បាត់ដំបងៈ ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបងជិត ២០០០ នាក់កាលពីម្សិលមិញបានផ្ទុះការតវ៉ាដោយនាំគ្នាដឹកស្រូវមកចាក់ចោលនៅលើផ្លូវជាតិលេខ ៥ បន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេខណៈមន្ត្រីរដ្ឋាភិបាលព្រមានអ្នកដែលយកបញ្ហាស្រូវធ្លាក់ថ្លៃបង្កភាពចលាចលថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ស្របពេលដែលរដ្ឋាភិបាលកំពុងបញ្ចេញថវិកា ២៧ លានដុល្លារដោះស្រាយបញ្ហានេះ។
កសិករម្នាក់ក្នុងចំណោមកសិកររាប់រយផ្សេងទៀតដែលបានចូលរួមតវ៉ាលោក សុខ ចាន់ធី អាយុ ៤៦ ឆ្នាំដែលមានស្រូវប្រមាណ ១៥ តោនប្រាប់ភ្នំពេញប៉ុស្តិ៍ថាការកើតមានបាតុកម្មនេះគឺដើម្បីបង្ហាញទៅរដ្ឋាភិបាលឱ្យបានដឹងថាស្រូវរបស់ពួកគាត់រាប់តោនត្រូវកប់ចោលមិនមានទីផ្សារឡើយ។
លោកបានគូសបញ្ជាក់ថា៖ «ផលិតផលស្រូវដែលបានប្រមូលហើយអត់មានទីផ្សារអ៊ីចឹងមានតែវិធីយកស្រូវចាក់លើថ្នល់ឱ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ដល់ប្រជាកសិករផងរកអ្នកទិញអត់មានគឺមានតែឈ្មួញមកមើលស្រូវតែគេអត់ទិញ ឬឱ្យតម្លៃថោកខ្លាំង ឈ្មួញមកចាក់ធ្លុះធ្លាយបាវអស់ហើយមិនឱ្យតម្លៃឈ្មួញមកទៀតមើលហើយទៅបាត់»។
លោកថាបើរដ្ឋាភិបាលមិនអើពើពីបញ្ហានេះនឹងប៉ះពាល់ដល់ប្រជាកសិករជាច្រើនដែលប្រកបរបរធ្វើស្រែ។
លោក ចាន់ធី បានបន្តថា៖ «ពលរដ្ឋនៅទីនេះ ៩៩ ភាគរយធ្វើស្រែតែម្តងហើយសង្ឃឹមលើស្រែតែមួយមុខហ្នឹងឆ្នាំនេះមានទឹកច្រើនពួកខ្ញុំត្រេកអរហើយសង្ឃឹមថាបានផលគួរឱ្យទទួលយកបានដល់ពេលប្រមូលផលវាអត់មានទីផ្សារអ៊ីចឹងពលរដ្ឋជំពាក់លុយគេច្រើនណាស់ ជំពាក់ធនាគារផង ថ្លៃជីបាញ់ថ្នាំ ជំពាក់លុយថ្លៃម៉ាស៊ីនច្រូត គ្រប់បែប គ្រប់យ៉ាង»។
បើតាមលោក ចាន់ធី ការតវ៉ានេះចាប់ផ្តើមសកម្មភាពនៅម៉ោង ៨ ព្រឹកដោយចាក់ស្រូវលើថ្នល់ជាតិលេខ ៥ ចំនួន ៣ បាវធំ និងកើបស្រូវវិញបន្ទាប់ពីមានការចរចាជាមួយមន្ត្រីថ្នាក់លើនឹងរកទីផ្សារឱ្យពួកគាត់។
លោកបានយល់ថាបញ្ហានេះដោយសារឈ្មួញឃុបឃិតគ្នាក្នុងការទម្លាក់តម្លៃស្រូវ។
នៅពេលតវ៉ាពលរដ្ឋបានលើកបដាថា៖ «សេចក្តីជូនដំណឹងដល់រដ្ឋាភិបាលសម្តេច ហ៊ុន សែន ជាទីគោរពសូមសម្តេចមេត្តាជួយដោះស្រាយជាបន្ទាន់ពីបញ្ហាស្រូវខ្មែរប្រជាជននៅខេត្តបាត់ដំបងធ្វើស្រូវបានច្រើនគ្មានអ្នកទិញឲ្យតម្លៃថោកជាទីបំផុតសូមឲ្យស្រូវបានថ្លៃ»។

