ភ្នំពេញៈ កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំនេះ​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរស​ជន​នានា​ជាង ២០ លាន​ដុល្លារ ដែល​កើន​លើស​ឆ្នាំ​មុន​ជាង ២ លាន​ដុល្លារ ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទ​ក្រហម​កម្ពុជា​នេះ​ថា ផ្តើម​ចេញ​ពី​ការ​ស្រឡាញ់។

ថ្ងៃទី ៨ ខែ ឧសភា ម្សិលមិញ គឺជា​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម​កម្ពុជា អឌ្ឍចន្ទក្រហម ហើយ​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី១៥៦ ដែល​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា។

ស្រប​ជាមួយនឹង​ការ​រំឭកខួប​នេះ​ក៏មាន​សប្បុរសជន​យ៉ាងច្រើន​កុះករ​បានរួម​គ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​របស់ពួកគេ​ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ ដែល​កាក​បាទ​ក្រហម​កម្ពុជា តែង​តែ​បាន​ធ្វើជា​រៀងរាល់​ឆ្នាំ។

ក្រោយ​ចប់​ពិធី​ប្រកាស​ទទួល​ថវិកា​ពី​សប្បុរសជន កាកបាទ​ក្រហម​កម្ពុជា បាន​ប្រកាស​ថា ថវិកា​ដែល​ខ្លួន​ទទួល​បាន​ក្នុង​ឆ្នាំ​នេះ គឺមាន​ចំនួន​សរុប ២០,៧៥៧,៥១០ ដុល្លារ​អាមេរិក (២០ ​លាន ៧ ​សែន ៥​ ម៉ឺន ៧​ ពាន់ ៥១០​ ដុល្លារ​) ដើម្បី​ទ្រទ្រង់​សកម្ម​ភាព​មនុស្ស​ធម៌​ នៅ ខណៈ​ក្នុង​ឆ្នាំ ២០១៨ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី១៥៥ ស្ថាប័ន​នេះ​ទទួល​បាន​ថវិកា​សប្បុរ​សធម៌​ចំនួន ១៨,០២៨,​៦៦៨ ដុល្លារ (ដប់​ប្រាំបី​លាន ​ពីរម៉ឺន​ ប្រាំបី​ពាន់ ប្រាំមួយ​រយ ហុក​សិប​ប្រាំបី​ដុល្លារ)។

តាម​ការផ្ស​ព្វផ្សាយ​នៅលើ​បណ្តាញ​គេហទំព័រ​របស់​នាយ​ក​​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ម្សិល​មិ​ញ ​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកាមាន​តាំងពី​ព្រះមហាក្ស​ត្រ ព្រះមហា​ក្សត្រី មន្ត្រី​ជាន់​ខ្ព​ស់​​រាជរដ្ឋា​ភិបាល​ អ្នក​ជំនួញ​ជា​ម្ចាស់​ក្រុមហ៊ុន​នានា រួមទាំង​សិល្បករ សិល្ប​ការិនី រហូត​ដល់​ពលរដ្ឋ​ធម្មតា​រាប់ពាន់​នាក់។ ​

ក្នុង​នោះ ព្រះ​មហាក្សត្រ​ព្រះបា​ទ​​សម្តេច​ព្រះ នរោត្តម សីហមុនី និង​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ សម្តេច​ព្រះ​មុនិ​នាថបាន​ព្រះរា​ជ​ទាន​ថវិកា​សរុប ៤ ម៉ឺន​ដុល្លារ ស្រប​ពេល​ដែលលោក ហេង សំរិន ​ប្រធាន​រដ្ឋសភា បាន​ចូល​ថវិកា​ប្រមាណ ២០ លាន​រៀល រីឯ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញចូល​រួម​​​បរិច្ចាគប្រមាណ ៨ ម៉ឺន​ដុល្លារ ហើយ​ក៏មាន​រដ្ឋមន្ត្រី​នៃ​ក្រសួង​មួយចំនួនបាន​បរិច្ចាគ​ថវិកា​ចន្លោះ​ពី ១ ម៉ឺន​ទៅ ២ ម៉ឺន​ដុល្លារ​ផងដែរ។

បើទោះជា​យ៉ាងណា ក្នុងការបរិច្ចាគ​​ថវិកាចូល​កាក​បាទ​ក្រហម​ក្នុងឆ្នាំនេះលោក​ឧក​ញ៉ា​ ហុង ពី​វ ដែល​ស្គាល់​ថា​ ជា​ម្ចា​ស់​បុរី​ពិភព​ថ្មី បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដល់ ១,២៩៩,៩៩៩ ដុល្លារ​ ដែល​ការបរិច្ចាគ​​នេះ នៅតែ​បន្ត​ឈរ​លំដាប់​លេខ ១ ដដែល ខណៈ​គេ​មើលឃើញថា លោក ទ្រី ភាព ដែល​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​​ល្បី ឈ្មោះ​ម្នាក់​​នៅ​កម្ពុជា​ផងដែរ​នោះ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ប្រមាណ ៣០​ ម៉ឺនដុល្លារ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ប្រសិនបើ​គ្មាន​ការស្រ​ឡាញ់​នោះទេ ក៏​នឹង​គ្មាន​ការជួយ​ឧប​ត្ថម្ភ​គាំទ្រ​ ដល់​កាក​បាទ​ក្រហម​កម្ពុជា​នោះ​ឡើយ​ហើយ​​​ការ​ចូលរួម​ជាថ​វិកានេះក៏​តែង​តែ​កើន​ឡើង​ពី ១ ​ឆ្នាំ​ទៅ ១ ឆ្នាំ។

