ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

ការចុះ​អនុស្សរណៈ​នេះ​ធ្វើឡើង​តាម​វីដេអូ Conference កាលពី​ថ្ងៃ​ទី​ ១៩ ខែវិច្ឆិកា ក្រោម​អធិបតីភាព​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​លោក Khalifa Bin Jassim AL-Kuwari អគ្គនាយក​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​នៃ​ប្រទេស​កាតា​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​កាលពី​ថ្ងៃទី​ ២២ ​វិច្ឆិកា​ថា អនុស្សរណៈ​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​គាំទ្រ​ដល់​កុមារ​ដែល​នៅក្រៅ​សាលា ឬ​ងាយ​បោះបង់​ការសិក្សា និង​មិនអាច​បញ្ចប់​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា បាន​ឈានដល់​ការប្រតិបត្តិ​ដំណាក់កាល​ទី​២​។

លោក​ថា​៖ «​មូលនិធិ​នេះ​បានផ្ដល់​ជា​ថវិកា​ចំនួន ១៣ ៨២៣ ៣៨៣ ​ដុល្លារ​ សម្រាប់​រួមចំណែក​ក្នុង​ការពង្រឹង​វិស័យ​អប់រំ កម្រិត​បឋមសិក្សា ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​កុមារ​ងាយ​រងគ្រោះ​លើ​ការសិក្សា និង​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​»​។

លោក​បន្ថែមថា គោលបំណង​នៃ​គម្រោង​គឺ​បន្ត​ជួយ​កុមារ​ងាយ​បោះបង់​ការសិក្សា ចូលរួម​ធានា​ឱ្យបាន​នូវ​ការអប់រំ​ប្រកប​ដោយ​សមធម៌​គ្រប់​ជ្រុងជ្រោយ ហើយ​ចូលរួម​លើកកម្ពស់​ឱកាស​ការសិក្សា​រៀនសូត្រ​ពេញ​ ១ ​ជីវិត​សម្រាប់​មនុស្ស​គ្រប់រូប​។

លោក ណារ៉ុន បាន​អរគុណ​ចំពោះ​ប្រទេស​កាតា​ដែល​បានផ្តល់​មូលនិធិ​ចូលរួមចំណែក​ជួយ​កុមារ​កម្ពុជា​នៅ​កម្រិត​បឋមសិក្សា​នឹង​ជួយ​កុមារ​ងាយ​បោះបង់​ការសិក្សា​ដើម្បី​ធានា​ឱ្យបាន​នូវ​ការអប់រំ​ប្រកបដោយ​សមធម៌​គ្រប់​ជ្រុងជ្រោយ ហើយ​លើកកម្ពស់​ឱកាស​ការសិក្សា​រៀនសូត្រ​ពេញ​ ១ ​ជីវិត​ សម្រាប់​មនុស្ស​គ្រប់រូប​។ កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ជា​ការឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​អប់រំ និង​មូលនិធិ​កាតា​សម្រាប់​ការអភិវឌ្ឍ​នៃ​ប្រទេស​កាតា​។

យោងតាម​ជំរឿន​ស្ថិតិ និង​សូចនាករ​អប់រំ​ឆ្នាំ​សិក្សា ២០១៨-២០១៩ របស់​ក្រសួង​អប់រំ​បង្ហាញ​ថា សិស្ស​សរុប​នៅ​កម្រិត​បឋមសិក្សា​មាន​ចំនួន ២ ១៦៣ ១៤៣ ​នាក់ ​ក្នុងនោះ​មាន​សិស្សស្រី ៤៨ ​ភាគរយ​ស្មើនឹង​ ១ ០៣៩ ៩៣៦ ​នាក់​។ តាម​ទិន្នន័យ​ដដែល​សិស្ស​ជាង ៨២ ​ភាគរយ ​បាន​បញ្ចប់​ការសិក្សា និង ៤,៤ ​ភាគរយ​ បាន​បោះបង់​ការសិក្សា​។

ដោយឡែក​ដើម្បី​គាំទ្រ​ដល់​យុវជន​ដែល​បោះបង់​ការសិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រសួង​អប់រំ និង​អង្គការ​យូណេស្កូ​បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​មជ្ឈមណ្ឌល​សិក្សា​កម្មវិធី​សមមូល​អប់រំ​មូលដ្ឋាន​ថ្មី (BEEP) តាម​បណ្ដា​ខេត្ដ​គោលដៅ​ចំនួន​ ១៥​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២ វិច្ឆិកា របស់​ក្រសួង និង​អង្គការ​ទាំងនេះ មជ្ឈមណ្ឌល​សិក្សា BEEP ចំនួន ៣៥ នឹងត្រូវ​បង្កើតឡើង​ក្នុង​ខេត្ត​ចំនួន​ ១៥ ​ដើម្បី​គាំទ្រ​ដល់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​ទទួល​យក​នូវ​កំណើន​នៃ​ឱកាស​ការងារ​សមរម្យ និង​ផលិតភាព​ដោយ​ធានាបាន​ថា ពួកគេ​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារពលកម្ម និង​ត្រូវបាន​ត្រៀមខ្លួន​សម្រាប់​ការងារ​ដ៏មាន​គុណភាព​៕