The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កាបូន​តម្លៃ​ប្រមាណ​ជាង​ $១១ ​លាន ​ត្រូវ​បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក

កាបូន​តម្លៃ​ប្រមាណ​ជាង​ $១១ ​លាន ​ត្រូវ​បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក

Content image - Phnom Penh Post
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​សន្និសីទ​ពី​ថ្ងៃ​ចន្ទ​។ រូបថត ហ៊ាន រង្សី

កាបូន​តម្លៃ​ប្រមាណ​ជាង​ $១១ ​លាន ​ត្រូវ​បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក

ភ្នំពេញៈ រដ្ឋាភិបាល​បាន​លក់​កាបូន​រេដបូក​ (Carbon Redd+) ​ប្រមាណ​ជាង​ ១១ ​លាន​ដុល្លារ​ ដែល​បាន​ពី​តំបន់​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មួយចំនួន​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ដោយ​មន្ត្រី​អះអាង​ថា ថវិកា​ទាំងនេះ​នឹង​យក​ទៅ​ជួយ​អភិវឌ្ឍ​គម្រោង​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ជួយ​ប្រជាសហគមន៍​នៅក្នុង​តំបន់​ទាំងអស់​នោះ​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំ​ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា ថា​ថវិកា​ដែល​គ្រោង​នឹង​ប្រើប្រាស់​បន្ត​នៅ​ឆ្នាំ​ ២០២០ ​នេះ​គឺជា​ថវិកាជាតិ ថវិកា​ជំនួយ​របស់​ដៃគូ​អភិវឌ្ឍន៍​នានា និង​ថវិកា​មួយ​ចំនួន​បាន​ពី​ការលក់​កាបូន​នៅ​តាម​តំបន់​ដែនជម្រក​សត្វព្រៃ​មួយចំនួន​នៅក្នុង​ប្រទេស​ កម្ពុជា​។

លោក​បន្តថា​រហូត​មក​ដល់ពេល​នេះ​កម្ពុជា​បាន​លក់​កាបូន​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​កែវ​សីមា ភ្នំក្រវាញ ព្រៃឡង់ និង​តំបន់​តាតៃ បាន​ថវិកា​សរុប​ប្រមាណ​ជាង​ ១១ ​លាន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ​មក​ដល់​បច្ចុប្បន្ន​។ កាបូន​នេះ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​មួយ​ឈ្មោះ​ក្រុមហ៊ុន ឌីសនី​ (Disney) ​និង​ក្រុមហ៊ុន​បរទេស​ ២ ​ទៀត​។

កម្ពុជា​ក៏​នៅ​មាន​កាបូន​រាប់លាន​តោន​ទៀត ដែល​មិនទាន់​មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ចរចា​ទិញ​យក​ទៅ​ប្រើប្រាស់​។ ប៉ុន្តែ​មាន​ក្រុមហ៊ុន​បរទេស​មួយ​កំពុង​ចរចា​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ទិញ​កាបូន​នេះ​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​ថវិកា​ដែល​យើង​បាន​ពី​ការលក់​កាបូន​នៅតាម​តំបន់​មួយចំនួន​នេះ គឺ​យើង​បាន​បង្វែរ​យក​ទៅ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​វិញ តាមរយៈ​ការដាក់​ផែនការ និង​គម្រោង​អភិរក្ស ក៏ដូចជា​ជួយ​អភិវឌ្ឍ​ប្រជាសហគមន៍​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ ឬ​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​នេះ ដោយ​យើង​បាន​ដាក់​គម្រោង​ថា ថវិកា​ព្រៃឈើ ចិញ្ចឹម​ព្រៃឈើ​»​។

អ្នកនាំពាក្យ​រូបនេះ​បន្ថែម​ថា​រហូត​មក​ដល់​ពេលនេះ ក្រសួង​បរិស្ថាប​បាន​បង្កើត​សហគមន៍​អភិរក្ស​តំបន់​ធនធាន​ធម្មជាតិ​ប្រមាណ​ជាង​ ១៦៨ ​សហគមន៍​។ ក្រសួង​ជួយ​បង្កើត​មុខរបរ និង​ការងារ​ជូន​ពួកគាត់​តាមរយៈ​ការចិញ្ចឹម​សត្វ ធ្វើ​កសិកម្ម និង​ជំនាញ​នានា ដើម្បី​កុំឱ្យ​ពួកគាត់​នាំគ្នា​ចូល​ព្រៃ​បរបាញ់​សត្វព្រៃ និង​កាប់​ព្រៃឈើ​។

ក្នុង​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០២០ កាលពី​ថ្ងៃទី​ ៤-៥ វិច្ឆិកា ​នៅ​ក្រសួង​បរិស្ថាន​មាន​ការចូលរួម​ពី​លោក ​សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​វិស័យ​ឯកជន​ប្រមាណ​ជាង​ ៥០០ ​នាក់​។

