តាកែវៈ ពលរដ្ឋ​រស់នៅ​ឃុំ​សូភី ស្រុក​បាទី ខេត្ត​តាកែវ ប្រមាណ​ជាង​ ១០០ ​នាក់​ រួមគ្នា​ផ្ដិតមេដៃ​ស្នើឲ្យ​អាជ្ញាធរ​មាន​វិធានការ​ទៅលើ​រោង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ ១ ​កន្លែង​នៅក្បែរ​ភូមិ​របស់​ពួកគាត់ ដែល​បង្ក​ក្លិនស្អុយ​សាយភាយ​ប៉ះពាល់​ដល់​អ្នកភូមិ​រស់នៅ​តំបន់​នោះ​។ ជា​ការឆ្លើយតប មន្ត្រី​អះអាង​ថា នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស៊ើបអង្កេត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​។

តាម​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ឫស្សី ភូមិ​សំរោង និង​ភូមិ​ត្រាំខ្នារ ក្នុង​ឃុំ​សូភី ស្រុក​បាទី ខេត្ត​តាកែវ​ដែល​មាន​ស្នាម​ផ្ដិតមេដៃ​ចំនួន​ ១០០ ​នាក់​ ចុះថ្ងៃ​ទី​ ២៣ ខែសីហា ដែល​ភ្នំពេញប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​គឺ​ពលរដ្ឋ​ទាំងនោះ​ដាក់​សំណើសុំ​ប្ដឹង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ស្ថិត​នៅ​ក្បែរ​ភូមិ​ត្រពាំងឫស្សី ឃុំ​សូភី ស្រុក​បាទី ខេត្ត​តាកែវ​។

ពាក្យបណ្ដឹង​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ធ្លាប់​បាន​ប្ដឹង​ម្ចាស់​រោង​ចិញ្ចឹម​ជ្រូក​នេះ​ម្ដង​រួច​មក​ហើយ​ទៅ​លោក​អភិបាល ស្រុក​បាទី និង​មាន​ការចុះ​មក​ដោះស្រាយ​បញ្ហា​ក្លិនស្អុយ ក្លិនឆ្អេះ ដែល​សាយភាយ​ចេញ​ពី​កសិដ្ឋាន​មក​ដល់​ភូមិលំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ម្ដង​រួចហើយ ប៉ុន្ដែ​គ្មាន​ផល​ជា​វិជ្ជមាន​ទេ​»​។

ពាក្យបណ្តឹង​បន្ត​ថា​៖ «​បច្ចុប្បន្ន​ក្លិនស្អុយ​នេះ​បាននិង​កំពុង​ជះឥទ្ធិពល​ខ្លាំង​មកលើ​អ្នកភូមិ ជាពិសេស​ក្លិនស្អុយ​នេះ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ តែ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​អើពើ​ដោះស្រាយ​បញ្ហា​នេះ​ទេ​។ ដូច្នេះ​សូម​លោក​អភិបាលស្រុក​បាទី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បន្ទាន់​»​។

ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​សូភី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពី​ម្សិលមិញ​ថ្លែងថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​បង្ក​ក្លិនស្អុយ​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ប៉ុន្ដែ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​សមត្ថភាព​ដោះស្រាយ​បំបាត់​ក្លិន​នេះ​ទេ ដោយ​លើក​ហេតុផល​រុញ​ទៅ​ថ្នាក់លើ​។ លោក​មិន​បាន​ដឹងថា មន្ត្រី​ថ្នាក់ស្រុក​បាទី ឬ​ខេត្តតាកែវ​បានដឹង​ពី​បញ្ហា​នេះដែរ ឬ​អត់​ទេ ទើបបាន​ជា​គ្មាន​ដំណោះស្រាយ​រហូតមក​ដល់​ពេល​នេះ​។

លោក​ប្រាប់ថា​៖ «​ពួកខ្ញុំ​មិន​ទាមទារ​ឲ្យ​មាន​ការរុះរើ​រោង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ហ្នឹង​ចេញ​ទេ​ ប៉ុន្ដែ​ពួកខ្ញុំ​ចង់​ឲ្យ​ម្ចាស់​កសិដ្ឋាន និង​អាជ្ញាធរ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ក្លិនស្អុយ​សាយភាយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ហើយ​ធ្វើ​យ៉ាងណា ត្រូវតែ​រៀបចំ​ឲ្យ​មាន​ទីតាំង​ស្តុក​ទឹកស្អុយ ឬ​ទឹក​សំណល់​ចេញ​ពី​កសិដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ទឹកស្អុយ​ហ្នឹង​វា​ហូរ​ពាសវាល​ពាសកាល បង្ក​ឲ្យ​ខូច​ស្រូវ​អ្នកភូមិផង និង​បង្ក​ក្លិនស្អុយ​ផង​»​។

