សៀមរាបៈ ក្រុម​កសិករ​មកពី​ខេត្ត​ចំនួន​ ២០ ​បាន​ជួបជុំគ្នា​នៅ​ទីរួមស្រុក​បន្ទាយស្រី​ខេត្ត​សៀមរាប ដើម្បី​ចូលរួម​ពិធីបុណ្យ​ពូជ​ដំណាំ​បុរាណ​ខ្មែរ​ជា​លើកដំបូង ដើម្បី​ជំរុញ​ឱ្យ​មាន​កសិករ ឬ​ក្រុមហ៊ុន​ផ្សេងៗ​គិតគូរ​ក្នុង​ការដាំដុះ​ដំណាំ​ពូជខ្មែរ​ឱ្យបាន​ច្រើន​ឡើងវិញ​។ កម្មវិធី​បុណ្យ​នេះ​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​គឺ​ពី​ថ្ងៃទី​ ២៧ ដល់​ថ្ងៃទី​ ២៨ ខែ​មករា ដែល​មាន​ការចូលរួម​ពី​កសិករ​ជាង​ ១ ​ពាន់​នាក់​។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​ ២០ ​មករា​បាន​បញ្ជាក់​ថា ពិធីបុណ្យ​ពូជ​ដំណាំ​បុរាណ​ខ្មែរ​នេះ គឺ​ដើម្បី​តាំង​ពិព័រណ៍ និង​ចែករំលែក​គ្រាប់ពូជ​ដំណាំ​បុរាណ​ខ្មែរ​រយ​មុខ ផលិតផល​កសិករ ការចែករំលែក​អំពី​បទពិសោធ និង​ចំណេះ​ដឹង​កសិកម្ម​តាម​បែប​ធម្មជាតិ កម្មវិធី​សំណួរចម្លើយ​យក​រង្វាន់​រួម​ទាំង​ការសម្ដែង​សិល្បៈ តន្ត្រី​សហគមន៍ និង​​ធម៌ទេសនា​អំពី​កសិកម្ម​ធម្មជាតិ​។

សេចក្ដី​ប្រកាស​នេះ​បាន​សរសេរ​ថា​៖ «​ពិធីបុណ្យ​ពូជ​ដំណាំ​បុរាណ​នេះ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​សិក្សា និង​ចែករំលែក​អំពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​។ ២- ​ធ្វើការ​រំឭក ស្ដារ​ឡើង​វិញ លើកកម្ពស់ និង​ថែរក្សា​ពូជ​ដំណាំ​បុរាណ ឧបករណ៍​កសិកម្ម​បុរាណ​ និង​ចំណេះដឹង​កសិកម្ម​ប្រពៃណី​ខ្មែរ​។ ៣- ​ជំរុញ​ឱ្យ​មាន​មជ្ឈមណ្ឌល​​អភិរក្ស​ពូជ​ដំណាំ​បុរាណ​ខ្មែរ​»​។

លោក ហេង សុជាតិ ជំនាញ​បច្ចេកទេស​បណ្ដាញ​ពហុ​វិស័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ពិធីបុណ្យ​នេះ​គឺ​ផ្ដួចផ្ដើម​រៀបចំ​ដោយ​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​សៀមរាប​ដែល​សហការ​ជាមួយ​បណ្ដាញ​ពហុវិស័យ​ដែល​ជា​បណ្ដុំ​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស ដូចជា​សហគមន៍​នេសាទ សហគមន៍​កសិករ សហគមន៍​មាន​ទំនាស់​ដីធ្លី និង​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ជាដើម​។

លោក​បន្តថា អ្នកចូលរួម​ពិធីបុណ្យ​នេះ​មាន​ចំនួន​ជាង​ ១ ​ពាន់​ គឺ​មកពី​ខេត្ត​ក្រុង​ចំនួន​ ២០ លើកលែង​តែ​ខេត្ត​ចំនួន​ ៥ ដូចជា​មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ត្បូងឃ្មុំ ហើយ​ក្នុង​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៩ ​ទៀត​ដែរ​។

លោក​ពន្យល់ថា ការរៀបចំ​ពិធីបុណ្យ​ដែលមាន​ចំណងជើង​ថា​ «​ពូជ​បុរាណ​ខ្មែរ​ជា​កេរ​មរតក​ជាតិ​» ដោយសារ​បច្ចុប្បន្ន​ពូជស្រូវ​ ឬ​ពូជ​បន្លែ​ខ្មែរ​បុរាណ​មួយចំនួន​ត្រូវ​បាន​បាត់បង់​ជា​បន្តបន្ទាប់ ដោយសារ​តែ​មាន​ការកើនឡើង​នូវ​ការដាំដុះ​នូវ​ប្រភេទ​ពូជ​ដែល​ត្រូវបាន​បង្កាត់​ឡើង​ថ្មី​។