ពលរដ្ឋម្នាក់ទៀតលោក សឿង សុដា អាយុ ៥១ ឆ្នាំដែលមានស្រូវប្រមាណ ៣០ តោនថ្លែងថាប្រជាពលរដ្ឋប្រមាណជា ២០០០ នាក់បានចេញតវ៉ាចាប់ពីភូមិសាលាត្រាវដល់ភូមិអូរទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងដែលមានចម្ងាយ ៣ គីឡូម៉ែត្រពីគ្នា។
លោកបានអះអាងដូចគ្នាទៅនឹងកសិករខាងលើដែរថាផលិតផលស្រូវបានច្រើនតែគ្មានទីផ្សារទៅវិញ។
លោកបញ្ជាក់ថា៖ «កាលពីឆ្នាំមុនសម្បូរឈ្មួញឲ្យតម្លៃស្រូវថ្លៃគួរសមគឺ ១ ម៉ឺន ១ ពាន់បាត (ជាង ៣០០ ដុល្លារ) ក្នុងមួយតោនតែនៅឆ្នាំនេះឈ្មួញឱ្យតែមធ្យម ៦ ពាន់បាត (ជាង ១៧០ ដុល្លារ) ក្នុងមួយតោនអ៊ីចឹងលក់ម៉េចកើតអត់រួចលុយដើមផងនិយាយរួមទម្លាក់តម្លៃខ្លាំងពេក»។
ទោះយ៉ាងនេះក្តីលោកបានបញ្ជាក់ថាការចាក់ស្រូវលើផ្លូវគឺដើម្បីឲ្យមន្ត្រីពាក់ព័ន្ធជួយគិតគូរដល់កសិករដែលអាស្រ័យលើការធ្វើស្រែហើយក៏បានប្រមូលស្រូវវិញដោយលោកក៏បារម្ភពីបញ្ហាកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរផងដែរ។ តែលោកសង្កត់ធ្ងន់ថាប្រជាពលរដ្ឋនឹងធ្វើបាតុកម្មជាថ្មីបើរដ្ឋាភិបាលធ្វើសកម្មភាពទិញស្រូវត្រឹមតែរយៈពេលខ្លីពោលគឺទិញបាន ៥ ថ្ងៃឈប់ទៅវិញ។
បន្ទាប់ពីមានការផ្ទុះការតវ៉ាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា «ព្រឹតិ្តការណ៍នេះបានស្តែងនូវរលកនៃប្រតិកម្មដែលមិនឆ្លើយតបនឹងអ្វីដែលជាចំណុចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងពាក់ព័ន្ធបានប្រកាសកាលពីថ្ងៃសុក្រដែលនឹងទម្លាក់លុយជួយទិញយកស្រូវពីកសិករផ្ទាល់»។
លោកបន្តថា៖ «អាស្រ័យហេតុដូច្នេះសូមមេត្តារក្សាភាពស្ងៀមស្ងាត់រង់ចាំដំណោះស្រាយនេះដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានសម្រេចរួចស្រេចហើយ។ ចំពោះជន ឬក្រុមទុច្ចរិតទាំងឡាយណាដែលយករបៀបវារៈតម្លៃស្រូវនេះជាមធ្យោបាយកៀរគរដើម្បីបង្កភាពចលាចលប្រឆាំងនឹងសណ្តាប់ធ្នាប់សង្គមនឹងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ រាជរដ្ឋាភិបាលនឹងចាត់វិធានការដ៏ម៉ឺងម៉ាត់ចំពោះភាពញុះញង់នេះ»។
បើតាមលោក ផៃ ស៊ីផាន នៅថ្ងៃចន្ទនេះរាជរដ្ឋាភិបាលនឹងដោះស្រាយតាមវិធានការរដ្ឋបាលដោយទម្លាក់ថវិកាជាតិជូនចំពោះភា្នក់ងារពាក់ព័ន្ធក្នុងកិច្ចដោះស្រាយបញ្ហាតម្លៃស្រូវនេះ។
មេឃុំកំពង់ព្រៀងលោក សុំ នេត បានថ្លែងថាប្រជាពលរដ្ឋមិនមកធ្វើបាតុកម្មអ្វីទេគ្រាន់មកសំណូមពរឱ្យមន្ត្រីពាក់ព័ន្ធទិញស្រូវ ឬរកឈ្មួញឱ្យទិញស្រូវពួកគាត់ក្នុងតម្លៃសមរម្យ។
