តាកែវ: កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ និង​មាន់​ចំនួន​ ១០ ​ទីតាំង​ បាន​កំពុង​បំភាយ​ក្លិនស្អុយ និង​បង្ក​ជា​រុយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ឃុំ​លំពង់ ស្រុក​បាទី ខេត្ត​តាកែវ ដោយ​អាជ្ញាធរ​មូលដ្ឋាន​មិនមាន​វិធានការ​បន្ទាន់​ក្នុង​ការរក​ដំណោះស្រាយ​ដោយ​គ្រាន់តែ​អះអាង​ថា​ចុះទៅ​ស៊ើបអង្កេត​ជុំវិញ​ករណីនេះ​។

លោក ង៉ែត ណុប អាយុ ៤៤ ​ឆ្នាំ​ ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សេងទៀត​ដែល​​រស់នៅ​ឃុំ​លំពង់​បាន​ឲ្យ​ដឹងថា រោង​កសិដ្ឋាន​ប្រមាណ​ជាង ១០ កសិដ្ឋាន​ ដែល​ក្រុម​ឈ្មួញ​ប្រកប​អាជីវកម្ម​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្ដែ​កន្លងមក​មាន​ការប៉ះពាល់​តិចតួច​ទេ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​ស្រាប់តែ​មាន​ក្លិនស្អុយ​លាយឡំ​ជាមួយ​សត្វ​រុយ​ចេញ​ពី​កសិដ្ឋាន​ចិញ្ចឹម​មាន់ និង​ចិញ្ចឹម​ជ្រូក​ទាំងនោះ​។

លោក ណុប បាន​ឲ្យ​ដឹងថា ក្លិនស្អុយ​ទាំងនេះ​បាន​សាយភាយ​ចេញពី​កសិដ្ឋាន​ទាំង​ថ្ងៃ និង​ទាំងយប់ ដោយ​ពេល​ខ្លះ​ពិបាក​ដកដង្ហើម ហើយ​បង្ក​ទៅជា​ក្អក និង​ឈានដល់​មាន​ជំងឺ​ប្រចាំកាយ​ទៀតផង​។ ចំណែក​សត្វ​រុយ​ដែល​ចេញពី​កសិដ្ឋាន​ដែរ នៅពេល​ម៉ោង​ហូបបាយ គឺ​តែងតែ​មាន​រុយ​ច្រើន​ខុសពី​ធម្មតា​ដែល​នាំឲ្យ​ពិបាក​ក្នុង​ការហូបចុក​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ ប៉ុន្ដែ​គាត់​ចេះតែ​ឆ្លើយថា មិន​អី​ទេ មិន​អី​ទេ ប៉ុណ្ណឹង​មាន​ទៅ​ប៉ះពាល់​អី ចាំ​ប៉ះពាល់​ច្រើនជាង​នេះ ចាំ​គាត់​ទៅប្រាប់​ម្ចាស់​កសិដ្ឋាន​។ រីឯ​អ្នកភូមិ​ផ្សេងទៀត គាត់​អត់​ហ៊ាន​រាយការណ៍​អ្វី​ទេ គាត់​ខ្លាច​ម្ចាស់​កសិដ្ឋាន​ខឹង​គាត់ អ៊ីចឹង​គាត់​អត់​ហ៊ាន​និយាយ​ទេ គ្រាន់​តែ​ម្នាក់ៗ​រអ៊ូ​តែ​ពី​រឿងនេះ​»​។

លោក ហែម រ៉េត ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រស់នៅ​ឃុំ​លំពង់​នោះដែរ​បាន​ថ្លែង​ដោយ​ស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ​ចុះមក​អប់រំ ណែនាំ​ម្ចាស់​កសិដ្ឋាន​ទាំងនោះ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ក្លិនស្អុយ និង​រុយ ដើម្បី​កុំ​ឲ្យ​មាន​ការរំខាន​ដល់​ការរស់នៅ​របស់​អ្នកភូមិ​។

លោក រ៉េត ថ្លែងថា​៖ «​យើង​មិន​ទៅ​ហាមឃាត់​អ្វី​ដល់​អ្នករកស៊ី​ចិញ្ចឹម​មាន់ ទា ឬ​ជ្រូក​ទាំងអស់​នោះ​ទេ ប៉ុន្ដែ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​បង្ក​ផលប៉ះពាល់​ដល់​អ្នករស់នៅ​តំបន់​ជិត​នោះ​។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​វិធានការ​បន្ទាន់​មក ព្រោះ​ពេលនេះ​កំពុង​មាន​ក្លិនស្អុយ​ខ្លាំង​ផង មាន​ទាំង​សត្វ​រុយ​ច្រើន​ផងដែរ​»​។

លោក ឆេ សយ មេឃុំ​លំពង់​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ពិតជា​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់ និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មែន ប៉ុន្ដែ​មិនសូវ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពេក​ទេ គឺ​គ្រាន់​តែ​មាន​ក្លិន​បន្ដិចបន្ដួច​សាយភាយ​ចេញពី​កសិដ្ឋាន​ក្នុងអំឡុង​ពេលដែល​ម្ចាស់​កសិដ្ឋាន​ចាប់​មាន់ ឬ​ជ្រូក​លក់​ប៉ុណ្ណោះ​។

