ស្ទឹងត្រែង/ព្រះវិហារៈ តាម​រយៈ​គម្រោង​ពូជ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ​ ប្រជា​កសិករ​ប្រមាណ​ជាង ​១ ០០០ គ្រួសារ ​ដែលរស់នៅ​ក្នុង ​និងក្បែរ​ តំបន់​ដែនជម្រក​សត្វព្រៃ​នៃ​ប្រទេស​ កម្ពុជា ​បាន​ផ្លាស់​ប្ដូរ​ជីវភាព​ថ្មី ​ដោយ​ពួកគេ​ភាគច្រើន​បាន​ក្លាយខ្លួន​ជាកសិករ​គំរូ ​និងជា​សកម្មជន​ការពារ​ព្រៃឈើ ​និង​សត្វព្រៃ​ផងដែរ។

លោក​ កែវ សុជាតិ ​អ្នកសម្រប​សម្រួល​អង្គការ​សន្សំ​ម្លប់​ព្រៃ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអង្គារ​ថា ​គម្រោង​ពូជ​ស្រូវ​មិត្ត​ភាព​សង្គ្រោះ​សត្វ​ព្រៃ ​ឬស្រូវ​ត្រយ៉ង ​បានចាប់​ផ្ដើម​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ​នៅ​ខេត្ត​ព្រះវិហារ ​ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា ​ហើយ​ទទួលបាន​ការគាំទ្រ​ និង​ចូលរួម​យ៉ាង​ផុសផុល​ពី​ប្រជាសហ​គមន៍​មូល​ដ្ឋាន ​ដែលរស់​នៅ​ក្បែរ​តំបន់​ដែន​ជម្រក​សត្វព្រៃ​គូលេន​ព្រហ្មទេព ​និងឆែប។ ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​នៅ​ឆ្នាំ​ ២០១៧ ​គម្រោងនេះ​ត្រូវបាន​ពង្រីក​មក​កាន់​តំបន់​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​ខាងលិច ​នៃ​ខេត្ត​ស្ទឹងត្រែង។

លោក​សុជាតិ ​បាននិយាយថា​៖ «គម្រោង​ពូជ​ស្រូវ​មិត្តភាព​សង្គ្រោះសត្វព្រៃ ​គឺ​ផ្នែក​មួយ​នៃ​ការចូលរួម​ការពារ ​និង​អភិរក្ស​ព្រៃឈើ​ និង​សត្វព្រៃ​នៃ​តំបន់​ដែន​ជម្រក​សត្វព្រៃ​នៅ​កម្ពុជា ​និងជា​ផ្នែកមួយ​នៃ​ការលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហ​គមន៍​ តាម​រយៈ​ការដាំដុះ​ដំណាំ​សរីរាង្គ»។

លោក​បន្តថា ​គិតត្រឹម​ពាក់​កណ្ដាល​ខែ​ មិថុនា ​ឆ្នាំ ២០១៩ ​ប្រជាកសិករ​ជាង​ ១ ០០០ ​គ្រួសារ​ បានចូលរួម​ជា​មួយ​គម្រោង​នេះ ​ដោយ​ក្នុង​នោះ​នៅ​ខេត្ត​ព្រះវិហារ​មាន​អ្នកចូល​រួមជាង​ ៦០០ គ្រួសារ ​និងនៅ​ខេត្តស្ទឹង​ត្រែង​មានអ្នក​ចូលរួម​ជិត ​៤០០​ គ្រួសារ​។ អ្នកចូល​រួម​ក្នុង​គម្រោងនេះ​ទទួលបាន​ការបណ្ដុះបណ្ដាល​បច្ចេក​ទេស​ដាំដុះ ​តាម​បែប​កសិកម្ម​សរីរាង្គ ​ដែល​មាន​គុណភាព​ និង​បរិមាណ​ផល​ខ្ពស់​ តាមរយៈ​ការផ្ដល់​គ្រាប់​ពូជ​សុទ្ធ​ល្អ ​ដោយឥត​គិតថ្លៃ ​និងការជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ដើម្បី​ទទួល​បាន​ការទទួល​ស្គាល់​ និង​ចុះបញ្ជី​ដី​កសិកម្ម​របស់​ពួកគេ​ពីអាជ្ញាធរ​ពាក់​ព័ន្ធ​នានា។ ព្រោះ​ដី​កសិកម្ម​របស់​ពួក​គេ​ទាំង​នោះ ​ភាគច្រើន​ស្ថិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ។

លោក​ សុជាតិ​ បញ្ជាក់​ថា​៖ «ដើម្បី​លើក​កម្ពស់​សន្តិសុខ​ស្បៀង ​និង​ការបង្កើន​ប្រាក់​ចំណូល​កសិករ ​ដែលបាន​ចូលរួម​នៅ​ក្នុង​គម្រោង​របស់​យើង ​និង​ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ក្នុង​ការអភិរក្ស​តំបន់​ដែនជម្រក​សត្វព្រៃ ​ដែលពួកគាត់​កំពុង​រស់​នៅ​ និង​អា​ស្រ័យ​ផល ​យើង​បានជួយ​ប្រមូល​ទិញ​នូវ​កសិផល​របស់​ពួកគាត់​ក្នុង​តម្លៃ​ខ្ពស់​ជាង​ពី​តម្លៃ​ទីផ្សារ​សេរី​ ១០ ភាគរយ ​សម្រាប់​ឆ្នាំ​ទី ១ ​និងខ្ពស់​ជាង​ ២០-៣០​ ភាគរយ ​ក្នុង​ឆ្នាំទី៣ ​ក្រោយ ពី​មានការ​វាយតម្លៃ​ថា​ កសិផល​របស់​ពួកគេ​ពិតជា​កសិផល​សរីរាង្គ​មួយ​រយ​ភាគរយ ​និង​ត្រឹមត្រូវ​តាមលក្ខខណ្ឌ​តម្រូវ​នៃ​គម្រោង​របស់​យើង»។