លោក​ កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​និយាយ​ថា ព្រៃ​គ្រប់​ប្រភេទ​សុទ្ធតែ​មាន​កាបូន​ ប៉ុន្ដែ​សំខាន់​ការទាញ​យក​ប្រយោជន៍​ពី​វា​តាម​វិធី​ណាខ្លះ​។ ជាងនេះ​ទៀត​កម្ពុជា​ត្រូវការពារ អភិរក្ស​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ទាំង​នោះ​បាន​គង់វង្ស​ដោយ​របៀប​ណា​។

លោក​ថ្លែងថា​៖ «​មុនពេល​សម្រេច​រៀបចំ​គម្រោង​ទាញ​ផលប្រយោជន៍​ពី​ផល​អនុផល​ព្រៃឈើ​នេះ យើង​ត្រូវ​សិក្សា​ស្រាវជ្រាវ​ពី​មូលដ្ឋានគ្រឹះ​វា​ជាមុន​សិន គឺ​សិក្សា​ពី​ការបាត់បង់​គម្រប​ព្រៃឈើ​ប្រចាំឆ្នាំ​។ យើង​អាច​ការពារ​វា​បាន​កម្រិត​ណា​ថា តើ​តំបន់​ធនធាន​ធម្មជាតិ​មួយ​កន្លែង វា​មាន​កាបូន​កម្រិតណា ហើយ​វា​ងាយស្រួល​ទាញយក​កាបូន​ដែរ​ឬ​យ៉ាងណា​?»​។

ប្រធាន​អង្គការ​នេះ​បន្ត​ថា​៖ «​បន្ទាប់ពី​យើង​បាន​សិក្សា​រួចរាល់ យើង​ចាប់ផ្ដើម​រក​វិធានការ​ទប់ស្កាត់ ដើម្បី​ឲ្យ​គម្រប​ព្រៃឈើ​យើង​ស្ថិត​នៅ​ស្ថិរភាព ដែល​អាច​ផ្ដល់​កាបូន​បាន​ស្ថិតស្ថេរ​។ ជាពិសេស​ការអប់រំ​ប្រជាសហគមន៍​មូលដ្ឋាន និង​រក​វិធានការ​ជួយ​ពួកគាត់​ឱ្យមាន​មុខរបរ​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ​ក្រៅពី​ការកាប់​ឈើ ដើម្បី​កុំ​ឱ្យ​ពួកគាត់​ចូល​ទៅ​កាប់​រុករាន​ព្រៃ​តំបន់​ការពារ​នេះ​»​។

លោក​បន្ថែម​ថា បន្ទាប់​មក​ទៀត​ក្រុមហ៊ុន និង​ក្រសួង​ពាក់ព័ន្ធ​ចាប់ផ្ដើម​ចរចា​គ្នា​ពី​ការទិញ​លក់ និង​ធ្វើ​កិច្ចសន្យា​រយៈពេល​នៃ​ការវិនិយោគ ដើម្បី​ផ្ដល់​ទំនុកចិត្ត​លើ​គ្នា​ទៅវិញ​ទៅមក​។ លោក​គាំទ្រ​ឲ្យ​មាន​ការចរចា និង​លើកទឹកចិត្ត​ឲ្យ​មាន​ការលក់​ ឬ​ទិញ​កាបូន​ពី​កម្ពុជា ដើម្បី​លើកស្ទួយ​ការអភិរក្ស​តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​ផ្ដល់​ការងារ​ដល់​ប្រជាសហគមន៍​មូលដ្ឋាន​កាន់តែ​ច្រើន​ថែមទៀត​។ លោក​ជំរុញ​ឲ្យ​ក្រសួង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ការពារ​ព្រៃឈើ​បន្ថែម​ទៀត​ដើម្បី​រក្សា​ស្ថិរភាព​កាបូន ព្រោះ​បើ​បាត់បង់​ព្រៃឈើ កាបូន​ក៏​គ្មាន​ដែរ​។

ចំណែក​តំណាង​ក្រុមហ៊ុន ឌីសនី (Disney) របស់​សហរដ្ឋអាមេរិក​ពី​ម្សិលមិញ​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការទិញ​កាបូន​នេះ​បាន​នៅឡើយ​។

កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៦ ក្រសួងបរិស្ថាន​កម្ពុជា និង​ក្រុមហ៊ុន ឌីសនី (Disney) ​របស់​សហរដ្ឋអាមេរិក​សម្រេច​ចុះហត្ថលេខា​ទិញ​កាបូន​រេដបូក​ (Carbon Redd+) ​ដែល​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ចំនួន​ ២,៦ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ លើ​ផ្ទៃ​ព្រៃ​ចំនួន​ ១៦៥ ០០០ ហិកតា​៕

អត្ថបទគួរចាប់អារម្មណ៍