
បុរសម្នាក់កំពុងបេះបន្លែដែលដាំក្រោមដំបូលសំណាញ់។ រូបថត សហការី
ភ្នំពេញៈ ប្រជាកសិករចំនួន ១៤៤ ០០០ គ្រួសារនៅក្នុង ២៤ រាជធានី-ខេត្តបាននិងកំពុងទទួលប្រយោជន៍ពី «កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ» ដែលដាក់ឱ្យអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីឆ្នាំ ២០១៥។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុត្រូវបានអនុវត្តដោយក្រសួងកសិកម្មចាប់ពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ ដែលមានប្រជាកសិករចំនួន ១៤៤ ០០០ គ្រួសារកំពុងទទួលបានផលពីកម្មវិធីនេះ។
លោកបន្តថា៖ «គម្រោងនេះបាននិងកំពុងចូលរួមចំណែកក្នុងការជំរុញអនុវត្តនូវទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រវិស័យកសិកម្មក្នុងរយៈពេលមធ្យម និងផែនការមេរបស់ក្រសួង ដោយត្រូវជំរុញការធ្វើទំនើបកម្មកសិកម្មប្រកបដោយការប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពក្នុងការជំរុញផលិតកម្មស្បៀងប្រកបដោយវិបុលភាព និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា»។
បើតាមលោករដ្ឋមន្ត្រីកសិកម្មរូបនេះ «កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ» ត្រូវបានអនុវត្តនៅក្នុងរាជធានី-ខេត្ត ទាំង ២៤ នៃឃុំចំនួន ៩៣១ និង ស្រុក ចំនួន ១៦៨ នៅទូទាំងប្រទេស។
លោក ស៊ាង វ៉ាន់សេដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលអាកាសធាតុទាំងកើនឡើងកម្ដៅ និងទឹកជំនន់ដែលត្រូវបានក្រសួងបញ្ចូល «កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ» នេះឱ្យអនុវត្តនៅទូទាំងប្រទេស។ លោកបន្តថា៖ «កម្មវិធីនេះជាកម្មវិធីបច្ចេកទេសថ្មី ដោយមានការដាំដុះនៅក្នុងផ្ទះសំណាញ់ ហើយឥឡូវនេះប្រជាកសិករបានទទួលយកនូវបច្ចេកទេសនេះ»។
លោកពន្យល់ថា ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់នេះមានការប្រើប្រាស់ទឹកតិចមិនប្រើប្រាស់ថ្នាំពុល។ ចំពោះការធ្វើស្រែបានបញ្ចូលនូវបច្ចេកទេសដោយប្រើប្រាស់ទឹកតិច និងបំពាក់ម៉ាស៊ីនព្រោះ និងបានរៀបចំកសិករជាបណ្តុំដែលមានបណ្តុំកសិករស្រូវ ដំឡូងមី បន្លែ ត្រី និងមាន់ជាដើម ដើម្បីឱ្យពួកគាត់ផលិតបានហើយ «យើងនឹងទាក់ទងទៅម៉ូយខាងក្រៅឱ្យមកជួបជាមួយកសិករដើម្បីចរចាគ្នាពីតម្លៃក្នុងការនាំទៅលក់ដូរនៅទីផ្សារ»។
បើតាមលោក វ៉ាន់សេដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យចាប់តាំងពីឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ននេះមានបណ្តុំកសិករចំនួន ៦៥ បណ្តុំដែលនៅក្នុង ១ បណ្តុំមានគ្នាពី ៣០ នាក់ទៅ ៥០ នាក់ឡើងទៅ។ ប្រជាកសិករទាំងនេះ បាននិងកំពុងទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេមានជីវភាពធូរធា។
លោក ឆឹង បូ កសិករនៅភូមិពោធិ៍ទាប ឃុំព្រៃម្លូ១ ស្រុកឆែប ខេត្តព្រះវិហារដែលបានអនុវត្តផ្ទាល់នូវគម្រោងនេះបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញបានថ្លែងថា គម្រោងនេះល្អដែលធ្វើឱ្យកសិករអាចដាំដំណាំបានទាំងរដូវប្រាំង និងរដូវវស្សាហើយផ្តល់នូវចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។
លោក ឆឹង បូ ថ្លែងថា៖ «កាលពីកន្លងមកនេះការដាំដំណាំនៅកណ្តាលវាល មិនមានអ្វីបាំង គឺទទួលផល និងចំណូលតិចតួចបំផុតប៉ុន្តែនៅពេលដែលក្រសួងគេចុះមកណែនាំឱ្យមានការបាំងសំណាញ់ យើងទទួលបានទិន្នផលច្រើន ហើយចំណូលរបស់វាគឺទទួលបានគួរសមពីគម្រោងនេះ»៕