លោកបានបញ្ជាក់ផងដែរថាក្រោយពីមានការចរចាជាមួយប្រជាពលរដ្ឋសមាគមស្រូវអង្ករ និងអភិបាលរួចមកគឺមានឈ្មួញចុះទិញស្រូវបានជាង ១០០ តោនហើយ។ លោកថា៖ «នៅពេលរដ្ឋាភិបាលប្រកាសឱ្យទិញស្រូវយើងធ្វើអត់ទាន់ អ៊ីចឹងនៅពេលរដូវច្រូតមានឈ្មួញកណ្តាលដើរទិញក្រឡុកតម្លៃគឺគាត់ឱ្យតម្លៃថោក ជួនកាលឱ្យ ១ តោន ៧០ ឬក្រោម ៧០ ម៉ឺនអ៊ីចឹងសំណូមពរពលរដ្ឋគាត់ចង់បានតម្លៃដែលរដ្ឋាភិបាលប្រកាស (ពោលគឺ ១ តោន ៨៤ ម៉ឺនស្រូវសែនក្រអូបលេខ ១ និងលេខ ២ តម្លៃ ៨០ ម៉ឺនរៀល»។
នាយកប្រតិបត្តិក្រុមហ៊ុនអង្ករកសិករខ្មែរចែកចាយក្នុងស្រុកលោក ឃឹម ប៊ុនឡែន បានមើលឃើញពីមូលហេតុចម្បងដែលធ្វើឱ្យកសិករផ្ទុះការតវ៉ាថានេះដោយសារមានការហូរចូលអង្ករពីប្រទេសវៀតណាមយ៉ាងគំហុកលោកថា៖ «វៀតណាមផលិតថ្លៃដើមទាបជាងយើងច្រើនអ៊ីចឹងហើយតម្លៃអង្ករគេថោកជាងធ្វើឱ្យឈ្មួញផ្សេងៗទិញអង្ករវៀតណាមយកមកចែកចាយក្នុងស្រុកឧទាហរណ៍ម្ចាស់រោងម៉ាស៊ីនមិនហ៊ានទិញស្រូវទុកដូចលើកមុន»។
យ៉ាងនេះក្តីលោកអំពាវនាវឱ្យប្រជាពលរដ្ឋងាកមកជួយទិញអង្ករខ្មែរដើម្បីជួយកសិករ និងលើកតម្កើងផលិតផលរបស់ខ្លួនខណៈលោកមើលឃើញថាអង្ករដែលនាំចូលពីវៀតណាមមិនសូវមានគុណភាពបង្កឱ្យប៉ះពាល់ដល់សុខភាព។
លោកសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលត្រូវទប់ស្កាត់អង្ករពីវៀតណាមព្រោះប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋហើយត្រូវមើលគុណភាពអង្ករដែលនាំចូលថាមានសុវត្ថិភាពដល់ពលរដ្ឋអត់ព្រោះពលរដ្ឋឃើញអង្ករណាថោកគាត់ទិញអង្ករនោះបើតាមខ្ញុំដឹងឯកសារពីធនាគារពិភពលោកអង្ករវៀតណាមគឺប្រើប្រាស់ជីលើសខ្មែរដល់ទៅ ១៨ ដងពោលគឺខ្មែរប្រើ ១ គីឡូ វៀតណាមប្រើជី ១៨ គីឡូ»។ «សូម្បីតែខ្ញុំលក់អង្ករខ្មែរក៏អត់សូវបានប្រាក់ចំណេញច្រើនដែរពេលខ្លះមិនចំណេញទៀតដោយសារមានការហូរចូលអង្ករពីគេខ្លាំងពេក អ៊ីចឹងបើរដ្ឋាភិបាលទប់ស្កាត់បានរឿងនេះនោះនឹងដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបានមួយផ្នែកធំ»។
លោកបានស្នើដល់រដ្ឋាភិបាលឲ្យជួយរកទីផ្សារដល់ក្រុមហ៊ុនឯកជនក្នុងស្រុកក្នុងការចរាចរអង្ករទៅក្រៅប្រទេសហើយ «បើសិនជាអាចរដ្ឋាភិបាលគួរត្រួសត្រាយផ្លូវជួយរកទីផ្សារឱ្យវិស័យឯកជនព្រោះឯកជនទៅតែឯងក៏មិនកើតដែរទាល់តែឪពុកម្តាយហ្នឹងហើយពីព្រោះប្រទេសគេមានទីផ្សារខ្លាំងជាងយើង»៕