លោក​ថ្លែងថា​៖ «​ពូជ​បង្កាត់​ថ្មី ត្រូវការ​បច្ចេកទេស​ដាំ​ដុះ​ថ្មី ត្រូវដាក់​ជីគីមី​ច្រើន ការថែទាំ​ច្រើន ដោយ​ធ្វើឱ្យ​ការចំណាយ​លើ​ការដាំដុះ​ច្រើនជាង ព្រោះ​កសិករ​ត្រូវ​ការទិញ​ជី ត្រូវ​ការទិញ​ពូជ​ទាំង​ហ្នឹង​ជាដើម​។ ប៉ុន្តែ​ពូជខ្មែរ​បុរាណ​យើង វា​ត្រូវការ​ជីកំប៉ុស ជីធម្មជាតិ ហើយ​ពូជ​បង្កាត់​ថ្មី អត់​អាច​ប្រើ​ជីធម្មជាតិ​ទេ គឺ​ត្រូវ​ការទិញ​ជី​ពី​ក្រុមហ៊ុន ថែម​ទាំង​កសិផល​ថយ​ចុះ​ផង អ៊ីចឹង​!​ធ្វើឱ្យ​កសិករ​ខាតបង់​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​»​។

លោក​បន្ថែមថា​៖ «​ជា​ឫសគល់​ដើម្បី​ដោះស្រាយ​វិបត្តិ​ស្បៀង និង​វិបត្តិ​បំណុល​របស់​កសិករ គឺ​ទស្សនៈ​របស់​កសិករ​ទាំង​ហ្នឹង គឺ​ត្រូវតែ​រំឭក​ឱ្យមាន​ការប្រើប្រាស់​ពូជ​បុរាណ​ឡើងវិញ ដើម្បីឱ្យ​មានការ​ប្រើប្រាស់​ជី​ធម្មជាតិ ថ្នាំពុល​សម្លាប់​សត្វល្អិត​តាម​ធម្មជាតិ​វិញ ប្រសើរ​ជាង​ការចំណាយ​ច្រើន​ទៅលើ​ជីគីមី ដែល​ធ្វើឱ្យ​ប៉ះពាល់​ច្រើន ដូចជា ជីវចម្រុះ រួមមាន​ក្ដាម ខ្យង ត្រី និង​ជន្លេន​ដែល​ប្រយោជន៍​ធ្វើឱ្យ​ដី​មាន​ជីជាតិ ត្រូវ​បាត់បង់ ហើយ​ទឹក​ក៏​អាច​ពុល​បានដែរ រួមទាំង​ជំងឺ​ជាច្រើន​ដែល​កំពុង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​របស់​កសិករ​»​។

លោក ហេង សុជាតិ បញ្ជាក់ថា ពុំទាន់​មាន​ការសិក្សា​ថា​បច្ចុប្បន្ន​មាន​ពូជ​បុរាណ​ចំនួន​ប៉ុន្មាន​ប្រភេទ ដែល​ត្រូវ​បាត់បង់​នៅឡើយ​ទេ ប៉ុន្តែ​លោក​បាន​អះអាងថា ពូជ​បុរាណ​ទាំងនោះ​គឺ​មាន​ទាំង​ពូជស្រូវ និង​ពូជ​បន្លែ​មួយចំនួន​។ លោក​ថា ការរៀបចំ​ពិធីបុណ្យ​ដំបូង​នេះ​អាច​ចាត់ទុកថា គឺជា​ប្រវត្តិសាស្ដ្រ​មួយ ដោយសារ​កន្លងមក​ពុំ​ដែល​មាន​អង្គការ​ណាមួយ​ដែល​មាន​ទឹកចិត្ត​ចង់​សើរើ​ហើយ​លើក​ទឹកចិត្ត​ឱ្យ​កសិករ ងាក​ទៅ​ដាំដុះ​ប្រភេទ​ពូជ​បុរាណ​នេះ​ឡើងវិញ​នៅឡើយ​ទេ​។

