កំពង់ធំៈ កសិករ​ជិត​ ៤០០ ​គ្រួសារ​​ នៅ​សង្កាត់​អូរកន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បានស្នើ​អាជ្ញាធរ-ខេត្ត​កុំ​បន្ត​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​កំពង់ធំ អ៊ិនវេសមេន និង​ឌីវេឡុបមិន​គ្រុប​ឱ្យ​បូមទឹក​ពី​ស្ទឹងសែន​ ដើម្បី​ស្រោចស្រព​ស្រូវ​ប្រាំង​ពួកគាត់​ទៀត ក៏ប៉ុន្តែ​បាន​ស្នើឱ្យ​រក​ក្រុមហ៊ុន​ផ្សេង​ដែលមាន​សមត្ថភាព​បន្ត​អាណត្តិ​ថ្មី​នេះ​តាមរយៈ​ការបោះឆ្នោត​។

លោក​ ស៊ិន សំអាត តំណាងឱ្យ​កសិករ​ទាំងនោះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពីថ្ងៃ​ទី​ ១៧ កុម្ភៈ​ថា ក្រុមហ៊ុន​នេះ​មិន​បាន​រៀបចំ​ម៉ាស៊ីនបូមទឹក​ឱ្យបាន​មុន​កសិករ​​ផ្តើម​ធ្វើ​ស្រែប្រាំង​ទេ ជាហេតុ​ធ្វើឱ្យ​ខ្វះ​ទឹក​ស្រោចស្រព​។

លោក​ថា​៖ «​ស្រូវប្រាំង​ត្រូវការ​ទឹកជា​ចាំបាច់ ព្រោះ​មាន​ពេល​កំណត់​ថ្ងៃ និង​កំណត់​ខែ​របស់​វា ហើយ​នៅពេល​ខ្វះ​ទឹក​បាន​ធ្វើឱ្យ​កសិករ​ត្រូវ​ចំណាយលុយ​ច្រើន​។ ​ឧទាហរណ៍​ថា បាញ់​ទឹក​​អស់​ ១០ ​ម៉ឺន​រៀល ហើយ​បើ​​អត់​ទឹក គឺ​បាញ់​អស់​ ២០ ​ម៉ឺន​រៀល និង​ខូច​ស្រូវ​ទៀត​»​។

បើតាម​លោក ស៊ិន សំអាត ចំពោះ​ទឹក​វិញ​គឺ​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ​ហើយ​បានជា​ពលរដ្ឋ​មិន​ពេញចិត្ត​ហើយ​តវ៉ា ប៉ុន្តែ​គេ​ (​ក្រុមហ៊ុន​) ​ថា គេ​ធ្វើ​តែ​ ១០ ​ឆ្នាំ​ទៀត​ទេ​នឹង​ប្រគល់ឱ្យ​វិញ​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ឥឡូវ​គេ​អត់​មាន​ស្នើសុំ​ត្រឹម​សង្កាត់​ទេ​គឺ​គាត់​ធ្វើ​ពីលើ​មកក្រោម​វិញ គាត់​ដាក់​ ១ ​អាណត្តិ​ ១០ ​ឆ្នាំ ពីលើ​ទៀត អ៊ីចឹង​កសិករ​គាត់​អត់​ពេញចិត្ត​។ កសិករ​ឱ្យ​រៀបចំ​​អាណត្តិ​ត្រឹម​ ៥ ​ឆ្នាំ​បាន​ហើយ និង​អនុញ្ញាត​ឱ្យមាន​ឈរឈ្មោះ​ទៅហើយ​បើ​គាត់​ស្រឡាញ់​ពី​ណា​បោះឆ្នោតឱ្យ​ពី​ហ្នឹង​ទៅ​»​។

លោក ជីវ គីមអុន ចៅសង្កាត់​អូរកន្ធរ បានឱ្យដឹង​ដែរ​ថា បញ្ហា​នេះ​ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​ធ្វើ​អាជីវកម្ម​ជាមួយ​កសិករ​រយៈពេល​ ១០ ​ឆ្នាំ​ហើយ តែបើ​ចង់​បន្ត​ក្រុមហ៊ុន​ត្រូវសុំ​ពី​កសិករ​​ដែល​ប្រើ​ទឹក​ឱ្យបាន​មុន​ ១ ​ឆ្នាំ​។

លោក​បន្តថា ពេលនេះ​គ្រប់​ ១០ ​ឆ្នាំ​ហើយ តែ​ក្រុមហ៊ុន​មិនបាន​សុំ​ពី​កសិករ​ទេ តែ​បែរ​ជា​មាន​​ការអនុញ្ញាត​ឱ្យ​បន្ត​អាជីវកម្ម​​ធ្វើឱ្យ​ពលរដ្ឋ​រឹតតែ​មិន​ពេញចិត្ត​។