លោក​បន្តថា កន្លងមក​អាជ្ញាធរ​ធ្លាប់​ធ្វើការ​អប់រំ​ណែនាំ​ពី​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ក្លិន​មិនល្អ​ប៉ះពាល់​ដល់​អ្នកភូមិ​រស់នៅ​ក្បែរ​នោះ​។ ចំណែក​មន្ត្រី​ជំនាញ​ខេត្ត​ក៏​ធ្លាប់​មក​ណែនាំ​ច្រើន​លើក​ដែរ ប៉ុន្ដែ​ក្នុងអំឡុង​ពេលនេះ​ប្រហែល​ជា​ពួកគាត់​មាន​ការអនុវត្ត​ខ្វះចន្លោះ​បច្ចេកទេស​បន្ដិចបន្តួច​ទើប​បណ្ដាល​ឲ្យ​មាន​ក្លិន​មិនល្អ​បែបនេះ​។

លោក​បញ្ជាក់ថា​៖ «​ក្លិន​វា​មាន​តិចតួច​ដែរ ហើយ​សត្វ​រុយ កន្លែង​ណា​ក៏មាន​ដែរ វា​ជា​រឿង​ធម្មតា​ទេ ព្រោះ​យើង​បាន​អប់រំ​ណែនាំ​ម្ចាស់​កសិដ្ឋាន​ដែរ​។ ចំពោះ​កសិដ្ឋាន​នៅ​ឃុំ​លំពង់​សព្វថ្ងៃនេះ​គឺ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ចំនួន ៨ កសិដ្ឋាន ហើយ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន​ចំនួន ៧ ​កសិដ្ឋាន​ដែរ ប៉ុន្ដែ​កសិដ្ឋាន​ទាំងនោះ វា​នៅ​ឆ្ងាយៗ​ពី​ផ្ទះ​អ្នកភូមិ​ដែរ​»​។

ចំពោះ​ម្ចាស់​កសិដ្ឋាន​នៅក្នុង​ឃុំ​លំពង់ ស្រុក​បាទី​ពី​ម្សិលមិញ​មិនអាច​​ស្វែងរក​ប្រភព​ទាក់ទង​បានទេ​។

លោក ភួន ឈឹម អភិបាលស្រុក​បាទី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​នេះ​ពី​មូលដ្ឋាន​ឃុំ​លំពង់​ទេ ចំពោះ​ផលប៉ះពាល់​អាជ្ញាធរ​ធ្លាប់បាន​អប់រំ ណែនាំ​ម្ចាស់​កសិដ្ឋាន​ជាច្រើន​លើក​មកហើយ ប៉ុន្ដែ​ការអនុវត្ត​បាន​កម្រិត​ណា​នោះអាជ្ញាធរ​នៅ​បន្ត​តាមដាន​ថែមទៀត​។

លោក​បន្តថា ប្រសិន​មាន​ករណី​នេះ​ប្រជាពលរដ្ឋ​គួរតែ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ ដើម្បី​រក​វិធានការ​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​។

លោក​ថ្លែង​ថា​៖ «​យើង​គ្រោង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះទៅ​ស៊ើបអង្កេត​ជុំវិញ​ករណីនេះ​។ យើង​មិនអាច​បិទ​កសិដ្ឋាន​ទាំងអស់​បាន​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ស្បៀង​យើង ប៉ុន្ដែ​យើង​នឹងធ្វើ​ការកែតម្រូវ​រាល់កន្លែង​ណា ឬ​ចំណុច​ណា​ដែល​បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ​។ បន្ទាប់​មក​ទៀត​ដាក់​ឲ្យ​គាត់​អនុវត្ត​ដើម្បី​កុំ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យើង​ទៀត ហើយ​​ប្រសិន​គាត់​ធ្វើ​មិន​បាន យើង​ព្រមាន​គាត់ និង​ផាកពិន័យ​តាមច្បាប់​»​។

លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ​បាន​អះអាង​ថា​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះទៅ​ដល់​ទីតាំង​នោះ​ផ្ទាល់ ដើម្បី​ស៊ើបអង្កេត និង​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​ទាំងនោះ​។ លោក​បន្តថា មន្ត្រី​ជំនាញ​បាន​ណែនាំ​ឲ្យ​ម្ចាស់​កសិដ្ឋាន​អនុវត្ត​វិធានការ​មួយចំនួន ដូចជា​វិធានការ​ងាយៗ​គឺ​គេ​គ្រាន់តែ​យក​អង្កាម​មក​រាយ​ដាក់​នៅ​ខាងក្រោម​រោង​មាន់ ដើម្បី​ឲ្យ​វា​ស្រូប​យក​ជាតិ​សំណើម​ពី​​លាមក​មាន់​ដើម្បី​បន្ថយ​ក្លិន​៕