លោក​សង្កត់ធ្ងន់ថា៖ «ឆ្នាំ​​​នេះ​​ប្រធានបទ ខ្ញុំ​ស្រឡាញ់​កាកបាទ​ក្រហម​កម្ពុជា ហើយ​ខ្ញុំ​ចាត់​ទុកថា ប្រធានបទ​មួយ​នេះ ​ចាត់ទុកថា​ ជា​ប្រធានបទ​ជា​អចិន្រៃ្តយ៍​ សម្រាប់​កាក​បាទ​​ក្រហម​កម្ពុជា​របស់​យើង ព្រោះថា​ ប្រសិន បើ​គ្មាន​ការ​ស្រឡាញ់​នោះទេ ប្រហែល​ជា​យើង​មិន​មានឱកាស​ជួបជុំគ្នា​ប្រចាំឆ្នាំ ​និង​ប្រជាពលរដ្ឋ​របស់​យើង​ក៏​មិន​បាន​ទទួលបាន​ប្រយោជន៍​ណាមួយ​នោះ​ដែរ»។

លោក​ក៏ថ្លែង​ដែរ​ថា ជាមួយ​នឹង​ការបរិចា្ចគ​ថវិកា​ពី​គ្រប់ទិសទី​នេះ បាន​នាំ​ឲ្យ​កាកបាទ​ក្រហមកម្ពុជា អាច​ចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ជន​រងគ្រោះ​ជិត ១៤ ម៉ឺន​គ្រួសារ ដែល​លោក​អះអាងថា ការជួយ​សង្គ្រោះ​នេះ​មិនមែនគ្រាន់​តែ​ឆ្នាំ ២០១៨ និង​ពីនេះ​តទៅ​ទេ ក៏ប៉ុន្តែ​កាកបាទក្រហមបាន​ចាប់​ផ្តើម​នូវ​សកម្មភាព​សង្គ្រោះ​នេះ​ឡើងវិញ តាំងពី​ក្រោយ​ថ្ងៃ​ ៧ មករា ឆ្នាំ ១៩៧៩។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បានលើកឡើង​ពី​ម្សិលមិញ​ថា ការកើនឡើង​នូវជំនួយ​បន្ថែម​របស់​កាកបាទ​ក្រហម គឺជា​សំណាង​មួយ​បន្ថែ​ម​ទៀត សម្រាប់​ក្រុម​គោលដៅ ជាពិសេស​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ជុំវិញ​បញ្ហា​នានា ដូចជា​គ្រោះធម្មជាតិ និង​បញ្ហា​សង្គម​ជាដើម។ តែ​លោក​មិន​អាច​វាយតម្លៃ បាន​នោះទេ ចំពោះ​សកម្មភាព​របស់​កាក​បាទ​ក្រហម​ដែល​បាន​ធ្វើ​កន្លង​មក។

លោក​បញ្ជាក់ថា៖ «វា​ពិបាក​នឹង​មាន​ការវាស់វែង​ណាស់ ចំពោះ​ភាព​គ្រប់គ្រាន់ ដែល​កា​កបាទ​ក្រហម​បានធ្វើ​កន្ល​ង​មក​ព្រោះ​មិនអាច​ថា គ្រប់​គ្រាន់​​ល្អ ១០០% ដែរ។ ប៉ុន្តែ គេ​មើល​ទៅលើ​ជ្រុង​នៃ​ប្រសិទ្ធភាព​ស្រប​ទៅតាម​គោលការណ៍​ដែលមាន​អត់? នៅពេលដែល​យើង​មើល​ទៅលើ​ប្រសិទ្ធភាព យើង​អាច​យល់ថា ក្រុម​គោលដៅ​របស់​កាក​បាទ​ក្រហម​គួរ​តែ​មាន​ការ​សម្រួល​ឲ្យ​ស្រប​ទៅ​តាម​តម្រូវការ និង​ស្ថាន​ភាព​​នៃ​បញ្ហា​របស់​មនុស្ស ជា​ពិសេស​​ក្រុម​មនុស្ស​ដែល​ទទួល​ផល»។

តែ​យ៉ាង​ណាលោក ជ័យ យល់​ថា ការវាយតម្លៃ​ចំពោះ​ការកើន​ឡើង​តែមួយ​មុខ ជុំវិញ​ជំនួយ​មនុស្សធម៌​ដែល​កាក​បាទ​ក្រហម​បានទទួល​ក្នុង​ពេ​ល​នេះ មិនអាច​បញ្ជាក់ថា សកម្ម​-​ភាព​របស់​កាក​បាទ​ក្រហម បានធ្វើ​ជោគជ័យ​ទាំង​ស្រុង​នោះ​ទេ វា​គ្រាន់តែ​អាច​និយាយ​បានថា នេះ​ជា​មុខមាត់​របស់​​ស្ថាប័ន​​មនុស្សធម៌​នេះ តែ​គួរតែ​មាន​ការវាយតម្លៃ​ឯករាជ្យ​ណាមួយ​ជុំវិញ​សកម្ម​ភាព​របស់​ស្ថាប័ន​នេះ​ទើប​ជាការ​ប្រសើរ៕