លោក​ថា​៖ «​កន្លងមក​ពលរដ្ឋ​តែងតែ​ថ្នាំងថ្នាក់​ជាមួយ​ក្រុមហ៊ុន​នេះ ដោយសារ​គាត់​ប្រើប្រាស់​ទឹក​មិន​គ្រប់គ្រាន់ ហើយ​មួយទៀត​ក៏មាន​បញ្ហា​ជាច្រើន​ផ្សេង​​មក​ដោះស្រាយ​នៅ​សង្កាត់ និង​នៅ​ក្រុង​ជាច្រើនលើក ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​សមស្រប​»​។

លោក​បានឱ្យដឹង​ដែរ​ថា ដីស្រែ​សម្រាប់ធ្វើ​ស្រូវប្រាំង​របស់​កសិករ​ដែល​ប្រើ​ទឹក​នេះ​គឺមាន​​ជិត ២ ០០០ ​ហិកតា​។

លោក​បន្តថា​៖ «​អ៊ីចឹង​ទេ​ពលរដ្ឋ​ស្នើសុំ​ក្នុង​អាណត្តិ​ថ្មី​នេះ​​គាត់​ឱ្យ​រក​ក្រុមហ៊ុន​ណា​ដែល​ល្អ ហើយ​និង​មាន​សមត្ថភាព​មកឈរ​ឈ្មោះ​បោះឆ្នោត ក្នុង​អាណត្តិ​ ៥ ​ឆ្នាំ ហើយ​ក្រុមហ៊ុន​ចាស់​ហ្នឹង​ក៏​អាច​ឈរឈ្មោះ​បានដែរ បើ​ពលរដ្ឋ​ពេញចិត្ត គាត់​អាច​បន្តទៀត​ទៅ ប៉ុន្តែ​​អា​ក្រោយនេះ​គាត់​ចេញ​អាជ្ញាប័ណ្ណ​បន្ត​ ១០ ​ឆ្នាំ​ទៀត គិតពី​ឆ្នាំ​ ២០២១ ​នេះ​ទៅ ដោយមាន​ការស៊ីញ៉េ​ពី​មន្ទីរ​ធនធានទឹក និង​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ​»​។

លោក​ សុខលូ អភិបាលខេត្ត​កំពង់ធំ​បានឱ្យដឹង​ពីថ្ងៃ​ទី​ ១៧ ​កុម្ភៈ​ថា ព័ត៌មាន​នេះ​លោក​បានទទួល​រួចហើយ ប៉ុន្តែ​តាមរយៈ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​រាយការណ៍​ថា ក្រុមហ៊ុន​នេះ​បាន​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ​បានល្អ និង​មិន​ធ្លាប់មាន​ទំនាស់ លោក​ក៏បាន​ឯកភាព​។

លោក​ថា​៖ «​មកទល់ពេលនេះ​ខ្ញុំ​មិនទាន់​បាន​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ទេ ប៉ុន្តែ​នៅ​​ពេលដែល​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត និង​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន​មួយ​នេះ ខ្ញុំ​នឹង​រៀបចំ​ក្រុមការងារ​មួយ​ចុះទៅ​ដោះស្រាយ​ជូន​»​។

លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ​បានឱ្យដឹង​ពី​ម្សិលមិញ​ថា ករណីនេះ​ក៏​មាន​កសិករ​​ជាច្រើន​បាន​ផ្តិតមេដៃ​គាំទ្រ​ឱ្យ​ក្រុមហ៊ុន​នេះ​បន្ត​អាជីវកម្ម​ដែរ​។ ខាង​ក្រុមហ៊ុន​ក៏មាន​សមិទ្ធផល​ល្អៗ​ដែរ​ចាប់ពី​ធ្វើ​អាជីវកម្ម​នៅ​ឆ្នាំ​ ២០១០ ​មក ដូចជា ជីក​ប្រឡាយ ដាក់​ម៉ាស៊ីនបូមទឹក និង​​ធ្វើ​អ្វី​ជាច្រើន​ទៀត ម្យ៉ាង​បើ​ដក​ក្រុមហ៊ុន​នេះ ហើយ​រក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស វារឹតតែ​ខាតពេល​ធ្វើឱ្យ​ស្រូវ​របស់​កសិករ​​ខូចខាត​កាន់តែច្រើន​។

លោក​ថា​៖ «​គ្រាន់តែ​ខ្វះ​ទឹក ហើយ​ដក​គេ​ចេញ គឺ​មិន​សម​ទេ​យើង​អាច​កែ​គ្នា​សិន ហើយ​ចុះ​​កិច្ចសន្យា​មួយ​ឱ្យ​ច្បាស់លាស់​​ ឬ​ដាក់​លក្ខន្តិកៈ បើ​មិន​គោរព​​តាម​ទេ យើង​ប្តឹងទៅ​តុលាការ ដកសិទ្ធិ​ធ្វើ​អាជីវកម្ម​»៕