អ្នកស្រី ខៀវ ឃឿម កសិករ​មកពី​ខេត្តកំពង់ធំ​បាន​លើកឡើង​ថា​៖ «​ដោយសារ​តែ​ការចំណាយ​លើ​ការធ្វើ​ស្រែចម្ការ​មាន​ការកើនឡើង​ទៅលើ​ការទិញ​ពូជ ជី ថ្នាំពុល ការភ្ជួររាស់ ច្រូតកាត់ និង​ការទិញ​ទឹក​បូម​ដាក់​ស្រែ ហើយ​តម្លៃ​ស្រូវ​របស់​កសិករ​មាន​ការធ្លាក់ចុះ​បាន​ធ្វើឱ្យ​កសិករ​ជាច្រើន​ធ្លាក់​ក្នុង​បំណុល ព្រមទាំង​បាន​បង្ខំចិត្ត​ឈប់​ធ្វើស្រែ​ចម្ការ និង​បាន​ធ្វើ​ចំណាកស្រុក​ផងដែរ​។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប​បានបញ្ជាក់​ថា លោក​ពុំបាន​ដឹងថា​មាន​ការរៀបចំ​ពិធីបុណ្យ​ពូជ​បុរាណ​ខ្មែរ​នេះ​ទេ ដោយសារ​តែ​អ្នករៀបចំ​កម្មវិធី​មិន​បាន​ប្រាប់​លោក​ជាមុន​។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើកឡើង​ថា ការឱ្យ​តម្លៃ​ចំពោះ​ពូជ​បុរាណ​ជាជាង​ការឱ្យ​តម្លៃ​ពូជ​ទំនើប​ ឬ​ពូជ​បង្កាត់ គឺជា​ការខុស​មួយ​។

លោក​ថ្លែងបន្ត​ទៀតថា កន្លងមក​ក្រសួងកសិកម្ម​បាន​ដាក់​ឱ្យប្រើប្រាស់​ពូជស្រូវ​បង្កាត់​ជាង​ ១០ ​ប្រភេទ​ដែល​ពូជ​ទាំងនេះ គឺ​ជួយ​ឱ្យ​កសិករ​អាច​ដាំដុះ​បាន​ទិន្នផល​ខ្ពស់ជាង​មុន​។

លោក​ថ្លែង​បន្ថែមថា ពូជស្រូវ​ជាង​ ១០ ​នោះ​គឺ​មិន​ខុសពី​ពូជ​បុរាណ​ឡើយ ដោយសារ​ដំបូង​ឡើយ ពូជ​ទាំងនោះ​ដែល​ត្រូវ​បាន​កសិករ​យក​ដាំដុះ​យូរៗ​មក ក៏បាន​លាយឡំ​ពូជ​គ្នា ហើយ​ត្រូវ​ក្រសួង​យក​មក​បង្កាត់​ឱ្យក្លាយ​ទៅជា​ពូជ​សុទ្ធ​តែមួយ​ឡើងវិញ​។

លោក​បាន​ថ្លែងថា​៖ «​ពូជស្រូវ​ដែល​យើង​បន្សុទ្ធ​នៅក្នុង​ប្រទេស​ និង​បញ្ចេញ​ឱ្យប្រើប្រាស់​គឺមាន​ជាង​ ១០ ​ពូជ​គឺ​នៅតែ​ជា​ពូជ​បុរាណ​របស់​គាត់​ដដែល​ទេ គ្រាន់តែ​យើង​យក​មក​បន្សុទ្ធ​តើ​។ ពូជ​ទំនើប​គឺមាន​លក្ខណៈ​ខុសពី​ពូជ​ដែល​កសិករ​បាន​ធ្វើ​ខុស​ទី​ ១ ​គឺ​បានន័យថា ជា​ពូជ​ដែល​ត្រូវបាន​បន្សុទ្ធ​ដោយ​អត់​មាន​លាយ​ជាមួយ​ពូជ​ផ្សេង ហើយ​កាលណា​ពូជ​សុទ្ធ គឺ​ទទួលបាន​ទិន្នផល​ខ្ពស់​»​។

លោក វណ្ណហន បាន​ថ្លែង​បន្ថែមថា ពូជ​ទំនើប​ ឬ​ពូជ​បង្កាត់​គឺមាន​ចំនួន​ ៣ ​ប្រភេទ ទី​១ ​ពូជ​ដែល​បង្កាត់​ដោយ​ក្រសួងកសិកម្ម ទី​២ ​ពូជ​ដែល​បង្កាត់​ដោយ​វិទ្យាស្ថាន​ដំណាំ​ស្រូវ​អន្តរជាតិ គឺជា​ពូជ​ដែល​ត្រូវបាន​គេ​បន្សុទ្ធ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការដាក់​ជី ដែល​ការដាក់​ជី​កាន់តែច្រើន គឺ​ទិន្នផល​ទទួលបាន​កាន់តែ​ច្រើន និង​ខុសពី​ពូជ​ក្នុងស្រុក​ដែល​ការដាក់​ជី​កាន់តែ​ច្រើន តែ​ទិន្នផល​អាច​ធ្លាក់ចុះ​វិញ​។ លោក​បន្តថា ចំណែក​ពូជ​ទី​៣ គឺ​ពូជ​បង្កាត់ hybrid ដែលជា​ពូជ​អាច​ទទួល​ទិន្នផល​ខ្ពស់ជាង​ពូជ​ដទៃទៀត​ប្រហែល​ ២ ​ដង​៕