​លោក ​ប៊ូ វរសក្ស​ នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ សម្រាប់​គម្រោង​ពូជ​ស្រូវ​មិត្តភាព​សង្គ្រោះសត្វព្រៃ ​ឬ​ស្រូវ​ត្រយ៉ង ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​ខាងលិច​នេះ​ ដំបូង​ឡើយ​មាន​អ្នក​ចូលរួម​ត្រឹម​តែ ​៤៣ ​គ្រួសារ​ប៉ុណ្ណោះ។ ប៉ុន្តែ​មកទល់​ពេល​នេះ ​មានអ្នក​ចូលរួម​បានកើនឡើង​រហូតដល់​ ៣៨៤​ គ្រួសារ។

លោក​ថ្លែងថា​៖ «តាមរយៈ​ការលើក​ទឹកចិត្ត​របស់​ម្ចាស់​គម្រោង​ខាងលើនេះ ​កសិករ​តម្រូវឲ្យ​មានការគោរព​ និង​អនុវត្ត​ន៍​តាម​លក្ខខណ្ឌ​ចម្បងៗ​ចំនួន ៤​ ក្នុង​ចំណោមលក្ខខណ្ឌ​ចំនួន ១២​ ដែលរួមមាន ​មិនបរបាញ់​សត្វព្រៃ ​ឬ ​កាប់ឈើ​ខុស​ច្បាប់។ មិនទន្រ្ទាន​ដី​ព្រៃ​នៅដែន​ជម្រក​សត្វព្រៃ ​មិន​ប្រើប្រាស់​ជី​គីមី​គ្រប់​ប្រភេទ និង​មិន ប្រើប្រាស់​ថ្នាំ​គីមី​សម្រាប់​សម្លាប់​សត្វ​ល្អិត​ចង្រៃ​គ្រប់​ប្រភេទ»។

បើតាម​លោក​ វរសក្ស ​ប្រជាសហគមន៍​ភាគច្រើន​ ដែលបាន​ចូលរួម​នៅក្នុង​គម្រោង​នេះ ​បានក្លាយ​ទៅ​ជា កសិករ​គំរូ ​និងជា​សកម្មជន​ការពារ​ព្រៃឈើ​ និង​សត្វ​ព្រៃ​នៃ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង​នេះ​ផងដែរ ​ដោយ​ពួកគាត់​បាន​ចូលរួមទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​និង​ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​ជាប្រចាំ។

ពី​ម្សិលមិញ ​លោក​ ផាន់ យុត្តិ ​អភិបាល​ស្រុក​សៀមប៉ាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​តាម​រយៈ​គម្រោងនេះ​ បទល្មើស​ព្រៃឈើ ​និងសត្វព្រៃ​មានការ​ថយចុះ​គួរឲ្យ​កត់​សម្គាល់។ ពិសេស​បទល្មើស​កាប់​រានដី​ព្រៃ​ត្រូវបាន​លុបបំបាត់​ទាំងស្រុង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​សៀម​ប៉ាង​ខាង​លិច។ ព្រោះ​មាន​ការ​ចូលរួម​យ៉ាង​ផុលផុស​ពី​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​ ក្នុង​ការទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ទាំង​នេះ។

លោក​បញ្ជាក់​ថា៖ «ទន្ទឹម​នឹងនេះ ​ជីវភាព​របស់​បងប្អូន​ប្រជាកសិករ​យើង​ ដែលនៅ​ក្នុង​ក្បែរ និង​ជុំវិញ​តំបន់​ដែនជម្រក​សត្វ​ព្រៃ​ខាង​លើនេះ ​ក៏មាន​ការប្រែប្រួល​ល្អប្រសើរ​ជាងមុន​ផង​ដែរ។ ព្រោះ​មានការជួយ​ជ្រោម ជ្រែង​ផ្នែក​បច្ចេកទេស​នៃកា​រដាំដុះ ប្រមូល​ផល ​និង​ជួយ​ទំនុក​បម្រុង ​ពូជ​ស្រូវ​សុទ្ធល្អ​ ដល់​កសិករ​ ពិសេស ​បានជួយ​ទិញ​កសិផល​ពីកសិករ​ក្នុង​តម្លៃខ្ពស់​ជាង​ទីផ្សារ​ ១០-៣០ ​ភាគរយ​ថែម​ទៀត»។

លោក​បន្ថែមថា ​​ថ្មីៗ​នេះ ​ម្ចាស់​គម្រោង ​បាន​នាំយក​ពូជ​ស្រូវ​ផ្កា​រំដួល​ជាង​ ៦ តោន ​មកចែក​ជូន​កសិករ​ជិត ៤០០​ គ្រួសារ ​ដែល​បានចូលរួមក្នុង​គម្រោង​នេះដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ការដាំដុះ​សម្រាប់​ដើម​រដូវ​វស្សា​នេះ៕