឆ្នាំ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ពេល​នេះ​ដីស្រែ​មួយ​ចំនួន​មាន​ទឹក​ដក់​ជា​បណ្ដើរៗ​ហើយ បន្ទាប់ពី​មាន​ភ្លៀង​ធំ​ ៣-៤ ​មេ នា​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មកនេះ​។

លោក​ថា ពេលនេះ​ក្រុមគ្រួសារ​របស់លោក​ក៏​ដូច​អ្នកភូមិ​បាន​នាំគ្នា​ភ្ជួររាស់​ដី និង​សាប​ព្រោះស្រូវ ស្រាល និង​គ្រាប់ពូជ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​រួមមាន ពោត សណ្ដែក និង​ល្ង ដោយ​រំពឹង​ថា​នឹង​ប្រមូលផល​ពី​ ២ ទៅ​ ៣ ​ខែ​ទៀត​។

លោក​ ឌឹម បាន​បញ្ជាក់ថា​៖ «​រាល់​ឆ្នាំ​ទាល់តែ​ដល់​ពាក់កណ្ដាល​ខែឧសភា ទើប​មាន​ភ្លៀង​ធំ​តែ​នៅ​ឆ្នាំនេះ​អាកាសធាតុ​ដូចជា​អំណោយផល​ល្អ​ដល់​កសិករ​យើង​ដោយ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​មាន​ទឹក​ដក់​ពេញ​ស្រែ​ចាប់ពី​ឥឡូវនេះ​ [១៥​មេសា​] ​ទៅ​ហើយ​។ សម្រាប់​គ្រួសារ​​ខ្ញុំ ពេល​នេះ​គឺ​ព្រោះស្រូវ​ស្រាល​បាន​ ២ ​ហិកតា​ហើយ​»​។

លោក​ ឌឹម ដែល​ជា​អតីត​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​សេចក្ដី​ជូនដំណឹង​លើក​ទី​ ២ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​ ១៤ ​ខែ​មេសា​ឆ្នាំ​នេះ​ក្នុង​ខែឧសភា និង​ខែមិថុនា​ខាងមុខ ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅ​ទូទាំង​ប្រទេស​ពី​មធ្យម​ទៅ​ច្រើន​។

លោក​ថា​៖ «​តាម​ការព្យាករ​នេះ​ស្រូវ​ពង្រោះ​ដើម​រដូវវស្សា​របស់ខ្ញុំ​អាច​នឹង​ប្រមូលផល​នៅ​ពាក់កណ្ដាល​ខែ​កក្កដា​ហើយ​ខ្ញុំ​នឹង​អាច​បន្តធ្វើ​ស្រូវវស្សា​ ១ ​លើក​ទៀត​ដោយ​ចាប់ផ្ដើម​ពី​ខែ​សីហា​»​។

បើតាម​ការព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម រដូវវស្សា​ឆ្នាំនេះ​​ចូល​មក​ដល់​លឿន​ជាង​ឆ្នាំ​មុន ដែល​តាម​ធម្មតា​តែង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ជាមួយ​នឹង​ទឹកភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ​។ ក្នុង​ខែសីហា​ និង​ខែកញ្ញា​ភ្លៀង​អាច​ធ្លាក់​រាយប៉ាយ​ល្អ​លើ​ផ្ទៃ​ប្រទេស​ជាមួយ​នឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​ហើយ​នៅតាម​ខេត្ត​មួយចំនួន​ដែល​នៅ​ទំនាប​ជាប់​តំបន់​ជួរ​ភ្នំ​ និង​ខ្ពង់រាប និង​តំបន់​ជាប់​ផ្លូវទឹក​អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​។

បើ​តាម​ការព្យាករ​របស់​ក្រសួង​ធនធាន​ទឹក​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​គឺ​រដូវវស្សា​អាច​នឹង​បញ្ចប់​នៅ​សប្តាហ៍​ទី​ ២ ​នៃ​​ខែវិច្ឆិកា​ជាមួយ​នឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​មធ្យម​ ខណៈ​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​ និង​តំបន់​មាត់សមុទ្រ​​រដូវវស្សា​អាច​នឹង​បញ្ចប់​នៅ​សប្តាហ៍​ទី​ ៣ នៃ​ខែវិច្ឆិកា​ជាមួយ​នឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​បង្គួរ​។ រីឯ​កូន​រដូវប្រាំង​អាច​នឹង​កើត​មាន​នៅ​សប្តាហ៍​ទី​ ២ នៃ​ខែកក្កដា រហូត​ដល់​ដំណាច់ខែ​។

ដោយឡែក​នៅ​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ឯណោះ​វិញ ប្រជាកសិករ ដែល​មាន​ដីស្រែ​ជាប់​នៅ​តំបន់​ ២ ក៏បាន​ចាប់ផ្ដើម​ភ្ជួរ​រាស់​ដី​ផងដែរ ដើម្បី​ដាំដុះ​បន្លែបង្ការ និង​ស្រូវស្រាល​នៅ​ដើម​រដូវវស្សា​នេះ​។

លោក ស៊ុត សើញ តំណាង​ប្រជាកសិករ​នៅ​ភូមិ​តាឡាត់ ឃុំ​ស្វាយរំពារ ស្រុក​កំពង់លែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ដែរ​ថា ពេល​នេះ​អ្នកភូមិ​មួយចំនួន​បាន​ចាប់ផ្ដើម​ភ្ជួរ​រាស់​ដី និង​ធ្វើ​ថ្នាល​សាបព្រោះ​ស្រូវ ដើម្បី​ត្រៀម​​ដក​ស្ទូង​នៅ​ដំណាច់​ខែឧសភា​។

លោក​ថ្លែងថា​៖ «​យើង​មានតែ​មុខរបរ​ធ្វើស្រែ​ចម្ការ ក្រៅពីនេះ​មិនដឹងថា​នឹង​​ធ្វើ​អ្វី​នោះទេ ពិសេស​នៅពេល​ប្រទេស​ជាតិ​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩»​។

កាលពី​ពេល​ថ្មីៗ​នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើក​ទឹកចិត្ត​ប្រជាកសិករ​ឲ្យ​យកចិត្ត​ទុកដាក់​លើ​ការបង្កបង្កើន​ផល​ស្រូវ និង​ដំណាំ​រួមផ្សំ​ព្រមទាំង​ពង្រឹង​ការងារ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ដើម្បី​ចូលរួម​ធានា​នូវ​តុល្យភាព​ស្បៀងអាហារ​ក្នុង​គ្រា​​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​។

លោក​បាន​ថ្លែងថា​៖ «​បើទោះ​ជា​នៅ​​ពេលនេះ សន្តិសុខ​ស្បៀង​របស់​យើង​នៅ​មិនទាន់​មាន​បញ្ហា​ចោទ​ក្ដី តែ​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ គឺ​ត្រូវ​បង្កើន​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​របស់​យើង​ថែមទៀត ដើម្បី​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​ស្បៀង និង​សេដ្ឋកិច្ច​ក្នុង​សង្គម​គ្រួសារ និង​ប្រទេសជាតិ​របស់​យើង​»៕