លោក​ ភួង ឡេង ស្មៀនឃុំ​សូភី​ពី​ម្សិលមិញ​ទទួល​ស្គាល់​ថា ពិតជា​មាន​ក្លិនស្អុយ​រំខាន​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​មែន​។ ប៉ុន្ដែ​ថា មិនមាន​ទឹកស្អុយ​ហូរ​ចេញពី​រោង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​ទេ ដោយ​ម្ចាស់​កសិដ្ឋាន​ធ្វើ​ប្រឡាយ​មួយ​ដើម្បី​បង្ហូរទឹក​ស្អុយ​នេះ​ចេញ​ពី​កសិដ្ឋាន​ដែល​មិន​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ពលរដ្ឋ​ទេ​។

លោក​ថា រោង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​មាន​ចម្ងាយ​ ៧០០ ​ម៉ែត្រ ​ពី​ភូមិ​ត្រពាំង​ឫស្សី​ដោយ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ធ្វើការ​អប់រំ​ណែនាំ​ និង​តម្រូវ​ឲ្យ​ធ្វើតាម​បច្ចេកទេស​ដែរ ហើយ​ម្ចាស់​កសិដ្ឋាន​ក៏បាន​អនុវត្តតាម​សេចក្ដី​ណែនាំ​នេះ​។ ប៉ុន្ដែ​នៅ​មាន​ចំណុច ខ្វះចន្លោះ​ខ្លះ​ដែល​ធ្វើឲ្យ​មាន​ក្លិនស្អុយ​ម្ដងម្កាល​ប៉ុណ្ណោះ​។ ដូច្នេះ​ប្រជាពលរដ្ឋ​គួរតែ​មាន​ការយោគយល់​ជាមួយ​ម្ចាស់​កសិដ្ឋាន​។

លោក​ ភួង ឡេង បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​តាមដាន​ក្លិនស្អុយ​ហ្នឹង​ដែរ គឺ​ក្នុង​ ១ ​ថ្ងៃ​ មាន​ក្លិនស្អុយ​តែ​ ១ ​ម៉ោង ឬ​ ២ ​ម៉ោង​ទេ ព្រោះ​មាន​ស្អុយ​នៅពេល​កម្មករ​ចាប់ផ្ដើម​លាង​ជ្រូក ឬ​បាញ់​ទឹក​ដាក់​ជ្រូក​ប៉ុណ្ណោះ​។ អ៊ីចឹង​ម៉ោង​ក្រៅពីនេះ​មិនមាន​ក្លិនស្អុយ​ទេ​។ នៅក្នុង​កសិដ្ឋាន​គេ​មាន​ឡ​ផ្ទុក​ឧស្ម័ន​លាមក​ជ្រូក​ដែរ ដើម្បី​កាត់បន្ថយ​ក្លិន​សាយភាយ​ចេញ​មក​ក្រៅ​ ប៉ុន្ដែ​ក៏​នៅមាន​ក្លិន​តិចតួច​ចៀស​មិន​ផុត​ទេ​»​។

លោក​ ភួន ឈឹម អភិបាលស្រុក​បាទី​ពី​ម្សិលមិញ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ករណីនេះ ដោយ​អះអាង​ថា​មិន​ចង់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ទេ​។ លោក​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ទៅ​ជួប​នៅ​សាលាស្រុក​បាទី​ផ្ទាល់​។

លោក​ ញិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​តាកែវ​ប្រាប់​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ឃុំ​សូភី​នៅឡើយ​ទេ​។ ប៉ុន្ដែ​ថា​លោក​នឹង​ចាត់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ចុះ​ទៅ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ករណីនេះ​។

លោក​ថា​៖ «​ប៉ុន្ដែ​ខ្ញុំ​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ខ្ញុំ​ចុះទៅ​ត្រួតពិនិត្យ​មើល​លើ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ ព្រោះ​យើង​មិនអាច​ធ្វើ​អាជីវកម្ម​បង្ក​ការរំខាន​ដល់​ការរស់នៅ​របស់​អ្នកភូមិ​បានទេ​។ មន្ត្រី​ខ្ញុំ​នឹង​ចុះទៅ​ឆាប់ៗ​នេះ​»​។

លោក​ អ៊ុំ ទូច និង​លោក​ ស៊ិន ពុំ ដែល​គេ​ស្គាល់​ថា ជា​អ្នកគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នោះ​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​បាន​ទេ​៕